កីឡាជាតិ
ជាតិ
វ៉ាត់ ចំរើន៖ ប្រដាល់គុនខ្មែរ ចែកជា៣កម្រិត គឺកម្រិតកីឡា ពាក់កណ្ដាលអាជីព និងអាជីព
15, Nov 2023 , 8:39 am        
រូបភាព
ឯកឧត្តម វ៉ាត់ ចំរើន ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
ឯកឧត្តម វ៉ាត់ ចំរើន ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
ការប្រកួតគុនខ្មែរ ចែកចេញជា ៣កម្រិត គឺកម្រិតកីឡា ពាក់កណ្ដាលអាជីព និងកម្រិតអាជីព។ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ព្រឹត្តិការណ៍ជ្រើសរើសជើងឯកគុនខ្មែរនៅទឹកដីអង្គរ នឹងដាក់បញ្ចូល ការប្រកួត កម្រិតកីឡា និងកម្រិតអាជីព។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅក្រុងសៀមរាប អគ្គលេខាធិការ NOCC រូបនេះ បានពន្យល់ពីកម្រិត នៃការប្រកួតគុនខ្មែរ ទាំង ៣កម្រិតនេះ។ កម្រិត១ គឺលក្ខណៈកីឡា។ លក្ខណៈកីឡា មានន័យថា ការប្រកួត ដែលត្រូវគោរពតាមបទបញ្ជារ និងមានស្មារតីកីឡាជាអន្ដរជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រកួតដោយយុត្តិធម៌ (Fair-play) មិនលម្អៀង ទៅលើក្រុមម្ចាស់ផ្ទះរៀបចំ ឬក៏ក្រុមភ្ញៀវអ្នកចូលរួម។ ការប្រកួតត្រូវប្រកាន់ខ្ជាប់ សុវត្ថភាព សុខភាពរបស់កីឡាករ-កីឡាការិនី។
 
«ស្មារតីកីឡាអន្ដរជាតិ គឺមានការរៀបចំ បទបញ្ជារការប្រកួតមួយ ដែលមានទំនុកចិត្តទៅដល់ ប្រទេសផ្សេងៗទៀត ឲ្យមានទំនុកចិត្ត ហើយគោរពគោលការ Fair-play ឲ្យបាន មានន័យថា មិនលម្អៀង មិនឲ្យមានការលម្អៀង មិនឲ្យមានការខុសគ្នា រវាង ម្ចាស់ផ្ទះ ហើយនិងជនបរទេស ឬក៏ម្ចាស់ផ្ទះ និងសមាជិកផ្សេងៗទៀត ត្រូវឲ្យមានសមភាពនិងគ្នា ទាំងបុរស និងស្ដ្រី ទាំងកីឡាករ ទាំងកីឡាការិនី។ ដែលមានវិជ្ជាជីវគុនខ្មែរនេះ គឺត្រូវមាន សិទ្ធស្មើគ្នា គោរពច្បាប់ទម្លាប់ មួយជាអន្ដរជាតិដូចគ្នា។ នេះ គឺជាចំណុចមួយ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
រីឯកម្រិត២ អគ្គលេខាធិការ NOCC ប្រាប់ថា គឺកម្រិតពាក់កណ្ដាលអាជីព។ កម្រិតពាក់កណ្ដាលអាជីព គឺជាការរៀបចំមួយ ដែលមានបទបញ្ជារការប្រកួត មិនធ្ងន់ពេក មិនស្រាលពេក ហើយគឺជាការប្រកួតមួយទាំងសម្លៀកបំពាក់ ស្រដៀងទៅនិងកីឡាអាជីពដែរ ព្រោះកីឡាពាក់កណ្ដាលអាជីព ហើយមានការការពារទាំងក្បាល កែងដៃ ជង្គង់ ស្មងជើង ទ្រូង។ ការរៀបចំនេះ គឺដាក់ពិន្ទុឲ្យម៉ត់ចត់ និងទៅតាមទីតាំង និងតាមការការពារ មិនមែនឲ្យពិន្ទុទៅលើ អ្នកណាសន្លប់ អ្នកណាមានប្រៀបទៅលើ ដៃគូប្រកួតខ្លាំង ធ្វើឲ្យដៃគូដួល ឲ្យទៅជាឈ្នះនោះទេ។ ប៉ុន្ដែគឺការការពារ ឈ្នះចាញ់ដោយពិន្ទុ។
 
ចំពោះប្រកួតប្រដាល់គុនខ្មែរកម្រិត៣ អគ្គលេខាធិការរូបនេះ បានប្រាប់ថា គឺជាលក្ខណៈអាជីព។ កម្រិតអាជីព សំដៅទៅលើការប្រកួតរបស់កីឡាករ-កីឡាការិនី ដើម្បីទ្រទ្រង់ជីវភាព ឬក៏ការប្រកួតដើម្បី កម្រៃ និងប្រាក់រង្វាន់។
 
លោក វ៉ាត់ ចំរើន ពន្យល់ថា៖«ការប្រកួតជាអាជីព គឺជាការប្រកួតមានលក្ខណៈហឹង្សាលក្ខណៈខ្លាំងក្លា ហើយហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីតែការប្រកួតមួយ ដើម្បីទ្រទ្រង់ជីវភាព ឬក៏បានកម្រៃ នៃការហ្វឹកហាត់របស់ខ្លួន។ នេះ គេហៅជាកីឡាគុនខ្មែរកម្រិតអាជីព។»។
 
លោក វ៉ាត់ ចំរើន បញ្ជាក់ថាបន្ថែមថា ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា គឺមានទាំងកម្រិតកីឡា និងកម្រិតអាជីព ព្រោះដើម្បីទាក់ និងផ្សព្វផ្សាយបន្ថែម ទៅដល់ប្រទេសដែលចូលរួម។ ការប្រកួតនាអំឡុងពេលនោះ គឺមានកីឡាករ-កីឡាការិនីជាតិ ប្រមាណជាង ៥០នាក់ និងកីឡាករ-កីឡាការិនីអន្ដរជាតិ ៦៥ ដោយការប្រកួតអាច១ ថ្ងៃ ចន្លោះពី ២០គូ ទៅ ៣០គូ៕

Tag:
 វ៉ាត់ ចំរើន
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com