ជាតិ
ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ត្រូវបាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ
15, Nov 2023 , 4:11 pm        
រូបភាព
ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែតុលា «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា» ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការចាប់ពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះ។



ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា ដែលមានប្រវែងសរុប៨២៤ម៉ែត្រ ទទឹងសរុប២៤,៥ម៉ែត្រ។ ស្ពានកោះនរាជាស្ពានចរាចរណ៍ទ្វេទិស ដែលចំណាយថវិកាសាងសង់ជាង៣៨លានដុល្លាអាមេរិក។ ការសាងសង់បានបញ្ចប់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រោយចំណាយពេល៣៥ឆ្នាំ។

រីឯស្ពានបេតុងពីរទៀត ដែលមានឈ្មោះថា «ស្ពាននាគភ្លោះកោះនរា» ត្រូវបានសាងសង់ឡើងដើម្បីសម្រួលភ្ជាប់ការធ្វើដំណើរចេញពីកោះនរា ទៅផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប៦០ ទទឹង២១ម៉ែត្រ។ ដំណើរការសាងសង់ស្ពានទាំងពីរនេះ បានបញ្ចប់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពោលគឺប្រើរយៈពេល២៥ខែ ដោយចំណាយថវិកាជាង១,៦លានដុល្លារអាម៉េរិក។

សមិទ្ធផលថ្មីនេះ រួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ នៅប៉ែកខាងកើតនៃរាជធានី ជាង ២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ  ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com