សេដ្ឋកិច្ច
អន្តរជាតិ
ចិនគ្រោងបញ្ចេញកម្ចី១៣៧ពាន់លានដុល្លារដើម្បីស្តារវិស័យអចលនទ្រព្យ
15, Nov 2023 , 7:39 pm        
រូបភាព
សំណង់អគារមួយកន្លែងនៅខេត្ត គ័ងតុង ( ចិន) ។ រូបភាព ៖ AFP
សំណង់អគារមួយកន្លែងនៅខេត្ត គ័ងតុង ( ចិន) ។ រូបភាព ៖ AFP
ធនាគារកណ្តាលចិន (PBoC) នឹងបោះទុនប្រមាណ១៣៧ពាន់លានដុល្លារ ជាមួយអត្រាការប្រាក់ទាប ដើម្បីឱ្យប្រជាជនចិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញផ្ទះឡើងវិញ ។

 
បើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១៤ ខែវិច្ឆិកា ចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបប្រមាណ១ទ្រីលានយ័ន (ជាង ១៣៧ពាន់លានដុល្លារ) សម្រាប់ការជួសជុលផ្ទះនៅក្នុងទីក្រុង និងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរស់ឡើងវិញ។
 
ផែនការខាងលើនេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីរបស់ឧបនាយករដ្ឋមន្ត្រី He Lifeng ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការទប់ស្កាត់វិបត្តិអចលនទ្រព្យកំពុងតែផុងជ្រៅ បណ្តាលឱ្យមានកំណើនសេដ្ឋកិច្ចទាប និងទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះ។
 
ក្តីបារម្ភទីផ្សារអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យធំៗនៅចិនកំពុងកើនឡើង ខណៈដែលក្រុមហ៊ុនមួយចំនួនបានខកខានបំណុលរបស់ពួកគេ។ ធនាគារប្រជាជនចិន (PboC) នឹងបោះដើមទុនទាំងនេះជាដំណាក់កាលតាមរយៈគោលនយោបាយរបស់ខ្លួន ដើម្បីឱ្យបណ្តាគ្រួសារមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញផ្ទះ។
 
តាមរយៈប្រាក់កម្ចីបន្ថែមជាមួយអត្រាការប្រាក់ទាបនេះ​ នឹងអនុញ្ញាតឱ្យ PBoC បញ្ចេញទឹកប្រាក់ដល់ក្រុមហ៊ុនដែលចុះកិច្ចសន្យាគម្រោង ដើម្បីជួសជុលតំបន់លំនៅដ្ឋានដែលខូចខាត។ ក្រុមហ៊ុនអចលនទ្រព្យដូចជា China Resources Land Ltd. ជាក្រុមហ៊ុនដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការពង្រីកគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យកាលពីមុន។
 
ក្រោយពីប្រើប្រាស់ទុនកម្ចីដើម្បីទិញដីពីរដ្ឋាភិបាលក្នុងតំបន់ និងការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារដែលផ្ទះចាស់ត្រូវបានរុះរើផងនោះ ដូច្នេះប្រជាជនចិនអាចទិញអចលនទ្រព្យថ្មីដែលមានស្រាប់ ឬអាផាតមិនទើបសាងសង់ថ្មី ដែលនឹងធ្វើឲ្យតម្រូវការអចលនទ្រព្យប្រសើរឡើងវិញ។
 
នេះ​ជាផែនការចុងក្រោយបង្អស់ត្រូវបានចាប់ផ្តើម ចាប់តាំងពីចិនបានប្រកាសវិធានការជំរុញសេដ្ឋកិច្ចកាលពីខែមុន រួមទាំងការបង្កើនឱនភាពថវិកាដោយការចេញមូលបត្របំណុលរដ្ឋាភិបាលបន្ថែមចំនួន ១ទ្រីលានយ័ន៕ 

Tag:
 អចលនទ្រព្យ
  ចិន
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com