កីឡាជាតិ
ជាតិ
រិះគន់ពេក លើកជ្រុលពេក អត្តពលិក ក្លាយជាជនរងគ្រោះ!
16, Nov 2023 , 9:09 am        
រូបភាព
កីឡាករ ព្រំ សំណាង អំឡុងការប្រកួតគុនខ្មែរ ស៊ីហ្គេមលើកទី៣២
កីឡាករ ព្រំ សំណាង អំឡុងការប្រកួតគុនខ្មែរ ស៊ីហ្គេមលើកទី៣២
ទឹកចិត្តស្រលាញ់ និងគាំទ្រវិស័យកីឡា គឺជាចំណុចសំខាន់ ដែលមិនអាចខ្វះបាន។ ប៉ុន្តែអ្នកគាំទ្រ ត្រូវយល់ព្រមទទួលយកលទ្ធផល ក្រោយចប់ការប្រកួត ព្រោះការចាញ់-ឈ្នះ គឺជារឿងធម្មតានៅក្នុងវិស័យកីឡា។



ពិតមែនហើយពលរដ្ឋ ឬអ្នកគាំទ្រ ភាគច្រើន តែងតែចង់ឃើញក្រុម ឬកីឡាករ និងកីឡាការិនី សម្រេចបានលទ្ធផលល្អ និងជ័យជម្នះនៅក្នុងការប្រកួតតាមប្រភេទកីឡានីមួយៗ។ ដូច្នេះដើម្បីផ្គាប់ចិត្តអ្នកគាំទ្រខ្លួន ក្រុមជម្រើសជាតិក្តី ក្លិបអាជីពក្តី អត្តពលិក ឬកីឡាករ និងកីឡាការិនីក្តី សុទ្ធតែប្រឹងប្រែងហ្វឹកហាត់សម្រាប់ការប្រកួតរបស់ពួកគេ។ បើសិនជាការប្រកួតនោះ ពួកគេសម្រេចបានលទ្ធផលល្អ ឬបានជ័យជម្នះនោះ ពួកគេរួចផុតពីការរិះគន់ស្តីបន្ទោសបង្អាប់ ក្រោមរូបភាពនានា។ ប៉ុន្តែបើសិនជាពួកគេបរាជ័យក្នុងការប្រកួតនោះវិញ ការរិះគន់ និងប្រមាថ នឹងលេចចេញរូបរាងឡើង ជាពិសេសតាមបណ្ដាញសង្គមនិយម ហ្វេសប៊ុក TikTok ជាដើម។
 
ដូច្នេះសួរថា តើការបញ្ចេញមតិ ឬការរិះគន់របស់អ្នកគាំទ្រ ទៅលើក្រុម ឬអត្តពលិកនោះ ខុសមែនទេ? ចម្លើយ គឺមិនខុសទេ សម្រាប់ការបញ្ចេញមតិ និងរិះគន់ទាំងឡាយណា ដែលមិនប្រើពាក្យជេរប្រមាថ ឬពាក្យអសុរោះ។ ម្យ៉ាងទៀតការបញ្ចេញមតិរិះគន់ និងទស្សនៈយល់ឃើញរបស់អ្នកគាំទ្រនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេស្រឡាញ់ និងចង់ឃើញក្រុមជម្រើសជាតិ ក្លិបអាជីព និងអត្តពលិក ជោគជ័យ និងមានមុខមាត់លើឆាកអន្តរជាតិដែរ។
 
ប៉ុន្តែការរិះគន់ ឬបញ្ចេញមតិបែបប្រមាថ ,ប្រើប្រាស់ពាក្យអសុរោះ និងដាក់សម្ពាធលើអត្តពលិកនោះ មិនត្រូវបានលើកទឹកចិត្តឱ្យធ្វើបែបនេះឡើយ។ ជាពិសេសការរិះគន់ ឬប្រមាថ ទាំងមិនយល់ពីបច្ចេកទេសប្រកួតទៀតនោះ គឺរឹតតែមិនត្រឹមត្រូវទៀតហើយ។
 
