កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Brighton រិះគន់អាជ្ញាកណ្តាលអង់គ្លេស និង VAR
13, Nov 2023 , 4:02 pm        
រូបភាព
ក្របខណ្ឌ Premier League បច្ចុប្បន្នកំពុងតែត្រូវបានវាយលុកដោយបញ្ហាប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ដោយបង្កឱ្យក្លិបមួយចំនួនមិនសប្បាយចិត្តចំពោះលទ្ធផលនៃការប្រកួត។ Brighton & Hove Albion ត្រូវបានក្រុមបាតតារាង Sheffield United តាមស្មើ ១-១ ដែលធ្វើឱ្យលោក Roberto de Zerbi អ្នកចាត់ការ Brighton រិះគន់ខ្លាំងលើអាជ្ញាកណ្តាលកាត់ក្តីដែលមានសញ្ជាតិអង់គ្លេស និងប្រព័ន្ធ VAR។



Brighton បាននាំមុខ ១-០ តាំងតែនាទី៦ ដើមវគ្គទីមួយ ដោយជាការស៊ុតបាល់បញ្ចូលទីរបស់ កីឡាករ Simon Adingra។ ទោះយ៉ាងណាការប្រកួតមានការប៉ះទង្គិចគ្នាអំឡុងប្រជែងបាល់នៅក្នុងវគ្គទីពីរអំឡុងនាទី៦៨ បណ្តាលឱ្យកីឡាករ Madmoud Dahoud របស់ក្រុមម្ចាស់ផ្ទះ Brighton ទទួលបានកាត់ក្រហម ហើយបន្ទាប់មក ៥នាទីក្រោយ ក្រុម Sheffield បានវាយសម្រុកខ្លាំងរហូតស៊ុតបាល់សំដៅទីក៏បានទៅចំកីឡាករ Adam Webster របស់ Brighton ធ្វើឱ្យភ្លាតស្នៀតចូលទីខ្លួនឯង។
 
កាតក្រហមលើកីឡាករ Madmoud Dahoud ជារឿងមួយដែលលោក De Zerbi គិតថាមិនសមហេតុផល ហើយភ្លាមៗលោកក៏បានតវ៉ាជាមួយនឹងលោកអាជ្ញាកណ្តាលការប្រកួត​ John Brooks រហូតទទួលបានកាតលឿងខ្លួនឯងថែមទៀត ក្រោយត្រូវបានគេរកគ្រាប់តាមស្មើ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីថាលោកមិនចូលចិត្តអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសនោះទេ។
 
«ខ្ញុំស្មោះត្រង់ និងច្បាស់លាស់ ៨០ភាគរយហើយដែលខ្ញុំមិនចូលចិត្តអាជ្ញាកណ្តាលអង់គ្លេស។ វាមិនមែនជារឿងថ្មីទេ ខ្ញុំមិនចូលចិត្តពួកគេ អាកប្បកិរិយាដែលខ្ញុំបានធ្វើ គឺថាខ្ញុំមិនចូលចិត្តអ្វីដែលពួកគេកាត់សេចក្តីនៅលើទីលាន។ ប្រសិនបើខ្ញុំឃើញតាមច្បាប់ថ្មី ថាវាសក្កិសមនឹងកាតក្រហមច្បាស់ហើយ តែកីឡាករបានដឹងពីស្ថានភាពថានឹងមិនមែនជាកាតក្រហមនោះទេ សូម្បីតែ Dahoud បានដឹងពីអ្វីដែលគេបានធ្វើថាជាកំហុស។»។ លោក De Zerbi បាននិយាយបែបនេះ។
 
កន្លងមករឿងហេតុទាក់ទងប្រព័ន្ធ VAR ក៏ដូចជាអាជ្ញាកណ្តាលការប្រកួតបានបង្ករឿងរ៉ាវមិនសប្បាយចិត្តជាច្រើន ក្នុងរដូវកាល ២០២៣-២៤។ ការប្រកួតរវាង Liverpool ចាញ់ក្រោមថ្វីជើង Tottenham hotspur មានការកាត់សេចក្តីមិនច្បាស់លាស់ពីសំណាក់អាជ្ញាកណ្តាលរួមទាំង VAR។ គ្រាប់បាល់ ២គ្រាប់មិនត្រូវបានផ្តល់ឱ្យនៅពេលស៊ុតចូល។
 
ក្រុម Arsenal ដែលមានលោក Mikel Arteta អ្នកចាត់ការក៏បានរិះគន់អំឡុងក្រុមលោកចាញ់ការប្រកួតក្រោមថ្វីជើង Newcastle United ១-០។ កាលពីពេលថ្មីៗនេះទៀងសោត ការប្រកួត Spurs ចាញ់ក្រុម Chelsea ៤-១ ការប្រកួតគ្រាប់បាល់ ៥គ្រាប់ត្រូវបានបដិសេធដោយ VAR និងកាតក្រហមចំនួន ២ បានកើតមានលើកីឡាករ Spurs ហើយការប្រកួតនោះត្រូវបានគេរិះគន់ថាមានការរំខានខ្លាំងដោយប្រព័ន្ធ VAR៕

Tag:
 Roberto De Zerbi
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com