RFI
អន្តរជាតិ
របាយការណ៍HRW៖ ស្ត្រីជប៉ុនជាប់ពន្ធនាគារ រងការធ្វើបាប និងការមិនយកចិត្តទុកដាក់ផ្នែកសុខភាព 
×![]()
ដោយ៖ ម៉ម ពិសី/RFI
របាយការណ៍ការនេះ បានផ្អែកលើសក្ខីកម្ម របស់ស្ត្រីជប៉ុនប្រមាណ៦០នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ និងផ្អែកលើក្រុមមេធាវីជំនាញច្បាប់ព្រហ្មទណ្ឌជប៉ុន ចំនួន១១នាក់។ នៅចន្លោះពីឆ្នាំ២០១១ ដល់២០១៧ ក្នុងចំណោមស្ត្រីជប៉ុនជាប់ពន្ធនាគារចំនួន១៨៧នាក់ ដែលបានសម្រាលកូន គឺមានតែ៣នាក់ទេ ដែលត្រូវបានគេអនុញ្ញាតឲ្យនៅជាមួយកូន។ នេះបើផ្អែកតាមតួលេខ របស់ក្រសួងយុត្តិធម៌ជប៉ុន។
អង្គការ Human Rights Watch លើកឡើងថា ការពង្រាត់កូនពីម្តាយភ្លាមៗបែបនេះ វាអាចជាកត្តាមួយដ៏ធំ ប៉ះពាល់ដល់សតិអារម្មណ៍ សុខភាពផ្លូវចិត្ត ទាំងម្តាយទាំងទារក។ ជាងនេះទៀត អាជ្ញាធរជប៉ុន កម្រនឹងជូនដំណឹងទៅស្ត្រីជាម្តាយណាស់ ថាការពិត យោងតាមច្បាប់ គឺពួកគេអាចមានសិទ្ធិសុំទុកកូនឲ្យនៅជាមួយក្នុងពន្ធនាគារ រយៈពេល១២ខែ ក្រោយសម្រាលហើយ។
យោងតាមរបាយការណ៍ មន្ត្រីខ្លះនៃក្រសួងយុត្តិធម៌ជប៉ុន បានទទួលស្គាល់ថា ស្ត្រីដែលត្រូវឆ្លងទន្លេ ត្រូវគេបញ្ជូនយកទៅមន្ទីរពេទ្យសម្ភព ដែលនៅកៀកបំផុតនឹងមន្ទីរឃុំឃាំង ហើយជាទូទៅ គឺពួកគេត្រូវជាប់ខ្នោះ រហូតទាល់តែដល់ពេលចូលបន្ទប់សម្រាលកូន។ ហើយពេលចេញពីបន្ទប់សម្រាលកូនហើយភ្លាម គឺត្រូវគេដាក់ខ្នោះដៃវិញភ្លាមដែរ។ យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ជប៉ុន ធ្លាប់បានអះអាងប្រាប់អង្គការ Human Rights Watch ថា ក្នុងបន្ទប់សម្រាលកូន គឺមិនត្រូវឲ្យដាក់ខ្នោះទេ ហើយពេលបំបៅកូន ពរកូន មុជទឹក ឬដូរកន្ទបឲ្យទារក ក៏ត្រូវដោះខ្នោះដៃចេញដែរ។
របាយការណ៍ បានទាញសញ្ញាអាសន្នដែរ ថាប្រព័ន្ធពន្ធនាគារជប៉ុន មិនឆ្លើយតបទៅនឹងចំនួនអ្នកទោសមានវ័យចំណាស់ ដែលកាន់តែកើនច្រើនឡើងៗ។ នៅជប៉ុន ក្នុងឆ្នាំ២០២១ ក្នុងចំណោមអ្នកទោសភេទស្រី ដែលចាប់ផ្តើមចូលអនុវត្តទោសក្នុងពន្ធនាគារ គឺមាន២០%ហើយ ដែលមានអាយុ៦៥ឆ្នាំនិងលើសនេះ ខណៈអ្នកទោសភេទប្រុស មាន១៣%។ ពោលគឺចំនួនអ្នកទោសភេទស្រី បានកើន៤ដងក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅឆ្នាំ២០០៣។
អង្គការ Human Rights Watch បានលើកឡើងថា ពន្ធនាគារជប៉ុន មានប្រព័ន្ធសុខាភិបាល មិនល្អគ្រប់គ្រាន់ ដោយខ្វះមធ្យោយ សម្ភារៈ បរិក្ខា គ្រូពេទ្យ និងខ្វះការយកចិត្តទុកដាក់។
បន្ថែមពីនេះទៀត មានការប្រើប្រាស់ជាញឹកញាប់ នូវវិធានការបង្ឃាំងអ្នកទោសក្នុងបន្ទប់ងងឹត មិនឲ្យឃើញពន្លឺថ្ងៃ ព្រមទាំងការធ្វើបាប រើសអើងខ្លាំង ទៅលើអ្នកទោសប្តូរភេទជាដើម។
សូមបញ្ជាក់ថា យោងតាមតួលេខផ្លូវការ នៅឆ្នាំ២០២១មានស្ត្រីជប៉ុន ចំនួនជិត៤០០០នាក់ ដែលជាប់ពន្ធនាគារ ពោលគឺប្រមាណ៩% នៃចំនួនអ្នកទោសសរុប។ ភាគច្រើននៃអ្នកទោសភេទស្រី គឺជាប់ទោសពីបទល្មើសលួច និង បទល្មើសប្រើប្រាស់គ្រឿងញៀនជាដើម។ ចំនួនស្ត្រីជប៉ុនជាប់ពន្ធនាគារច្រើន ដោយសារបទល្មើស លហុ ឬបទល្មើសមជ្ឈឹម ក៏ព្រោះតែច្បាប់ព្រហ្មទណ្ឌជប៉ុន មិនបានកំណត់ទោសផ្សេង ក្រៅពីទោសជាប់ពន្ធនាគារទេ។
បណ្តាញព័ត៌មានបារាំង បានព្យាយាមទាក់ទងទៅក្រសួងយុត្តិធម៌ជប៉ុន សុំការបំភ្លឺទាក់ទិននឹងរបាយការណ៍របស់ អង្គការ Human Rights Watch ។ ក្រសួងយុត្តិធម៌ជប៉ុន បានបដិសេធថាមិនទាន់អាចប្រតិកម្មអ្វីបានទេ ទៅលើរបាយការណ៍នេះ។ តែយ៉ាងណា ក្រសួងបានធានាអះអាងថា ពន្ធនាគារជប៉ុនមានប្រព័ន្ធថែទាំសុខភាពអ្នកទោស ដោយគោរពទៅតាមក្រិត្យក្រមសុខាភិបាល ដូចក្នុងសង្គមជាទូទៅ៕
Tag:
មន្ទីឃុំឃាំងមួយនៅក្រុងតូក្យូ ប្រទេសជប៉ុន។ ថ្ងៃទី ១០ មិថុនា ២០១៩ AP - Koji Sasahara
© រក្សាសិទ្ធិដោយ thmeythmey.com