ត្រង់ចំណុចនេះ អ្នកគាំទ្រទាំងឡាយ គប្បីយល់ថា ការប្រកួតរមែងមានចាញ់ មានឈ្នះ ឬបានលទ្ធផលស្មើគ្នា ព្រោះវាជាក្រឹត្យក្រមនៃច្បាប់កីឡា។ មួយវិញទៀត មិនថាក្រុមជម្រើសជាតិ ក្លិបអាជីព អត្តពលិកកម្ពុជាគ្រប់រូប សុទ្ធតែប្រឹងប្រែងហ្វឹកហាត់ មុននឹងចូលទីលាន ឬសង្វៀនប្រកួត ប៉ុន្តែគូបដិបក្ខ ឬគូប្រកួតយើង ក៏មិននៅស្ងៀមដែរ។ ពួកគេប្រឹងប្រែងហ្វឹកហាត់ដូចគ្នា។ យើងចង់ឈ្នះ គេក៏ចង់ឈ្នះ។ យើងខ្លាំង គេក៏មិនអន់ដែរ។ បើម្នាក់ៗសុទ្ធតែចង់ឈ្នះ គឺវាអាស្រ័យលើសមត្ថភាពរៀងខ្លួន នៅលើទីលាន ឬសង្វៀនហើយ។
  


បើនិយាយពីការប្រកួតនៅលើទីលាន ឬសង្វៀន​ គេត្រូវមើលលើបច្ចេកទេស សមត្ថភាព និងកម្លាំងកីឡាករ -កីឡាការិនីវិញហើយ ដ្បិតអីគូប្រកួតក៏បានហ្វឹកហាត់យ៉ាងខ្លាំងក្លាដូចគ្នា។ និយាយត្រង់ចំណុចនេះ យើងសូមលើកយកករណីកីឡាករជួរមុខកម្ពុជា ព្រំ សំណាង ប្រកួតជាមួយ Dave Leduc នៃកម្មវិធីសេនាគុនខ្មែរ កាលពីថ្ងៃទី៥ វិច្ឆិកា កន្លងមក។ ការប្រកួតនេះ ចៅក្រមសម្រេចឱ្យលទ្ធផលស្មើគ្នា ។
 
ប៉ុន្តែអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តឡើយ ដោយនាំគ្នារិះគន់ បន្ទោសបង្អាប់ទៅលើកីឡាករ ព្រំ សំណាង ថា «មិនសមជាកីឡាករជួរមុខកម្ពុជា », អ្នកខ្លះថា «ព្រំ សំណាង ចូលនិវត្តន៍ទៅ» អ្នកខ្លះ «ព្រំ សំណាង វាយមិនល្អ ឬមិនកើត» ជាដើម។ ការរិះគន់នេះ ក្រោយពេល ព្រំ សំណាង មានបញ្ហារបួសមុខធ្ងន់ធ្ងរ ដោយសាររងកណ្ដាប់ដៃធ្ងន់ៗ ពីកីឡាករ Dave Leduc ស្ដេចប្រដាល់មីយ៉ាន់ម៉ា។
 
តែបើយើងសម្លឹងមើលទៅលើការប្រកួតនោះវិញ Dave Leduc មិនមែន«ដំឡូងមូល» មកឈរឱ្យ ព្រំ សំណាង វាយ ឬទាត់ដោយងាយៗនោះទេ។ Dave Leduc ក៏ទំនងជាដឹងច្បាស់ពីបច្ចេកទេសវាយរបស់ ព្រំ សំណាង ថា «ខ្លាំងអ្វី ពូកែអ្វីដែរ»!។ 
 
សម្រាប់ការប្រកួតនេះ យើងសូមលើកយកភាពឆ្លាតវៃ របស់ Dave Leduc មកបង្ហាញអ្នកគាំទ្រឱ្យពិចារណា។ អំឡុងពេលប្រកួតមួយទឹក រយៈពេល៩នាទី នៃកម្មវិធីសេនាគុនខ្មែរនោះ Dave Leduc បានព្យាយាមវាយពីចម្ងាយ ដោយមិនឱ្យ ព្រំ សំណាង ចូលកៀកខ្លួនបានឡើយ។ នោះក៏ព្រោះតែ Leduc អាចដឹងថា ព្រំ សំណាង ពូកែឡើងជង្គង់ និងប្រើកែង ពេលចូលឱប ឬកៀក។ សម្រាប់ការប្រកួតនោះ ព្រំ សំណាង ក៏មានឱកាសទាត់ និងម៉ាត់ទៅលើ Dave Leduc ជាច្រើនផងដែរ ប៉ុន្តែ Leduc បិទឃុំមុខ និងតាំងជំហរបានល្អ ដែលធ្វើឱ្យ សំណាង ពិបាកយកឈ្នះ។
 
