អន្តរជាតិ
ក្រោយក្រុមប្រដាប់អាវុធជនជាតិភាគតិចងើបប្រឆាំងរបបយោធា មីយ៉ាន់ម៉ានឹងបែកខ្ញែក?
14, Nov 2023 , 9:39 am        
រូបភាព
កងទ័ពរំដោះជាតិ Ta
កងទ័ពរំដោះជាតិ Ta'ang ជាសមាជិកមួយរបស់សម្ព័ន្ធBrotherhood Alliance។ រូបភាព AFP
ចាប់តាំងពីចុងខែតុលា សម្ព័ន្ធកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនៅមីយ៉ាន់ម៉ា បានវាយប្រហារ និងដណ្តើមកាន់កាប់ប៉ុស្តិ៍យោធា  រួមទាំងក្រុងមួយចំនួន នៅក្នុងរដ្ឋភាគខាងជើង Shan ដែលជាប់ព្រំដែនចិន។ នេះជាប្រតិបត្តិការដ៏ខ្លាំងក្លាមួយ ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ដ្បិតជាដំបៅចាស់ តើការងើបតស៊ូពេលនេះអាចធ្វើឱ្យមីយ៉ាន់ម៉ាបែកខ្ញែក ឬឈានដល់ទីបញ្ចប់របបយោធាឬទេ?

 
នៅពេលនេះ ស្ថានការណ៍មីយ៉ាន់ម៉ា កំពុងមានភាពផុយស្រួយខ្លាំងដោយយោធា បានប៉ះទង្គិចអាវុធជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិចជាច្រើនកន្លែង។ ការវាយប្រហារខ្លាំងកើតមាននៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងជើងមីយ៉ាន់ម៉ា និងមានព្រំដែនជាប់ជាមួយចិន។ ស្របគ្នានេះ កម្លាំងប្រដាប់អាវុធជនជាតិភាគតិច Arakan Army បានប្រកាសពីការវាយប្រហារលើប៉ុស្តិ៍ឆ្នាំការពារព្រំដែនភាគខាងលិច ដែលជាប់ជាមួយឥណ្ឌាផង។ 
 
ចាប់តាំងពីថ្ងៃទី២៧ ខែតុលា សម្ព័ន្ធបងប្អូនរបស់ជនជាតិភាគតិចប្រដាប់អាវុធ៣ក្រុមមាន កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta'ang (TNLA) និងកងទ័ព Arakan (AA) បានចាប់ផ្តើមវាយកាន់កាប់ប៉ុស្តិ៍យោធា, កម្លាំងប៉ូលិស និងកម្លាំងគាំទ្រយោធា និងទីក្រុងជាច្រើន នៅក្នុងរដ្ឋShan ក្រោមប្រតិបត្តិការ១០២៧ ដែលតំណាងឱ្យពេលវាយប្រហារលើយោធានៅថ្ងៃទី២៧ ខែតុលា។ 
 
កម្លាំងការពារប្រជាជន (PDF)​ របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា និងយោធាឯករាជ្យ Kachin (KIA) ដែលជាកម្លាំងបដិវត្តដ៏សំខាន់មួយ ក៏បានសម្រួបសម្រួលប្រតិបត្តិការនេះដែរ។ 
 
កម្លាំងធ្វើប្រតិបត្តិការ១០២៧ អាចមានរហូតដល់២០០០០នាក់ឯណោះ ហើយសមាជិកក្រុមជនជាតិភាគតិចទាំងនោះ សុទ្ធតែជាក្រុមប្រឆាំងនឹងយោធា ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក។ 
 
តាមសេចក្តីថ្លែងការណ៍រួមរបស់កម្លាំងប្រដាប់អាវុធជនជាតិភាគតិចទាំងបី ប្រតិបត្តិការ ១០២៧ មានគោលបំណងការពារប្រជាជនស៊ីវិល, ទាមទារសិទ្ធិក្នុងការការពារខ្លួន, រក្សការគ្រប់គ្រងដែនដីរបស់ខ្លួន, ឆ្លើយតបនឹងការវាយប្រហារពីសំណាក់យោធា ទាំងកាំភ្លើងធំ និងផ្លូវអាកាស, បញ្ចប់ការគ្រប់គ្រងរបស់យោធា ដែលមានលក្ខណៈបង្រ្កាប និងប្រយុទ្ធប្រឆាំងនឹងការរីកសាយល្បែងបោកប្រាស់តាមប្រព័ន្ធអនឡាញ។ 
 
ក្រោយប្រតិបត្តិការជាងរយៈពេល ១ខែមកនេះ សម្ព័ន្ធភាពe បានគ្រប់គ្រងប៉ុស្តិ៍យោធាច្រើនជាង ១៣០ និងក្រុងមួយចំនួន។ ចុងក្រោយនេះ ក្រុង Kunlong ដែលជាក្រុងយុទ្ធសាស្រ្តមួយនៅក្នុងរដ្ឋ Shan ក៏បានធ្លាក់ទៅក្នុងដៃកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនេះដែរ ក្រោយការប្រយុទ្ធដណ្តើមយករយៈពេល ១២ថ្ងៃ។ 
 
មីយ៉ាន់ម៉ាឆ្ពោះទៅរកសភាពពុះចែក? 
 
