កីឡាអន្តរជាតិ
អន្តរជាតិ
ព្រះអង្គម្ចាស់ William និងអ្នកគាំទ្ររាប់ពាន់នាក់ ជូនដំណើរចុងក្រោយលោក Bobby Charlton
14, Nov 2023 , 2:01 pm        
រូបភាព
អ្នកគាំទ្ររាប់ពាន់នាក់ ជូនដំណើរលើកចុងក្រោយលោក Sir Bobby Charlton វីរបុរសបាល់ទាត់ក្រុម Manchester United និងអង់គ្លេស នៅតាមដងវិធីក្នុងទីក្រុង Manchester United នាថ្ងៃទី១៣ ខែវិច្ឆិកា។ ពិធីជូនដំណើរនេះ ក៏មានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ព្រះអង្គម្ចាស់ William លោក Sir Alex Ferguson និងក្រុមអ្នកមុខអ្នកការកីឡាករបាល់ទាត់ជាច្រើនផ្សេងទៀត។



Sir Bobby Charlton ដែលជួយអង់គ្លេសឈ្នះ World Cup ឆ្នាំ ១៩៦៦ និងជាកីឡាករដ៏ខ្លាំងពូកែ និងអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែតុលា នៅក្នុងវ័យ ៨៦ឆ្នាំ។
 
ពិធីដង្ហែរ និងការជូនដំណើរលោក Bobby Charlton មានហ្វូងមនុស្សដែលជាអ្នកគាំទ្រ បានទះដៃ នៅពេលរថយន្តដឹកសពលោក​ឆ្លងកាត់ ដោយភាពគោរព និងកក់ក្តៅបំផុត ហើយអ្នកគាំទ្រខ្លះក៏បានកាន់បដា បង្ហាញការនឹករលឹក ពេលដែលរថយន្តបានធ្វើដំណើរឆ្លងកាត់កីឡដ្ឋាន Old Trafford របស់ក្លិប Man United។ មិនតែប៉ុណ្ណោះអាគាជាច្រើននៅក្នុងទីក្រុង Manchester ក៏បានបង្ហាញអំពីផ្ទាំងបដាធំៗ លើអគារពួកគេ ដែលមានរូបភាពលោក Bobby Charlton ដើម្បីបង្ហាញការគោរព និងការជូនដំណើរ។
 
ភ្ញៀវកិត្តិយស និងជាបុគ្គលមានមុខមាត់ខ្ពស់ក្នុងសង្គមអង់គ្លេស ដែលរួមមានលោក Sir Alex Ferguson អតីតអ្នកចាត់ការក្រុមបិសាចក្រហម, លោក ​Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស, ព្រះអង្គម្ចាស់ William នៃរាជវង្សរបស់ចក្រភពអង់គ្លេស, ប្រធានសមាគមបាល់ទាត់អង់គ្លេសជាដើម បានបង្ហាញវត្តមានក្នុងកម្មវិធីបុណ្យសព និងជាការជូនដំណើរលើកចុងក្រោយដល់លោក Sir Bobby Charlton។
 
ក្នុងអាជីពកីឡាករបាល់ទាត់រយៈពេល២០ឆ្នាំ លោក Charlton ត្រូវបានគេស្គាល់ថាជាកីឡាករដ៏មានឥទ្ធិពល និងម៉ូដសក់ប្លែកៗ បានរួមចំណែកជួយ Man Utd ឈ្នះលីគកំពូលអង់គ្លេស៣សម័យ European Cup (UEFA Champions League) និង FA Cup ១លើក ក្នុងការបង្ហាញខ្លួន៧៥៨ប្រកួត និងស៊ុតបញ្ចូលទី២៤៩គ្រាប់។
 
កើតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៣៧ នៅទីក្រុង Ashington រដ្ឋ Northumberland Charlton ប្រទេសអង់គ្លេស Sir Bobby Charlton ​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ជនពិការ​ដោយសារ​សង្គ្រាម​ ដោយ មជ្ឈមណ្ឌល Sir Bobby Charlton Center ទី​ពីរ​បាន​បើក​ដំណើរការ​ចាប់ពី​ខែកញ្ញា ឆ្នាំ២០១៩ ដែលមាន​ទីស្នាក់ការ​នៅ​ខេត្តពោធិ៍សាត់​។​
 
​ក្រោម​គម្រោង​មូលនិធិ Find A Better Way (FABW) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ លោក Bobby Charlton មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ជាពិសេស​ចាប់តាំងពី​លោក​បានឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​នៅ​តំបន់​ចម្ការមីន នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៧​។​
 
Sir Bobby Charlton Center for Vocational Training បាន​អនុវត្ត​ដោយ​ដៃគូ​របស់ FABW គឺ​អង្គការ​សេវាកម្ម​អភិ​វ​ឌ្ឈ​ន៍​ជនពិការ (DDSP)​។ មជ្ឈមណ្ឌល​ទីមួយ ត្រូវ​បានដាក់​ដំណើរការ​កាលពី​ខែសីហា ឆ្នាំ​២០១៧ នៅ​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្ស៊​កដា​នី​។​
 
មជ្ឈមណ្ឌល Sir Bobby Charlton នៅ​កម្ពុជា ​ជួយ​គាំទ្រ​ដល់​ការងារ​របស់ DDSP ដើម្បី​លើកកម្ពស់​សកម្មភាព​ជនពិការ​គ្រប់​ប្រភេទ ជាពិសេស​អ្នក​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន រួមទាំង​ជនពិការ​រាងកាយ ប្រាជ្ញា​ស្មារតី​ផ្សេងៗ​។​
 
សកម្មភាព​ទាំងនោះ មានដូចជា ការបណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ អាជីព មុខរបរ ការជួយ​ផ្តល់ឱកាស​កា​រងារ និង​ការកសាង​ទំនុកចិត្ត​ផ្សេងៗ​។​
 
Sir Bobby Charlton ស្ថាបនិក​មូលនិធិ FABW ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១៩ថា​៖ «​កម្ពុជា​នៅតែ​ជាទី​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ដោយនៅ​ទីនោះ ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​អាវុធជាតិផ្ទុះ​ក្នុង​សង្គ្រាម ដែល​បន្ត​យាយី​នៅ​តំបន់​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​»​។​
 
ម្ចាស់​ពាន Ballon d’Or ឆ្នាំ​១៩៦៦​រូបនេះ មានជំនឿថា មជ្ឈមណ្ឌល​របស់ខ្លួន​នឹង​ជួយ​សម្រួល​ការលំបាក​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​៕

Tag:
 Sir Bobby Charlton
 ​ Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com