ម្យ៉ាងវិញទៀត ការវាយដោយរុំអំបោះឆៅនេះ វាក៏ជំនាញរបស់ Dave Leduc កីឡាករ Lethwei របស់មីយ៉ាន់ម៉ា ដែលពូកែប្រើកណ្ដាប់វាយចំគោលដៅទៅលើមុខ និងដងខ្លួនគូប្រកួតផងដែរ។ កីឡាករកម្ពស់១,៩០ម៉ែត្ររូបនេះ វាយចេញមួយៗ តែចំគោលដៅច្បាស់។ Dave Leduc បំបាក់កីឡាករល្បីៗនៅមីយ៉ាន់ម៉ា មិនតិចទេ ដោយសារកណ្ដាប់ដៃនេះ។ នេះមិនទាន់គិតដល់កម្លាំងកីឡាករ ព្រំ សំណាង ផង ខណៈការប្រកួតរហូតដល់៩នាទី ដូច្នេះបើភ្លាត់ស្នៀតបន្តិច គឺរបួសធ្ងន់ធ្ងរហើយ ដោយសារបញ្ហាកម្លាំងនេះ។ ព្រំ សំណាង ដែលមានបទពិសោធន៍ប្រកួតវាយអំបោះឆៅ៣លើកនេះ ឆ្លងកាត់ប្រកួតជាង១០០លើកនោះ ធ្លាប់តែវាយពាក់ហ្គង់ដៃ និង៣នាទីម្ដង សម្រាកឱ្យទឹកប៉ុណ្ណោះ។ ប៉ុន្តែលក្ខខណ្ឌសេនាគុនខ្មែរ កាលពីថ្ងៃទី៥ វិច្ឆិកា បានសម្រេចឱ្យ ព្រំ សំណាង និង Dave Leduc ស្មើគ្នា ដោយសារកីឡាករទាំងពីរ មិនមានអ្នកសន្លប់ ឬបញ្ឈប់ការប្រកួត។

ដូច្នេះអ្នកគំាទ្រ ក៏ខកចិត្តចំពោះលទ្ធផលនេះ។ ខកចិត្តដោយសារអ្នកគាំទ្រ ជឿជាក់ខ្ពស់ពេក មានទំនុកចិត្តខ្លាំងពេក មានសង្ឃឹមច្រើនពេកលើ ព្រំ សំណាង ថា អាចផ្ដួល Dave Leduc បាន។ ប៉ុន្តែការប្រកួតជាក់ស្ដែងខុសពីការរំពឹងទុក។ ព្រំ សំណាង ខ្លាំង ,ឯ Dave Leduc ក៏មិនអន់ដែរ។ 
 
មិនមែន ព្រំ សំណាង មិនចង់ឈ្នះ Dave Leduc ទេ ប៉ុន្តែមក Leduc ល្អ ហើយខ្លាំងមាំដែរ។ ព្រំ សំណាង ក៏បានចេញវីដេអូសុំទោសអ្នកគាំទ្រ ដែលខកចិត្តចំពោះលទ្ធផលនេះ។ រូបគេ អះអាងថា បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ សម្រាប់ការប្រកួតនេះ។
 
​បើនិយាយដោយឡែកមួយទៀត លើសពីលទ្ធផលចាញ់-ឈ្នះនេះ ការប្រកួតកីឡា ក៏ជាកាទូតមួយសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ , ប្រជាជន និងប្រជាជន , ជំរុញវិស័យទេសចរ និងលើកមុខមាត់ប្រទេសជាតិ តាមរូបភាពផ្សេងៗផងដែរ។ ចំណុចនេះ ព្រំ​ សំណាង មិនអាចផ្ដួល Dave Leduc បានមែន ប៉ុន្តែពិភពលោក បានស្គាល់ប្រដាល់គុនខ្មែរ តាមរយៈកម្មវិធីសេនាគុនខ្មែរ។ 
 
