អន្តរជាតិ
Truth Social បណ្តាញសង្គមរបស់លោក ត្រាំ ខាត៧៣លានដុល្លារ
15, Nov 2023 , 2:04 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
បណ្តាញសង្គម Truth Social ដែលជាកម្មសិទ្ធិរបស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានខាតបង់រហូតដល់៧៣លានដុល្លារ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២២។ នេះបើតាមឯកសារមួយពីក្រុមហ៊ុន Digital World Acquisition Corporation (DWAC) នៅថ្ងៃទី១៣ ខែវិច្ឆិកា ។ ដោយសារតែខាតបង់ហិរញ្ញវត្ថុច្រើនខ្លាំង បណ្តាញសង្គម Truth Social អាចបញ្ចូលជាមួយក្រុមហ៊ុន DWAC ដើម្បីបញ្ចៀសការបិទ។

ក្រោយត្រូវបានបណ្តាញសង្គម Facebook និង Twitter ព្យួរគណនី ក្រោមបទចោទពីការញុះញង់ឱ្យមានបាតុកម្មនៅវិមាន  Capitol ក្នុងឆ្នាំ២០២១ ព្រោះចាញ់ការបោះឆ្នោតប្រធានាធិបតី លោកដូណាល់ ត្រាំ អតីតមេដឹកនាំអាម៉េរិក បានបង្កើត បណ្តាញសង្គម Truth Social ដែលស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមហ៊ុន Trump Media & Technology Group (TMTG)។ 
 
យ៉ាងណាមិញ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បណ្តាញសង្គម Truth Social បានខាតបង់៧៣លានដុល្លារឯណោះ។ តាមឯកសារមួយពីក្រុមហ៊ុន Digital World Acquisition Corporation នៅថ្ងៃទី១៣ ខែវិច្ឆិកា នៅត្រឹមដំណាច់ឆ្នាំ២០២២ ក្រុមហ៊ុន TMTG បានខាតបង់លើសពី៥០លានដុល្លារ ហើយនៅពាក់កណ្តាលដំបូងនៃឆ្នាំ២០២៣ ក្រុមហ៊ុនមួយនេះ បានបាត់បង់ ២៣លានដុល្លារបន្ថែមទៀត។ 
 
«TMTG ជឿថា ខ្លួនអាចនឹងជួបបញ្ហាលំបាកលើការបន្ថែមហិរញ្ញវត្ថុបន្ថែម ពីប្រភពហិរញ្ញវត្ថុដើម»។ ឯកសារពីក្រុមហ៊ុន Digital World Acquisition Corporation បានសង្កត់ធ្ងន់បែបនេះ។ ឯកសារដដែល បានព្រមានថា លំហូរសាច់ប្រាក់អវិជ្ជមានបែបនេះ បានធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនពិបាក នៅក្នុងស្ថានភាពបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ 
 
ដោយប្រឈមនឹងការបិទ ក្រុមហ៊ុន DWAC មានបំណងចង់បញ្ចូលក្រុមហ៊ុនរបស់លោកត្រាំជាមួយក្រុមហ៊ុនខ្លួន ដើម្បីអាចរ៉ាប់រងចំពោះបំណុល និងបន្តប្រតិបត្តិការ។ ទន្ទឹមនេះ ក្រុមហ៊ុន Digital World Acquisition Corporation ក៏បានដាក់សំណើទៅគណៈកម្មការមូលបត្រអាម៉េរិក (SEC) ដើម្បីច្របាច់បញ្ចូលក្រុមហ៊ុនរបស់លោក ត្រាំ ជាមួយខ្លួនផងដែរ។ 
 
ពេលនេះ លោកត្រាំ ប្រឈមនឹងបទចោទ និងការស៊ើបអង្កេតជាច្រើនដូចជា គម្រោងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០, ការបង់ប្រាក់ឱ្យតារាអាសអាភាស និងការប្រើប្រាស់ឯកសារសម្ងាត់របស់រដ្ឋាភិបាលមិនត្រឹមត្រូវជាដើម៕

Tag:
 បណ្តាញសង្គម
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com