សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រជាជនវៀតណាម នឹងថយមកត្រឹម៧២លាននាក់នៅឆ្នាំ២១០០
13, Nov 2023 , 8:59 pm        
រូបភាព
រូបភាព ៖ Dân Trí
រូបភាព ៖ Dân Trí
បច្ចុប្បន្ន​ចំនួនប្រជាជនវៀតណាមមានចំនួនប្រមាណ១០០លាននាក់។ តាមការព្យាករ ចំនួននេះ នឹងកើនឡើងដល់ ១០៧លាននាក់នៅឆ្នាំ ២០៤៤ បន្ទាប់មកថយចុះមកត្រឹម ៧២លាននាក់ក្នុងឆ្នាំ២១០០វិញ ដោយសារតែអត្រាកំណើតទាប។

 
អត្រាបង្កកំណើតទាបនៅតាមប្រទេសអាស៊ីប៉ាស៊ីហ្វិកជាច្រើនបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។ កូរ៉េខាងត្បូងមានអត្រាមានកូនសរុប (TFR) ទាបបំផុតក្នុងពិភពលោកគឺ ០,៨កូន ខណៈនៅសិង្ហបុរី និងជប៉ុនខ្ពស់ជាងបន្តិចគឺនៅ ១,១ និង ១,៣រៀងគ្នា ។ ទន្ទឹមនេះ នៅវៀតណាមអត្រាមានកូនក៏ស្ថិតនៅកម្រិតទាបគួរកត់សម្គាល់ផងដែរគឺ១,៤៨។ 
 
បើតាមលោកវេជ្ជបណ្ឌិត ហា​ អាញ់ ឌឹក ប្រធានខុទ្ធកាល័យក្រសួងសុខាភិបាល ៖« ចំនួនប្រជាជនវៀតណាមត្រូវបានព្យាករថា នឹងកើនឡើងដល់ ១០៧ លាននាក់ក្នុងឆ្នាំ២០៤៤ មុនពេលធ្លាក់ចុះមកត្រឹម ៧២ លាននាក់ក្នុងឆ្នាំ ២១០០ ដោយសារអត្រាកំណើតទាប»។
 
ប៉ុន្មានទសវត្សរ៍កន្លងមកនេះ វៀតណាមបានឃើញអត្រាកំណើតបានធ្លាក់ចុះពី ៦,៥កូនក្នុងស្ត្រីម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មកត្រឹម ២,០៥កូនក្នុងឆ្នាំ២០២០។ ជារៀងរាល់ឆ្នាំមានគូស្វាមីភរិយាប្រហែល ១លានគូនៅវៀតណាម ដែលមិនអាចមានកូនបានដោយជីវសាស្ត្រប្រមាណ ៧,៧ភាគរយនៃគូស្វាមីភរិយាទាំងអស់ ក្នុងនោះប្រហែលពាក់កណ្តាលជាអ្នកមានអាយុក្រោម ៣០ ឆ្នាំ។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpress ដកស្រង់សម្តីលោក អាញ់ ឌឹក ។ 
 
លោក អាញ់ ឌឹក បានសង្កត់ធ្ងន់ថា ការយកកូនតិចនឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយចំនួនប្រជាជនក្នុងវ័យធ្វើការ  ជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការចំណាកស្រុក ចំនួនមនុស្សចាស់កើនឡើង និងការថយចុះចំនួនប្រជាជន។ ស្ថានភាពនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច កម្លាំងពលកម្ម ការងារ និងសន្តិសុខសង្គម។ 
 
ទន្ទឹមនេះ លោក ម៉ាយ ជុង សឺន អនុប្រធាននាយកដ្ឋានផែនការគ្រួសារវៀតណាមបានប្រាប់ VnExpress ថា អត្រាកំណើតមានការប្រែប្រួលយ៉ាងខ្លាំងទៅតាមតំបន់នានានៅវៀតណាម។ ទីក្រុងហូជីមិញភាគខាងត្បូងមានអត្រាកំណើតទាបបំផុតក្នុងចំនោមពួកគេគឺមានតែ ១,៣៩កូនប៉ុណ្ណោះចំពោះស្ត្រីក្នុងវ័យបន្តពូជ។
 
នៅវៀតណាម តំបន់ដែលមានអត្រាកំណើតទាប ក៏ស្នើគម្រោងដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ស្ត្រីមានកូនទីពីរ ក៏ដូចជាការផ្តល់ការលើកលែងថ្លៃសិក្សាដល់កុមារផងដែរ។
 
ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នា ប្រទេសនានាកំពុងដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីបង្កើនការយកចំនួនកូន។ ឧទាហរណ៍ កូរ៉េខាងត្បូងបានបង្កើនចំនួនទឹកប្រាក់៣ដង សម្រាប់ចំណាយក្នុងការលើកកម្ពស់អត្រាបង្កកំណើតក្នុងប្រទស។ ចំណែកនៅហុងគ្រី ស្ត្រីដែលសម្រាលបានកូនបួននាក់ ឬច្រើនជាងនេះ មិនត្រូវបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនឡើយ៕

Tag:
 វៀតណាម ​
  អត្រាកំណើត
  ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com