ជាតិ
ដំណើរការបាន៨៤ថ្ងៃ រដ្ឋាភិបាលអាណត្តិថ្មីអនុវត្តផ្លូវការកម្មវិធីនយោបាយអាទិភាព២ទៀត
14, Nov 2023 , 9:07 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា នេះ អញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ។ នេះជាកម្មវិធីទី២ និងទី៣ នៃគោលនយោបាយអាទិភាពទាំង៦របស់រដ្ឋាភិបាលអាណត្តិទី៧ ដែលដំណើរការចាប់តាំងពីថ្ងៃទី២២ ខែសីហា មក។



កម្មវិធីរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាការងារអាទិភាពដែលសម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ។

កម្មវិធីអាទិភាពទី១ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែតុលា នាពិធីសម្ពោធមន្ទីរពេទ្យតេជោសន្តិភាព។

កម្មវិធីអាទិភាពបីផ្សេងៗនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់រួមមាន កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕


© រក្សាសិទ្ធិដោយ thmeythmey.com