សរុបមកវិញ អ្នកគាំទ្រ គប្បីយល់ព្រមទទួលយកលទ្ធផលនោះ។ ហើយបើចង់រិះគន់ គឺរិះគន់ក្នុងន័យស្ថាបនានូវចំណុចខ្វះខាតនៃលក្ខណៈបច្ចេកទេសរបស់ក្រុម ឬអត្តពលិកទាំងនោះ ចៀសវាងបញ្ចេញមតិ ឬរិះគន់ ក្នុងន័យបន្ទោសបង្អាប់ ដាក់សម្ពាធបន្ថែមដល់អត្តពលិក កីឡាករ និងកីឡាការិនី។ 
 
អ្នកគាំទ្រ នៅតែជាមនុស្សសំខាន់ ក្នុងវិស័យកីឡា ដែលមិនអាចខ្វះបាន។ អ្នកគាំទ្រ ត្រូវតែបន្តការជឿជាក់ និងក្តីសង្ឃឹមក្រុមជម្រើសជាតិ និងអត្តពលិកតំណាងជាតិ។ អ្នកគាំទ្រ ត្រូវតែបន្តលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ និងអត្តពលិកតំណាងជាតិ ព្រោះវាជាការឱ្យតម្លៃដ៏ធំធេងសម្រាប់ពួកគេ។
 


ចំណែកអត្តពលិក កីឡាករ កីឡាការិនី និងក្លិបអាជីពជាដើម ត្រូវទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន នៅពេលអ្នកគាំទ្ររិះគន់ ឬបញ្ចេញមតិនានា។ អត្តពលិក កីឡាករ កីឡាការិនី មិនត្រូវមានជំងឺតួឯកខ្លាំងពេក ដែលនាំឱ្យបរាជ័យវិញនោះឡើយ នៅពេលទទួលបានការកោតសរសើរ និងលើកទឹកចិត្ត ពីសំណាក់អ្នកគាំទ្រ។ ជំងឺតួឯកនេះ នឹងធ្វើឱ្យអត្តពលិក កីឡាករ កីឡាការិនីខ្លួន បាត់បង់ឱកាស និងភាពល្បីល្បាញខ្លួនវិញ ជាពិសេសបាត់បង់ការសាមគ្គីជាក្រុម , លែងសូវប្រឹងប្រែងហ្វឹកហាត់ ដែលនាំឱ្យបាត់បង់គុណភាពកម្រិតលេង និងបាត់បង់ទំនាក់ទំនងពីមិត្តរួមក្រុម និងអស់ជំនឿចិត្តពីសំណាក់អ្នកគាំទ្រជាដើម។
  

ដូចពាក្យខ្មែរពោលថា «គេសរសើរឱ្យភ័យ គេស្តីឱ្យ ត្រូវប្រឹង» ។ អត្តពលិក ទាំងអស់ត្រូវចងចាំពាក្យនេះ ឱ្យបានខ្ជាប់ខ្ជួន គ្រប់កាលៈទេសៈ ព្រោះអ្នកទាំងអស់គ្នា ស្ថិតនៅក្រោមក្រសែភ្នែក និងការគាំទ្រពីសំណាក់មហាជន។
 
ជ្រុងមួយនៃទស្សនៈ ៖ វិស័យកីឡា បច្ចុប្បន្ន កំពុងរីកចម្រើន!