តាមការព្រមានរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Myint Swe ដែលត្រូវបានតែងតាំងដោយយោធា នៅពេលកន្លងមក បានព្រមានថា មីយ៉ាន់ម៉ា ប្រឈមនឹងការហែកចែកគ្នារវាងយោធា និងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ប្រសិនបើរដ្ឋាភិបាលយោធា មិនអាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ក្បែរព្រំដែន។ ការព្រមានបែបនេះ ធ្វើឡើងក្រោយក្រុង និងប៉ុស្តិ៍យោធាជាច្រើនបន្តបន្ទាប់ បានធ្លាក់ទៅក្នុងដៃក្រុមជនជាតិភាគតិច Brotherhood Alliance។ 
 
ជាការពិត មីយ៉ាន់ម៉ា បានបាក់បែកស្រាប់ហើយ ដោយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច តែងប៉ះទង្គិចជាមួយយោធា និងទាមទាររកស្វ័យភាពសម្រាប់ជនជាតិភាគតិចខ្លួន។ ជាក់ស្តែង រដ្ឋ Wa ជារដ្ឋមួយនៅមីយ៉ាន់ម៉ា ដែលមានស្វ័យភាពពីមីយ៉ាន់ម៉ា និងមានប្រព័ន្ធដឹកនាំត្រឹមត្រូវ ហើយក៏មានយោធាផ្ទាល់ខ្លួនដែរ។ កម្លាំងប្រដាប់អាវុធ United Wa State Army ដែលកម្លាំងប្រដាប់អាវុធជនជាតិភាគតិចធំជាងគេបំផុតនៅមីយ៉ាន់ម៉ា ដែលមានទ័ពរហូតដល់ប្រមាណ ៣ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៦។ 
 

ផែនទីរដ្ឋ Wa នៅមីយ៉ាន់ម៉ា។ រូបភាព Twitter
 
បញ្ហាការទាមទារស្វ័យភាពនេះ មិនមែនទើបតែកើតឡើងឡើយ ប៉ុន្តែវាបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ចាប់តាំងពីទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៤៨ កម្លាំងជនជាតិភាគតិចមួយចំនួន បានប្រយុទ្ធរកស្វ័យភាព។ ក្រោយមានជម្លោះ និងការស្វះស្វែងរកសន្តិភាពជាច្រើនឆ្នាំ ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចូលរួមកិច្ចចរចាសន្តិភាព ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី Thein Sein នៅក្នុងខែសីហា ឆ្នាំ២០១១។ កាលនោះ មេដឹកនាំកម្លាំងជនជាតិភាគតិច បានប្តេជ្ញាធ្វើការជាមួយគ្នា ដើម្បីកសាងរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ប្រសិនបើមានការធានាពីសិទ្ធិមូលដ្ឋាន សមភាព និងសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯង។ 
 
យ៉ាងណាមិញ ក្រោយរដ្ឋប្រហារយោធា ជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងជាច្រើនកន្លែង រួមទាំងតំបន់ភាគខាងជើងផង។ ដើម្បីសងសឹកនឹងការវាយប្រហាររបស់ក្រុមជនជាតិភាគតិច យោធាមីយ៉ាន់ម៉ា តែងវាយប្រហារតាមផ្លូវអាកាស និងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនស៊ីវិលជាច្រើននាក់។ 
 
មិនត្រឹមតែក្រុង និងប៉ុស្តិ៍យោធាជាច្រើនធ្លាក់ក្នុងដៃសម្ព័ន្ធកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅរដ្ឋ Shan នៅទេ នៅដើមខែវិច្ឆិកាកម្លាំងចលនាតស៊ូ ដែលមានកម្លាំងការពារប្រជាជនមីយ៉ាន់ម៉ា រួមគ្នាជាមួយក្រុមជនជាតិភាគតិចផ្សេងទៀត បានគ្រប់គ្រងប៉ុស្តិ៍យោធា និងប៉ុស្តិ៍ប៉ូលិសមួយចំនួន នៅក្នុងក្រុង Tamu ក្នុងតំបន់ Sagaing ដែលជាប់ព្រំដែនជាមួយឥណ្ឌា និងរដ្ឋShan ផងដែរ។ 
 

រូបភាព៖ ផែនទីបញ្ជាក់ពីសម្ព័ន្ធ Brotherhood Alliance គ្រប់គ្រងដែនដី ក្នុងរដ្ឋ Shan។ រូបភាព OpenStreetMap contributors
 
តើការប្រយុទ្ធនៅភាគខាងជើងប៉ះពាល់បែបណាលើយោធា?
 
