អន្តរជាតិ
នេប៉ាល់ នឹងហាមប្រើ TikTok ព្រោះប៉ះពាល់សង្គម
14, Nov 2023 , 2:39 pm        
រូបភាព
នេប៉ាល់នាថ្ងៃទី១៣ ខែវិច្ឆិកាបានប្រកាសថា ខ្លួននឹងហាមឃាត់បណ្ដាញសង្គម TikTok ដោយលើកហេតុផលថាសុខដុមរមនាក្នុងសង្គម និងសុច្ឆន្ទៈត្រូវបានរំខានដោយដោយ ការប្រើប្រាស់កម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ។

 
បណ្ដាញសង្គម TikTok ត្រូវ​បាន​ប្រទេស​មួយចំនួន ហាមឃាត់មួយ​ផ្នែក​ ឬ​ទាំង​ស្រុង ​រួច​ទៅ​ហើយ ដោយ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​សន្តិសុខស្រដៀងគ្នា។ នៅនេប៉ាល់ បើយោងតាម របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលទាក់ទងនឹង TikTok ច្រើនជាង១,៦០០  ត្រូវបានចុះបញ្ជី​ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
 
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននេប៉ាល់ លោកស្រី Rekha Sharma និយាយថា ការសម្រេចចិត្តហាមឃាត់ TikTok ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា។
 
«មន្រ្តីកំពុងបិទវាតាមបច្ចេកទេស»។ លោកស្រី​ Sharma បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
ឯប្រធានអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ លោក Purushottam Khanal និយាយថា អ្នកផ្តល់សេវាអ៊ីនធឺណិតត្រូវបានស្នើសុំឱ្យបិទកម្មវិធីនេះដែរ។ ក្រុមហ៊ុនមួយចំនួនបានបិទរួច ហើយ ខណៈក្រុមហ៊ុនផ្សេងទៀតនឹងចាប់ផ្ដើមបិទជាបន្តបន្ទាប់។
 
ក្រុមហ៊ុន TikTok មិនបានឆ្លើយតបថា យ៉ាងណាឡើយ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បាន អះអាងថា ការហាមឃាត់បែបនេះគឺជាការយល់ខុសដោយផ្អែកលើគោលគំនិតខុស។ មេដឹកនាំបក្សប្រឆាំងនេប៉ាល់វិញ បានរិះគន់ចំណាត់ការនេះដោយនិយាយថាវាខ្វះប្រសិទ្ធភាព ការគិតគូរល្អិតល្អន់ និងការទទួលខុសត្រូវ។
 
ប្រទេសជិតខាងរបស់នេប៉ាល់គឺឥណ្ឌាបានហាមឃាត់ TikTok រួមជាមួយនឹងកម្មវិធីរាប់សិប ផ្សេងទៀតរបស់ចិនកាលពីខែមិថុនា ឆ្នាំ ២០២០។ ប្រទេសអាស៊ីខាងត្បូងមួយផ្សេង ទៀតគឺប៉ាគីស្ថានបានហាមឃាត់កម្មវិធីនេះយ៉ាងហោចណាស់បួនដងដោយរដ្ឋាភិបាល ចាត់ទុកខ្លឹមសារក្នុងកម្មវិធីនេះជារឿងមិនសមរម្យ និងអសីលធម៌៕

Tag:
 នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com