កីឡាជាតិ
ជាតិ
ទូច ចាន់វត្តី នៅតែរក្សាជ័យជម្នះលើកីឡាការិនីថៃ Nataly ក្នុងជំនួបសងសឹក
13, Nov 2023 , 4:29 pm        
រូបភាព
ការប្រកួតរវាង ទូច ចាន់វត្តី និង Nataly រូបពីវីឌីអូផ្សាយផ្ទាយ ទូរទស្សន៍ថោន
ការប្រកួតរវាង ទូច ចាន់វត្តី និង Nataly រូបពីវីឌីអូផ្សាយផ្ទាយ ទូរទស្សន៍ថោន
កីឡាការនីប្រដាល់គុនខ្មែរ ទូច ចាន់វត្តី ដែលអ្នកគាំទ្រ ដាក់រហស្សនាម កូនទន្សាយតូច នៅតែបន្តឈ្នះកីឡាការិនីថៃ Nataly Tor Pisnukchai ក្នុងជំនួបសងសឹក លើសង្វៀន Kun Khmer Grand Champion។



Nataly Tor Pisnukchai ប្រកួតសងសឹកមិនបានសម្រេច ក្រោយចាញ់ ទូច ចាន់វត្តី ដោយពិន្ទុ នៅសង្វៀន Kun Khmer Grand Champion ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី១២ ខែវិច្ឆិកា។ ជាមួយនិងការប្រកួត ៣ទឹក ដែល ១ទឹកមាន ៣នាទី ចាន់វត្តី បានវាយ កីឡាការិនីថៃរូបនេះ យ៉ាងដំណំ។ ដោយឡែក Nataly មិនសូវជាចេញក្បាច់វាយមកគូប្រកួតទេ ហើយព្យាយាមវាយកែងមួយៗ មករកផ្ទៃមុខ ទូច ចាន់វត្តី។
 
គេសង្គេតឃើញថា នៅទឹកទីមួយ វត្តី ដែលមានបទពិសោធន៍ប្រកួតត្រឹមតែ១៨លើក មិនទាន់វាយសម្រុកខ្លាំងទៅលើគូប្រកួតទេ ដោយគ្រាន់តែទាត់ បន្ដិចបន្ដួច ដើម្បីស្ទាប់ស្ទង់ដៃគូ។ ដូចគ្នានេះ Nataly ដែលមានបទពិសោធន៍រហូតទៅដល់ ៤១ប្រកួត ក៏មិនទាន់វាយសម្រុកខ្លាំងដែរ។ ចូលដល់ទឹកទី២ និងទឹកទី៣ កីឡាការិនីកម្ពុជា វ័យ ១៩ឆ្នាំរូបនេះ បានវាយយ៉ាងខ្លាំង ទៅលើ Nataly។ 

កីឡាការិនី ទូច ចាន់វត្តី រូបពី ហ្វេសប៊ុក Kun Khmer TV

អ្នកប្រដាល់រហស្សនាមកូនទន្សាយតូចនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា៖«គេ មកប្រកួតសងសឹក ដូច្នេះ គេបានយកក្បាច់យើងទៅបំបែក។ យើង មិនអាចទៅវាយដោយកម្រោលបានទេ។ ទឹកទី១ ខ្ញុំ ស្ទាប់ស្ទង់គាត់ ចង់ដឹងថាគាត់មានក្បាច់អីថ្មី។ ម្យ៉ាងវិញទៀត យើងធ្លាប់បែកមុខដោយសារគាត់ម្ដង ដូចនេះ ត្រូវប្រយ័ត្ន។»។
 
កាលពីថ្ងៃទី២៤ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ Kun Khmer Grand Champions ទូច ចាន់វត្តី បានឈ្នះ Nataly ដោយពិន្ទុ ម្ដងរួចមកហើយ ប៉ុន្ដែ កូនទន្សាយតូចនេះ បានបែកចិញ្ចើមឆ្វេង ដោយសារកែង។ ដោយឡែក វត្តី បានឈ្នះកីឡាការិនីថៃរូបនេះ ជាលើទី២ ដោយពិន្ទុ ហើយក៏មិនមានរបួសធ្ងន់ធ្ងរដូចមុនឡើយ។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនី ទូច ចាន់វត្តី វ័យ ១៩ឆ្នាំ មានបទពិសោធន៍ប្រកួត ១៨លើក ក្នុងឈ្នះ១៦ និង ចាញ់២។ ចំណែក Nataly Tor Pisnukchai វ័យ ២៣ឆ្នាំ មានបទពិសោធន៍ប្រកួត ៤១លើក ក្នុងនោះ ឈ្នះ៣០ ចាញ់៨ និងស្មើ៣៕

កីឡាការិនីថៃ Nataly រូបពី Kun Khmer TV

Tag:
 ប្រដាល់គុនខ្មែរ
  ប្រដាល់
  ទូច ចាន់វត្តី
© រក្សាសិទ្ធិដោយ thmeythmey.com