កីឡាជាតិ
ជាតិ
លោក Bruno Gaby ដែលដឹកនាំក្រុមគុនដាវកម្ពុជា ឈ្នះមេដាយស៊ីហ្គេម ទទួលមរណភាព
14, Nov 2023 , 1:41 pm        
រូបភាព
កីឡាការិនីកម្ពុជាឆាយ លីនលី ដែលឈ្នះមេដាយសំរឹទ្ធ រុញលោក Bruno Gaby ដែលជាគ្រូរបស់ខ្លួន អំឡុងការប្រកួតស៊ីហ្គេមលើកទី៣២
កីឡាការិនីកម្ពុជាឆាយ លីនលី ដែលឈ្នះមេដាយសំរឹទ្ធ រុញលោក Bruno Gaby ដែលជាគ្រូរបស់ខ្លួន អំឡុងការប្រកួតស៊ីហ្គេមលើកទី៣២
លោក Bruno Gaby អតីតគ្រូបង្វឹកកីឡាគុនដាវកម្ពុជា ទទួលមរណភាព នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាយុ៦៦ឆ្នាំ ដោយសារជំងឺគាំងបេះដូង។


បើតាមការប្រកាសរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា លើផេកហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា លោក Gaby គ្រូបង្វឹកសញ្ជាតិបារាំង ទទួលមរណភាព វេលាម៉ោង១០យប់ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថាតាមរយៈការបញ្ជាក់របស់ភរិយារបស់លោក Gaby ស្វាមីរបស់អ្នកស្រី ស្លាប់ដោយសារជំងឺគាំងបេះដូង។
 
ក្នុងតំណែងជាគ្រូបង្ហាត់កីឡាគុនដាវនៅកម្ពុជា ពីខែសីហា ឆ្នាំ២០១៨ លោក Gaby បានជួយក្រុមកម្ពុជា ឈ្នះមេដាយសំរឹទ្ធិចំនួន២ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា កាលពីខែឧសភាកន្លងទៅ។ អំឡុងពេលស៊ីហ្គេម គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នៅតែមានវត្តមាននៅពេលកូនសិស្សប្រកួត បើទោះខ្លួនរងរបួសដោយសារគ្រោះថ្នាក់ចររាចរណ៍ក្តី។
 
ក្រៅពីមេដាយសំរឹទ្ធស៊ីហ្គេម លោក Gaby ក៏ធ្លាប់ដឹកនាំក្រុមគុនដាវ ទទួលបានមេដាយ មាសចំនួន១ ប្រាក់១ និងសំរឹទ្ធ២ ផងដែរ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ ឆ្នាំ២០២២ និងមេដាយ ជាច្រើនទៀត នៅជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកសាកលវិទ្យាល័យអាស៊ី។
 
លោក​ Gaby ដែលសហព័ន្ធកីឡាគុនដាវកម្ពុជា តែងតាំងជាគ្រូបង្វឹក ក្រោមជំនួយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលាឈប់ពីតួនាទីនេះវិញ នៅក្រោយបញ្ចប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

Tag:
 Bruno Gaby
  កីឡាគុនដាវ
© រក្សាសិទ្ធិដោយ thmeythmey.com