RFI
អន្តរជាតិ
Unicef៖កុមារនៅអាស៊ីខាងត្បូងកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់ខ្លាំងជាងគេ 
រូប AP
×![]()
ដោយ៖គួច គន្ធារ៉ា/RFI
ការប្រកាសរបស់ Unicef បានធ្វើឡើងនៅក្នុងការសិក្សាមួយដែលថានៅអាស៊ីខាងត្បូង មានកុមារអាយុក្រោម ១៨ឆ្នាំចំនួន ៣៤៧លាននាក់បានប្រឈមនឹងការខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង។ ចំនួននេះជាចំនួនដ៏ខ្ពស់ខ្លាំងបើធៀបនឹងតំបន់ផ្សេងទៀតក្នុងលោក។ តាម Unicef កុមារចំនួន ១ភាគ៤ ក្នុងលោករស់នៅអាស៊ីខាងត្បូងដែលមាន ៨ប្រទេស គឺអាហ្វហ្កានីស្ថាន បង់ក្លាដែស ប៊ូតង់ ឥណ្ឌា នេប៉ាល់ ម៉ាល់ឌីវ ប៉ាគីស្ថាន និងប្រទេសស្រីលង្កា។ ការប្រែប្រួលអាកាសធាតុជាដើមចមនៃការខ្វះទឹកប្រើប្រាស់ព្រោះព្រឹត្តិការណ៍មួយនេះបានធ្វើឲ្យបរិមាណទឹកធ្លាក់ចុះ និងរដូវភ្លៀងមិនទៀងទាត់។ ក្រៅពីនេះ ការសិក្សារបស់ Unicef បានលើកឡើងពីគុណភាពទឹកមិនល្អ ការខ្វះទឹក និងការគ្រប់គ្រងទឹកមិនល្អ ដូចជាការបូមទឹកអណ្តូងច្រើនខ្លាំងពេកជាដើម។
Unicef បានបញ្ជាក់ដោយទាញសញ្ញាអាសន្នថា ជាមួយនឹងអាកាសធាតុដែលកាន់តែមិនអាចទាយទុកបាន ការខ្វះទឹកនឹងមានកាន់ខ្លាំងសម្រាប់កុមារនៅអាស៊ីខាងត្បូង។ « ការមានទឹកស្អាតប្រើប្រាស់ជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សលោក » នេះជាការថ្លែងរបស់លោក Sanjay Wijesekera អ្នកទទួលខុសត្រូវរបស់អង្គការ Unicef សម្រាប់អាស៊ីខាងត្បូង។ លោក Sanjay Wijesekera បានបន្ថែមដោយព្រមានថា មានកុមាររាប់សិបលាននាក់នៅអាស៊ីខាងត្បូងគ្មានទឹកបរិភោគគ្រប់គ្រាន់ ខណៈដែលតំបន់មួយកំពុងស្គាល់ញឹកញាប់នូវគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភូតអាកាសធាតុខ្លាំងៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២២ មានកុមារចំនួន ៤៥លាននាក់នៅអាស៊ីខាងត្បូងគ្មានលទ្ធភាពទទួលបានសេវាកម្មទឹកស្អាតទេ។ តែយូនីសេហ្វបានប៉ាន់ប្រមាណថា សេវាកម្មមួយនេះកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងថា ចំនួនកុមារទាំង ៤៥លាននាក់ដែលគ្មានលទ្ធភាពទទួលបានសេវាកម្មទឹកស្អាតនៅអាស៊ីខាងត្បូងនឹងធ្លាក់ចុះពាក់កណ្តាលពីពេលនេះទៅឆ្នាំ ២០៣០ ខាងមុខ។ ដោយឡែក និងក្រៅពីអាស៊ីខាងត្បូង មានកុមារចំនួន ១៣០លាននាក់រស់ក្នុងតំបន់អាហ្រ្វិកខាងកើត និងអាហ្វ្រិកខាងត្បូងក៏បានប្រឈមនឹងការខ្វះទឹកប្រើប្រាស់ខ្លាំងដែរ នេះបើតាមការសិក្សារបស់អង្គការ Unicef ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com