ជាតិ
យុទ្ធនាការជិះកង់ ជាង៤០០គីឡូម៉ែត្រ ដើម្បីលើកកម្ពស់ការអប់រំ នៅខេត្តគោលដៅចំនួន៤
13, Nov 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង,Foyer Lataste និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា បានធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន ក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ វិច្ឆិកា ដោយធ្វើដំណើរទៅខេត្តគោលដៅចំនួន៤ ដោយឆ្លងកាត់បឹងទន្លេសាប។ ចំពោះគោលដៅ គឺចាប់ផ្តើមពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ។



កម្មវិធីជិះកង់ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីការការពារកុមារ​ និងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងអំពាវនាវ ដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី នាខែធ្នូ។​ 
 
ក្រុមការងាររបស់កម្មវិធីជិះកង់ បានចាប់ផ្តើមបេសកម្មរបស់ខ្លួន ដោយចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក ទៅកាន់ចំណតទីមួយ ដែ​លស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្តដំណើរពីខេត្តកំពង់ឆ្នាំង ក្រុមជិះកង់ នឹងបន្តទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ឆ្ពោះទៅស្រុកស្ទោង និង ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃវិស័យអប់រំ លើការអប់រំបរិយាបន្ន យុវជនស្ម័គ្រចិត្ត និងការចុះឈ្មោះចូលរៀន ក្នុងបវេសនកាលថ្មីឆ្នាំ២០២៣-២០២៤។ 
  


ដំណើរយុទ្ធនាការនេះ អង្គការ អេដ អេ អាកស្យុង នឹងបរិច្ចាគសៀវភៅជាង​ មួយពាន់ក្បាលដល់សាលាគោលដៅទាំងអស់ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
 
គួរបញ្ជាក់ផងដែរថា អង្គការ​អេដ អេ អា​កស្យុង​ ​កំពុង​អនុវត្ត​សកម្មភាព​របស់​គម្រោង​ “ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់ រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​ - CCOSC” នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​២៥ ខេត្ត​ និង​រាជធានី ក្រោម​ថវិកា​រួមគ្នារបស់​កម្មវិធី​អប់រំ​កុមារ​ (EAC) នៃ​មូលនិធិ​អប់រំ​ទាំងអស់គ្នា​ (Education Above All Foundation) ប្រទេស​កាតា និង​សហភាព​អឺរ៉ុប​ (European Union) ៕
 




Tag:
 ThmeyThmey
  យុទ្ធនាការជិះកង់
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com