អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស​ David Cameron ត្រលប់មកកាន់តំណែងជារដ្ឋមន្រ្តីការបរទេសវិញ
14, Nov 2023 , 12:03 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron ត្រូវបាន រដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Rishi Sunak តែងតាំងជារដ្ឋមន្រ្តីការបរទេស
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron ត្រូវបាន រដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Rishi Sunak តែងតាំងជារដ្ឋមន្រ្តីការបរទេស
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron នៅថ្ងៃទី១៣ ខែវិច្ឆិកា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសនៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Rishi Sunak។ ក្រោយក្លាយជាប្រមុខការទូត លោក Cameron បានប្តេជ្ញាគាំទ្រលោកSunak ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន។

 
ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron ត្រូវបាន រដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Rishi Sunak តែងតាំងជារដ្ឋមន្រ្តីការបរទេស។ ចំណែកលោក James Cleverly ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសកន្លងមក ត្រូវប្តូរទៅកាន់តំណែងរដ្ឋមន្រ្តីមហាផ្ទៃវិញ។  លោកស្រី Suella Braverman ដែលជារដ្ឋមន្រ្តីមហាផ្ទៃនាពេលកន្លងមកនោះ ត្រូវបានបណ្តេញចេញពីតំណែងក្រោយមានរឿងអាស្រូវមួយចំនួនពាក់ព័ន្ធនឹងបាតុករ។ 
 
ទន្ទឹមនេះ ការរុះរើគណៈរដ្ឋមន្ត្រីអង់គ្លេសចុងក្រោយនេះ ធ្វើឡើងក្រោយពេលបក្សអភិរក្សនិយម មានប្រជាប្រិយភាព តាមពីក្រោយបក្សពលករ ដែលជាបក្សដ៏សំខាន់មួយនៅអង់គ្លេស។ 
 
ជាការពិត ការតែងតាំងលោក David Cameron អតីតនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីការបរទេសនេះ ជារឿងដ៏ចម្លែកមួយនៅក្នុងសង្គមអង់គ្លេស ដោយសារតែលោកលែងជាសមាជិកសភារយៈពេល ៧ឆ្នាំមកហើយ។ ដោយសារតែបញ្ហានេះ លោក Cameron ក៏ត្រូវបានតែងតាំងជាសមាជិកព្រឹទ្ធសភា ឬ House of Lords របស់អង់គ្លេសផងដែរ។ 
 
បន្ទាប់ពីក្លាយជាប្រមុខការទូតថ្មី លោក Cameron បានយល់ឃើញថា វាមិនមែនជារឿងធម្មតាឡើយ ដែលអតីតប្រមុខរដ្ឋាភិបាល ត្រលប់មកកាន់ការងារជារដ្ឋមន្រ្តីការបរទេស។ ត្រង់ចំណុចនេះ អតីតនាយករដ្ឋមន្រ្តីដែលលាលែងពីតំណែងនៅក្នុងឆ្នាំ២០១៦ បានប្តេជ្ញាជួយលោក Sunak ក្នុងការដោះស្រាយបញ្ហាប្រឈមនៅលើឆាកអន្តរជាតិជាច្រើន ក្នុងនោះរួមមានចិន សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ាជាដើម។ 
 
មិនតែប៉ុណ្ណោះ ក្រោយពីទទួលបានតំណែងដ៏សំខាន់នេះ លោក Cameron បាននិយាយទូរសព្ទជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីនខិនផងដែរ ដើម្បីជជែកពីបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងសង្រ្គាមនៅអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា លោក Cameron បានចុះចេញពីតំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេសនៅក្នុងឆ្នាំ២០១៦ ក្រោយការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប របស់អង់គ្លេស មិនទទួលបានជោគជ័យ។ លោក Cameron បានកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស នៅក្នុងឆ្នាំ២០១០៕ 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com