RFI
អន្តរជាតិ
អាមេរិក ជប៉ុន កូរ៉េខាងត្បូង ​បើកដំណើរការចែករំលែក​ទិន្នន័យគ្នា ស្តីពីការបាញ់​មីស៊ីលរបស់កូរ៉េខាងជើង
15, Nov 2023 , 7:59 am        
រូបភាព
រូបពី AP
រូបពី AP
ដោយ៖ម៉ម ពិសី /RFI
 
លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មានវត្តមាននៅទីក្រុងសេអ៊ូល ជួបប្រជុំជាមួយ​សមភាគីកូរ៉េខាងត្បូង លោក Shin Won Sik ។ ចំណែក​លោក​រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara មានវត្តមាន​ពីចំងាយ​ប្រព័ន្ធវីដេអូខុនហ្វឺរិនស៍​។ យោងតាមលិខិតប្រកាសរបស់​ក្រសួងការពារជាតិកូរ៉េខាងត្បូង គឺរដ្ឋមន្ត្រីទាំង​៣បាន​យល់ស្របគ្នាថា ការរៀបចំដាក់​ឲ្យដំណើរការនូវប្រព័ន្ធ​ចែករំលែកព័ត៌មាន​គ្នាទៅវិញទៅមក បានដើរមកដល់ដំណាក់​កាលចុងក្រោយជិតរួចរាល់ហើយ។ ដូច្នេះ​ប្រតិបត្តិការនេះ នឹងត្រូវចាប់​ផ្តើមដំណើរការជាផ្លូវការ​ នៅដើមខែ​ធ្នូ​។ បន្ថែមពីនេះ រដ្ឋមន្ត្រីទាំង​៣នាក់ បានយល់ស្របគ្នា ក្នុង​បង្កើតគម្រោងផែនការ​ច្រើនឆ្នាំ សំដៅ​រៀបចំសមយុទ្ធយោធារួមគ្នាទាំង​៣កងទ័ព ចាប់ពីខែ​មករាឆ្នាំក្រោយទៅ​។



ប្រភពពីក្រសួងការពារជាតិអា​មេរិកវិញ បានឲ្យដឹងថា ក្នុងពេលប្រជុំ រដ្ឋមន្ត្រីទាំង៣នាក់ បាន​និយាយគ្នាវាយតម្លៃទៅលើ​កត្តាសន្តិសុខតំបន់ ដែលកាន់តែរងការគំរាមកំហែង ជាក់ស្តែងដោយសារតែអាវុធមីស៊ីល​បាលីស្ទីក និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង​។ ក្រៅពីនេះ រដ្ឋមន្ត្រីការពារជាតិទាំង៣ បានថ្លែងថ្កោលទោសទៅលើ ចំណងសហប្រតិបត្តិការយោធា រវាង​រុស្ស៊ី និងកូរ៉េខាងជើង​ ដែលវាបំពានទៅនឹង​សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ​។ លោក​អង់តូនី ប្លីងកិន ដែលបានទៅក្រុងសេអ៊ូល​កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បានលើកឡើងថា​ចំណងសហការផ្នែកយោធា រវាងរុស្ស៊ី​និង​កូរ៉េខាងជើង កាន់តែ​ស្និទ្ធខ្លាំងឡើងដ៏គួរជាទីគ្រោះថ្នាក់បំផុត​។
 
គួររំលឹកថា សម្ព័ន្ធភាពរវាង អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានឈាន​កាន់តែរឹងមាំ បន្ទាប់​ពីលោកចូ បៃដិនបានរៀបចំជំនួប​កំពូលត្រីភាគី ជាលើកទី១ នៅឯ Camp David កាលពី​ខែ​សីហា។ គឺក្នុងឱកាសនោះហើយ ដែល​ថ្នាក់ដឹកនាំប្រទេស​ទាំង​៣ បានព្រមព្រៀងគ្នា ពង្រឹងសហប្រតិបត្តិការ​ផ្នែកសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការគំរាមកាន់តែខ្លាំងឡើងរបស់​ព្យុងយ៉ាង។
 
គួរបញ្ជាក់ដែរថា នៅទីក្រុងសេអ៊ូលថ្ងៃចន្ទទី​១៣វិច្ឆិកា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង ក៏បានចុះកិច្ចព្រមព្រៀងទ្វេរភាគីមួយដែរ ដើម្បី​កែប្រែសើរើ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រនៃវិធានការ​​សំឡុត​ ដែលប្រទេសទាំង​២បានចុះហត្ថលេខាកាលពី១០ឆ្នាំមុន​។ ដោយមិនបញ្ជាក់លំអិត​ថា​ ការកែប្រែថ្មីមានខ្លឹមសារយ៉ាងណាខ្លះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានត្រឹមបញ្ជាក់ថា ការ​កែប្រែថ្មីគឺដើម្បីឆ្លើយតបទៅភាពទំនើបឈានឡើង នៃ​គ្រឿងសព្វាវុធរបស់​កូរ៉េខាងជើង ហើយដែល​តម្រូវឲ្យ​កូរ៉េខាងត្បូងនិងអាមេរិក ត្រូវតែ​រិះរកមធ្យោបាយ​ថ្មី​ឲ្យ​សមស្របដើម្បី​កំញើញទៅវិញ​។ ផ្អែកតាម​កិច្ចព្រមព្រៀងចាស់ គឺសហរដ្ឋអាមេរិក​អាចមាន​លទ្ធភាព​ប្រើប្រាស់ គ្រប់​​មធ្យោបាយ​យុទ្ធសាស្ត្រកងទ័ព​​ទាំងអស់ ដោយរាប់ទាំងអាវុធនុយក្លេអ៊ែរ ដើម្បី​ការពារ​សម្ព័ន្ធរបស់ខ្លួន​៕

Tag:
 រូបពី AP
© រក្សាសិទ្ធិដោយ thmeythmey.com