អន្តរជាតិ
ប្រមុខការពារជាតិអុីស្រាអែល៖ ក្រុមហាម៉ាស បាត់បង់ការគ្រប់គ្រងលើតំបន់កាហ្សាហើយ
14, Nov 2023 , 11:29 am        
រូបភាព
លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល។ រូបភាព AFP
លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ក្រុមហាម៉ាស បានបាត់បង់ការគ្រប់គ្រងលើតំបន់កាហ្សាហើយ ខណៈកម្លាំងការពារអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងនៅតំបន់កាហ្សាភាគខាងជើង។ លោក Gallant ក៏លើកឡើងថា សមាជិកក្រុមហាម៉ាសមួយចំនួន កំពុងភៀសខ្លួនទៅតំបន់ភាគខាងត្បូង។

 
ជិតរយៈពេល ៤០ថ្ងៃហើយ ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នៅតែបន្ត ដោយយោធាអ៊ីស្រាអែល បានបង្កើនការប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងតំបន់កាហ្សាភាគខាងជើង។ ក្រោយប្រតិបត្តិការយោធាជាច្រើនថ្ងៃ អ៊ីស្រាអែល កំពុងស្ថិតក្នុងពេលអាចគ្រប់គ្រងក្រុងកាហ្សាទាំងស្រុង ស្របពេលប្រមុខការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអះអាងថា ក្រុមហាម៉ាស បានបាត់បង់ការគ្រប់គ្រងលើតំបន់កាហ្សា។ 
 
«អង្គការហាម៉ាស បានបាត់បង់ការគ្រប់គ្រងក្នុងតំបន់កាហ្សាហើយ។ ក្រុមភេរវករកំពុងភៀសខ្លួនទៅភាគខាងត្បូង។» លោក Gallant បានសង្កត់ធ្ងន់បែបនេះ ក្នុងការវាយតម្លៃពីស្ថានភាពជម្លោះនៅថ្ងៃទី១៣ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel។ 
 
ទន្ទឹមនេះ ប្រមុខការពារជាតិអ៊ីស្រាអែល បានសរសើរកម្លាំងរបស់ខ្លួនថា គ្មានកម្លាំងក្រុមហាម៉ាសណាមួយអាចបញ្ឈប់កម្លាំងការពាររបស់ខ្លួនបានទេ ហើយកម្លាំងការពារកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន នៅគ្រប់ទីកន្លែង។ 
 
នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា កម្លាំងអ៊ីស្រាអែល បានឆ្មក់មន្ទីរពេទ្យ Rantisi នៅក្នុងក្រុងកាហ្សា ដែលជាកន្លែងព្យាបាលកុមារ។ តាមការបញ្ជាក់របស់យោធាអ៊ីស្រាអែល ក្រុមហាម៉ាស បានលាក់ខ្លួននៅក្រុមមន្ទីរពេទ្យនោះ ហើយវាមានព័ស្តុតាងដែលចំណាប់ខ្មាំង ត្រូវបានឃុំខ្លួននៅមន្ទីរពេទ្យនោះដែរ។ 
 
ក្នុងសន្និសិទសារព័ត៌មានមួយ លោក Daniel Hagari អ្នកនាំពាក្យកម្លាំងការពារអ៊ីស្រាអែល បានថ្លែងថា ក្រោមមន្ទីរពេទ្យ Rantisi ជាមូលដ្ឋានសម្រាប់ក្រុមហាម៉ាស ហើយកម្លាំងយោធាបានរកឃើញអាវសម្រាប់ដាក់គ្រាប់បែកបំផ្ទុះ, គ្រាប់បែក, កាំភ្លើង AK-47, ឧបករណ៍បំផ្ទុះ និងអាវុធប្រភេទ RPG ជាដើម។ 
 
ការអះអាងបែបនេះ ធ្វើឡើងស្របពេលសហគមន៍អន្តរជាតិ រួមមានអាម៉េរិកផង បានជំរុញឱ្យអ៊ីស្រាអែល កុំវាយប្រហារលើមន្ទីរពេទ្យនៅក្នុងតំបន់កាហ្សា ដែលមានអ្នកព្យាបាលជាច្រើន។
 
បន្ថែមពីនេះ កម្លាំងការពារអ៊ីស្រាអែល បានប្រកាសថា មេបញ្ជាការក្រុមហាម៉ាសជាច្រើន ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ 
 
បើតាមកម្លាំងការពារអ៊ីស្រាអែល មុនពេលវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស មានអ្នកប្រយុទ្ធប្រមាណ៣ម៉ឺននាក់ ហើយបែងចែកជាកងពលតូចចំនួន៥, កងវរសេនាតូចចំនួន២៤ និងកងអនុសេនាធំប្រមាណ ១៤០។ គ្រប់កងពលតូចរបស់ក្រុមហាម៉ាសសុទ្ធតែមានក្រុមវិស្វកម្ម, ក្រុមបាញ់កាំភ្លើងពីចម្ងាយ, ក្រុមរៀបចំមីស៊ីលប្រឆាំងរថក្រោះ, ក្រុមការពារអាកាស និងក្រុមរៀបចំបាញ់មីស៊ីលជាដើម៕

Tag:
 អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com