បើយើងក្រឡេកមើលទៅ១០ ឬ២០ឆ្នាំមុន ដោយមិនធៀបនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលកម្ពុជាទើបទទួលបានឯករាជ្យពីបារាំងនោះ វិស័យកីឡានៅកម្ពុជាបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
 
កាលពី១០ ឬ២០ឆ្នាំមុន រាល់ពេលក្រុមជម្រើសជាតិ ឬកីឡាករ និងកីឡាការិនី ប្រកួតចាញ់ម្ដងៗ តែងតែឮពាក្យចេញពីមាត់អ្នកគាំទ្ររិះគន់ថា កីឡាករនេះ កីឡាការិនីនោះ លក់គ្រាប់ ឬលទ្ធផល ដើម្បីធ្វើជាចាញ់គេ ជាថ្នូរនឹងប្រាក់តម្លៃខ្លួនហើយ។ ជំនាន់នោះ អាចជាការពិត ឬមិនពិត ព្រោះប្រាក់ខែអត្តពលិក ត្រឹមតែ១០ម៉ឺន ទៅ២០ម៉ឺនរៀល។ អត្តពលិកខ្លះ ចេញពីហ្វឹកហាត់ ក៏ទៅរត់ម៉ូតូឌុប ឬរបរផ្សេងតាមជំនាញរបស់ខ្លួន ដើម្បីរកកម្រៃបន្ថែម។
 
ប៉ុន្តែសម្រាប់អត្តពលិក កីឡាករ កីឡាការិនី ក្នុងវិស័យកីឡាបច្ចុប្បន្ន ទំនងមិនសូវជួបបញ្ហាលំបាកលើប្រាក់ចំណូលដូចមុនឡើយ។ កីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងគុណភាពសម្រាប់ការប្រកួតប្រជែងនោះ គឺក្លិបអាជីពនីមួយៗ រង់ចាំស្វាគមន៍ ជាមួយប្រាក់ខែសមរម្យ ទៅតាមសមត្ថភាពពួកគេ។ ហើយបើកីឡាករ កីឡាការិនីរូបនោះ អាចបង្កើតភាពល្បីល្បាញសម្រាប់ខ្លួនទៀតនោះ តម្លៃខ្លួន ឬប្រាក់ខែរបស់ពួកគេ ក៏មិនក្រោម៥០០ដុល្លារដែរ ជាមធ្យម។ នេះមិនទាន់រាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភនានា ក្នុងអំឡុងពេលប្រកួត និងក្រោយការប្រកួតទទួលបានលទ្ធផលល្អ ឬជោគជ័យទៀតផង។
 
ជាក់ស្ដែងដូចជាការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភា និងមិថុនា ២០២៣ នេះ ដែលអត្តពលិកកម្ពុជា សម្រេចបានមេដាយជូនជាតិនោះ គឺទទួលបានប្រាក់ឧបត្ថម្ភមិនតិចពីរដ្ឋាភិបាលឡើយ។  សម្រាប់កីឡាករ កីឡាការិនី ដែលសម្រេចបានមេដាយមាស ទទួលបាន ៤០លានរៀល (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០លានរៀល (ជាង៧ពាន់ដុល្លារ) និងមេដាយសំរឹទ្ធិទទួលបាន១៦លានរៀល (ជាង៣ពាន់ដុល្លារ)។ 
 
មេដាយមាសមួយ បានប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារ ហើយបើអត្តពលិកម្នាក់ សម្រេចបានមេដាយមាស៥គ្រឿង គឺ៥ម៉ឺនដុល្លារ ។ នេះបើតាមការឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលបានប្រគល់ប្រាក់រង្វាន់ជូនដល់អត្តពលិកទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេមអស់ហើយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ 
 
ដោយឡែកសម្ដេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចំណាយថវិកាផ្ទាល់សរុបជិត៧លានដុល្លារអាម៉េរិកថែមទៀត ជាប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់កីឡាករ-កីឡាការិនី ដែលឈ្នះមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ 
 
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC/CAMAPGOC) នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេច ហ៊ុន សែន សរុប ២៨ ១៣៤ ៩០០០០០រៀល ដោយក្នុងនោះ ២៣ ៣៤៣ ៦០០ ០០០ រៀល សម្រាប់អត្តពលិកស៊ីហ្គេម និង ៤ ៧៩១ ៣០០ ០០០ រៀល ប្រគល់ជូនអត្តពលិកប៉ារ៉ាហ្គេម ដែលរៀបចំនៅទីស្ដីការក្រសួងការពារជាតិ។ អត្តពលិកស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលដណ្តើមបានមេដាយមាសមួយ ទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៥ពាន់ដុល្លារ ប្រាក់ ៣ពាន់ដុល្លារ និងសំរឹទ្ធ ២ពាន់ដុល្លារបន្ថែមទៀត ពីសម្ដេច ហ៊ុន សែន។
 
រដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសម្បុរសជននានា ផ្ដល់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ដើម្បីឱ្យពួកគេប្រឹងប្រែងហ្វឹកហាត់ ឱ្យក្លាយជាកីឡាករ ដែលមានគុណភាពក្នុងការប្រកួត។ ជាពិសេសលុបបំបាត់ភាពពុករលួយ និងការទិញលក់លទ្ធផលទុកមុន។ ដូច្នេះអ្នកគាំទ្រសម័យបច្ចុប្បន្ន គួរឈប់រិះគន់ថា កីឡាករ កីឡាការិនីលក់លទ្ធផលទុកមុនទៀតទៅ ព្រោះបើពួកគេឈ្នះ គឺបានប្រាក់ឧបត្ថម្ភច្រើនជាងការលក់ក្បាល ឬលទ្ធផលទុកមុនទៅទៀត។ 
 
លើសពីនេះ អត្តពលិកល្បីខ្លះទៀត មិនទាន់ប្រកួតដឹងចាញ់-ឈ្នះផង ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសម្បុរសជននានា លើសពីតម្លៃខ្លួនប្រកួតបាត់ទៅហើយ។ ជាក់ស្ដែងដូចកីឡាករ ព្រំ សំណាង ប្រកួតជាមួយ Dave Leduc បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា កាលពីថ្ងៃទី៥ វិច្ឆិកា នៃព្រឹត្តិការណ៍ប្រកួតសេនាគុនខ្មែរ ជាដើម។ គ្រាន់តែ ព្រំ សំណាង កំពុងថ្វាយបង្គំគុណគ្រូតាមរបៀបបុរាណ នៃក្បួនប្រដាល់នោះ ក៏ទទួលបានប្រាក់ឧបត្ថម្ភខ្ទង់ពាន់ដុល្លារ ពីសម្បុរសជននានា បាត់ទៅហើយ។ ដូច្នេះប្រាកដណាស់ថា ព្រំ សំណាង ពិតជាចង់ឈ្នះ Dave Leduc ក្នុងការប្រកួតនោះណាស់។
 


នោះគ្រាន់តែជាករណីមួយជ្រុងទេ! ចុះបើមើលលើវិស័យកីឡាទាំងមូលវិញ តើរីកចម្រើនទេ? ពិតណាស់គឺរីកចម្រើន។ យើងមិនគួរណាមើលលើការប្រកួតត្រឹមតែលទ្ធផលចាញ់-ឈ្នះ នោះទេ។ ពិតណាស់ច្បាប់កីឡា គឺមានការកំណត់ចាញ់ ឈ្នះ និងស្មើគ្នា។ ប៉ុន្តែយើងមិនអាចមើលលើលទ្ធផលឈ្នះ ទើបគិតថា វិស័យកីឡាកម្ពុជា រីកចម្រើននោះទេ។ ពេលខ្លះ លទ្ធផលចាញ់ ក៏យើងអាចមើលឃើញពីភាពរីកចម្រើននៃវិស័យកីឡាបានដែរ។ ភាពរីកចម្រើននេះ គឺសំដៅលើបច្ចេកទេសប្រកួត។ ចាញ់គេពិតមែន ប៉ុន្តែទម្រង់លេងល្អជាងមុន, មានស្មារតីជាក្រុម, ភាពស៊ីចង្វាក់, ការប្រុងប្រយ័ត្នជាងមុន , សន្ទុះ និងកម្លាំង ក្នុងការប្រកួតល្អជាងមុន ។ ជាពិសេសការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្លួនជាដើម។
 
