អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកនិងឥណ្ឌូណេស៊ី បង្កើន​ទំនាក់ទំនង​ទៅជា​​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ
14, Nov 2023 , 9:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ពីសេតវិមាន​ថ្ងៃទី១៣ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានព្រមព្រៀងបង្កើនទំនាក់ទំនងរវាងប្រទេសទាំង២ ពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

 
ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត និងការទទួលស្គាល់តម្លៃរួមរបស់ប្រទេសទាំងពីរអំពីលទ្ធិប្រជាធិបតេយ្យ លោក ចូ បៃឌិន និងលោក ចូកូ វីដូដូ បានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងអាម៉េរិក និងឥណ្ឌូណេស៊ីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
 
នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ អាម៉េរិក និងឥណ្ឌូណេស៊ីប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នាតាមរយៈការវិនិយោគនៅក្នុងបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
ជាពិសេស ភាគីទាំងពីរនឹងសហការធ្វើពិពិធកម្មប្រព័ន្ធអេកូសឺមីកុងឌុចទ័រសកល និងលើកកម្ពស់ការតភ្ជាប់ឌីជីថលនៅតំបន់ជនបទឥណ្ឌូណេស៊ី ការវិនិយោគនៅក្នុងអាជីវកម្មដែលឥណ្ឌូណេស៊ីកំពុងរីកចម្រើន ព្រមទាំងអនុវត្តភាពជាដៃគូទេសចរណ៍ និងជំរុញការវិនិយោគឯកជនពីអាម៉េរិក។
 
នៅក្នុងវិស័យអាកាសធាតុ អាម៉េរិក និងឥណ្ឌូណេស៊ីបានប្រកាសកម្មវិធីថ្មីជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើថាមពល និងរ៉ែប្រកបដោយនិរន្តរភាព។ ទន្ទឹមនេះ គាំទ្របណ្តាញ ថាមពលកកើតឡើងវិញខ្នាតតូច លើកកម្ពស់ផែនការផ្លាស់ប្តូរថាមពលស្អាត  អនុវត្តគម្រោងការចាប់យក និងស្តុកទុកកាបូន លើកកម្ពស់ការតភ្ជាប់អគ្គិសនី និងការកែលម្អគុណភាពខ្យល់នៅអាស៊ីអាគ្នេយ៍ ពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងកាកសំណល់ ព្រមទាំងអភិវឌ្ឍរដ្ឋធានីថ្មី Nusantara ជាទីក្រុងឆ្លាត និងនិរន្តរភាព។
 
ជុំវិញវិស័យសន្តិសុខវិញ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត ពង្រឹងសន្តិសុខដែនសមុទ្រ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិថ្មី  និងជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម។
 
ភាគីទាំងពីរក៏បានប្រកាសកម្មវិធីថ្មី ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយផ្តោតលើការអប់រំយុវជនជំនាន់ក្រោយ។ ការកសាងឡើងវិញនៃសារមន្ទីរជាតិរបស់ឥណ្ឌូណេស៊ី ថែមទាំងផ្លាស់ប្តូរអ្នកជំនាញផ្នែកអប់រំ វប្បធម៌ និងសុខភាព។
 
ចាប់តាំងពីឆ្នាំ ២០២២ អាម៉េរិកបានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង៦,២ពាន់លានដុល្លារដល់ឥណ្ឌូណេស៊ី ក្នុងនោះជាង២ពាន់លានដុល្លារ ដើម្បីលើកកម្ពស់លទ្ធផលអប់រំ និងសុខភាព និងជាង ១,២ពាន់លានដុល្លារដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។  បន្ថែមពីនេះ លោក បៃឌិន គ្រោងបន្ថែម ១៧២លានដុល្លារទៅក្នុងកម្មវិធីថ្មីសម្រាប់វិស័យអាកាសធាតុ និងការផ្លាស់ប្តូរថាមពលស្អាត កំណើនសេដ្ឋកិច្ច និងសុខភាព។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងស្ថិតនៅអាម៉េរិកដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ដែលអាម៉េរិកធ្វើជាម្ចាស់ផ្ទះ៕

Tag:
 ឥណ្ឌូណេស៊ី
  អាម៉េរិក ​
  យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ
© រក្សាសិទ្ធិដោយ thmeythmey.com