បន្ទាប់ពីកម្លាំង Brotherhood Alliance បានគ្រប់គ្រងក្រុងមួយចំនួន និងប៉ុស្តិ៍យោធា រួមទាំងប៉ុស្តិ៍ប៉ូលិសជាច្រើនកន្លែងនៅក្នុងរដ្ឋ Shan វាបានធ្វើឱ្យយោធាមីយ៉ាន់ម៉ា បាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ទៅព្រំដែនចិន។ បន្ថែមពីនេះ ច្រកព្រំដែន Muse និងច្រកព្រំដែន Chinshwehaw ដែលជាច្រកដ៏សំខាន់ ក្នុងការនាំចេញពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងចិន ត្រូវបានបិទហើយ ក្រោយមានការប៉ះទង្គិចរវាងកម្លាំងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា។
 
បញ្ហានេះ បានដាក់សម្ពាធរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបន្ថែមទៀត ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញទៅចិន ហើយវាក៏ជះឥទ្ធិពលលើចំណូលទៅក្នុងយោធាផងដែរ។ បន្ថែមពីនេះ តម្លៃអង្ករបានកើនពីមួយបាវតម្លៃប្រមាណ ៧៦ដុល្លារ (១៦០,០០០ Kyat) មុនពេលប្រយុទ្ធ ដល់ ៩០ដុល្លារ (១៩០,០០០ Kyat) នៅពេលបច្ចុប្បន្ន។
 
ជុំវិញបញ្ហានេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី៣ ខែវិច្ឆិកា បានប្តេជ្ញាដណ្តើមយកក្រុង និងតំបន់ស្ថិតនៅភាគខាងជើងយកមកវិញ ក្រោយធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។
 
យ៉ាងណាក៏ដោយ យោធាមីយ៉ាន់ម៉ា ទំនងមិនអាចកែនទ័ពរហូតដល់ ២ម៉ឺននាក់ ដើម្បីវាយយកតំបន់ដែលបានបាត់បង់នៅក្នុងរដ្ឋ Shanឡើយ ដោយសារយោធាមីយ៉ាន់ម៉ា ត្រូវប្រឈមនឹងការប្រយុទ្ធនៅក្នុងរដ្ឋ Kachin, Karen, Kayah និង Chin រួមទាំងនៅក្នុងតំបន់ Sagaing, Magwe, Mandalay និង Bago ទៀត។  
 
បើទោះការបាត់បង់ប៉ុស្តិ៍យោធា និងក្រុងទាំងនោះ វាមិនបានធ្វើឱ្យយោធាមីយ៉ាន់ម៉ាទន់ដៃឡើយ។ យោធានៅតែអាចបញ្ជូនកម្លាំងទ័ព និងទាហាន ទៅតំបន់មួយចំនួន ពីតំបន់ Mandalay ដើម្បីទប់ស្កាត់ចលនាប្រឆាំង មិនឱ្យមានសមត្ថភាព ក្នុងការគ្រប់គ្រងតំបន់ផ្សេងទៀតបាន ពិសេសនៅមានកម្លាំងផ្លូវអាកាសថែមទៀត។ ជំហរយោធាមីយ៉ាន់ម៉ា គឺត្រូវការពារ ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារពីកម្លាំងប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗ នៅក្នុងតំបន់ដទៃទៀត។  
 
សរុបមកវិញ ការប៉ះទង្គិចរវាងកម្លាំងជនជាតិភាគតិចមីយ៉ាន់ម៉ា និងយោធា នឹងក្លាយជាជម្លោះរាំរ៉ៃដូចជាច្រើនទសវត្សរ៍មុនមកដែរ ហើយវានឹងមិនអាចបញ្ចប់ក្នុងពេលឆាប់ៗខាងមុខឡើយ។ ជម្លោះប្រដាប់អាវុធមួយនេះ មានលក្ខណៈទាមទារសិទ្ធិ, ស្វ័យភាព និងការការពារខ្លួនពីការវាយប្រហារយោធា។ ប៉ុន្តែអ្នកដែលរងគ្រោះខ្លាំង គឺប្រជាជនស៊ីវិល នៅក្នុងតំបន់ ដែលត្រូវប្រឈមហានិភ័យដល់ជីវិត និងការបាត់បង់ទ្រព្យសម្បត្តិ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនមីយ៉ាន់ម៉ាប្រមាណ៥ម៉ឺននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយផ្ទុះការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Shan៕
 

Tag:
 មីយ៉ាន់ម៉ា
  យោធា
  កម្លាំងប្រដាប់អាវុធជនជាតិភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com