តួយ៉ាងដូចការប្រកួតរវាងក្រុមជម្រើសជាតិបាល់ទាត់បុរសកម្ពុជា ជាមួយក្រុមថៃ និងវៀតណាមជាដើម។ អ្នកគាំទ្រ ពិតជាចង់ឃើញជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមទាំងពីរនេះណាស់។ តែជម្រើសជាតិឈុតធំកម្ពុជា មិនទាន់អាចធ្វើបាននៅឡើយ។ ប៉ុន្តែកម្ពុជា អាចកាត់បន្ថយលទ្ធផលពីការចាញ់ច្រើនគ្រាប់ មកតិចបាន អមជាមួយបច្ចេកទេសលេង ដែលធ្វើឱ្យថៃ មានការព្រួយបារម្ភផងដែរ។ កាលពីឆ្នាំ១៩៩៥ កម្ពុជា ចាញ់ថៃ ៩-០ , កម្ពុជា ចាញ់ថៃ ៤-០ នៅឆ្នាំ១៩៩៧ និងចាញ់៧-០ នៅឆ្នាំ២០០១ នៃព្រឹត្តិការណ៍ស៊ីហ្គេម។ តែការប្រកួតចុងក្រោយ កម្ពុជា ចាញ់ថៃ ដោយលទ្ធផល៣-១ នៃពានរង្វាន់ AFF Champion។
 
ក្រៅពីវិស័យបាល់ទាត់ ក៏មានវិស័យបាល់ទះ ដែលកម្ពុជា អាចដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ បាល់ទះកម្ពុជា ក៏បានបំបែកកំណត់ត្រា ដោយឈ្នះមេដាយប្រាក់ នៅការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ។ កីឡាហែលទឹកកម្ពុជា ក៏បានបំបែកកំណត់ត្រា សម្រេចបានមេដាយសំរឹទ្ធ នៅស៊ីហ្គេមវៀតណាមផងដែរ។
 
បើនិយាយសរុបទាំងមូល កម្ពុជា បានសម្រេចមេដាយចំនួន ៦៣ នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម និងសម្រេចបានមេដាយ២៨២ នៃស៊ីហ្គេម លើកទី៣២ ដែលជាការបំបែកកំណត់ត្រាចាស់ខ្លួន កាលពីឆ្នាំ១៩៧១ ដែលសម្រេចបាន៥៣មេដាយ នៅម៉ាឡេស៊ី ។ សរុបទាំងមេដាយស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ គឺសម្រេចបានចំនួន៣៥៣មេដាយ ក្នុងនោះមេដាយមាស៩០ ប្រាក់៩២ និងសំរឹទ្ធ១៧១។
 
តែយ៉ាងណាលទ្ធផលនេះ មិនមែនមានន័យថា វិស័យកីឡាកម្ពុជាខ្លាំងនោះទេ ពោលគឺនៅមានកម្រិត ហើយត្រូវការពង្រឹងសមត្ថភាព និងគុណភាពថែមទៀត ខណៈប្រទេសដទៃទៀត កំពុងរីកចម្រើនខ្លាំង និងប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពដូចគ្នា។
 
សរុបមកវិញ អ្នកគាំទ្រ នៅតែអាចរិះគន់ ដើម្បីស្ថាបនាលើអត្តពលិក ឬក្លិបអាជីព និងក្រុមជម្រើសជាតិបាន តែការបញ្ចេញមតិនោះ ត្រូវផ្សារភ្ចាប់ជាមួយពុទ្ធិ និងចំណេះដឹងផ្នែកបច្ចេកទេសកីឡាផងដែរ ពោលគឺមិនត្រូវរិះគន់ ដោយការស្អប់ ឬខឹងសម្បារ ព្រោះតែលទ្ធផលបរាជ័យនោះទេ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រ ត្រូវប្ដូរទម្លាប់មើលការប្រកួត ពីការសម្លឹងឃើញតែលទ្ធផល មកមើលលើបច្ចេកទេសលេង ក្នុងការប្រកួតឱ្យបានច្រើនជាងមុន ទើបអាចវាយតម្លៃលើការរីកចម្រើនរបស់ក្រុម និងកីឡាករ កីឡាការិនីបានត្រឹមត្រូវ។
 
អ្នកគាំទ្រគឺជាកម្លាំងស្នូលដ៏សំខាន់! បើគ្មានអ្នកគាំទ្រ វិស័យកីឡា ក៏មិនអាចរីកចម្រើនបានដែរ៕

Tag:
 អត្ដពលិក
© រក្សាសិទ្ធិដោយ thmeythmey.com