RFI
អន្តរជាតិ
របាយការណ៍៖ ចំនួនជនរងគ្រោះដោយសារគ្រាប់មីនកើនឡើងនៅក្នុងពិភពលោក 
×![]()
ដោយ៖ឈាង បុប្ផា/ RFI
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយនៅថ្ងៃអង្គារ អង្គការLandmine and Cluster Munition Monitor ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសបានបង្ហាញថា នៅឆ្នាំ ២០២២ មនុស្សស្លាប់ ឬរបួសដោយសារគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្រ្គាម មានចំនួន៤៧១០ ពោលគឺថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានមនុស្សស្លាប់ ឬរបួសដោយសារមីន ចំនួនជាង៥ពាន់នាក់។
ប៉ុន្តែ ជាការកត់សំគាល់ ថ្វីបើចំនួនមនុស្សស្លាប់ឬរបួសដោយសារគ្រាប់មីនជាទូទៅ បានធ្លាក់ថយចុះបើធៀបនឹងឆ្នាំ២០២១ ចំនួនមនុស្សរងគ្រោះដោយសារគ្រាប់មីនប្រឆាំងមនុស្សជាតិបានហក់កើនឡើង៥០% បើធៀបនឹងឆ្នាំ ២០២១។ តាមការពន្យល់របស់អង្គការ Landmine and Cluster Munition Monitor ចំនួនជនរងគ្រោះដោយសារគ្រាប់មីនប្រឆាំងមនុស្សជាតិកើនឡើង ដោយសារការប្រើប្រាស់មីនមានចំនួនកើនឡើង នៅក្នុងសង្រ្គាមស៊ីវិលនៅភូមា និងសង្រ្គាមអ៊ុយក្រែន។
បើតាមការលើកឡើងរបស់អង្គការសង្កេតការណ៍មីន គ្រប់ភាគីជម្លោះ មិនថា រដ្ឋ ឬក្រុមប្រដាប់អាវុធ ជាអ្នកទទួលខុសត្រូវក្នុងរឿងបង្កប់មីនប្រឆាំងមនុស្សជាតិ។ នៅឆ្នាំ ២០២២ ក្រុមប្រដាប់អាវុធ បានប្រើគ្រាប់មីនប្រឆាំងមនុស្សជាតិ នៅក្នុងប្រទេសយ៉ាងតិច៥ ដូចជា កូឡុំប៊ី ឥណ្ឌា ថៃ ភូមា និងទុយនីស៊ី។
នៅក្នុងសង្រ្គាមអ៊ុយក្រែន ទាំងភាគីអ៊ុយក្រែន និងរុស្ស៊ីបានរងការចោទប្រកាន់ថា ជាអ្នកបង្កប់គ្រាប់មីនប្រឆាំងមនុស្សជាតិ នៅក្នុងទឹកដីអ៊ុយក្រែន។ ដោយសារតែអ៊ុយក្រែនផ្ទាល់បានបង្កប់គ្រាប់មីន នៅក្នុងទឹកដីរបស់ខ្លួន ពោលនៅជុំវិញក្រុង ដែលមានកងទ័ពរុស្ស៊ីកាន់កាប់ គួបផ្សំនឹងការពង្រាយមីនរបស់រុស្ស៊ី ចំនួនមនុស្សរងគ្រោះដោយសារគ្រាប់មីនប្រឆាំងមនុស្សជាតិ នៅអ៊ុយក្រែនកើនឡើង១០ដង បើធៀបនឹងឆ្នាំ ២០២១។ នៅត្រង់ចំណុចនេះ អង្គការសង្កេតការណ៍មីនបានបញ្ជាក់ការភ្ញាក់ផ្អើល ព្រោះថា នេះជាលើកទី១ មិនធ្លាប់មាន ដែលប្រទេសមិនចុះហត្ថលេខាលើសន្ធិសញ្ញាហាមប្រាមគ្រាប់មីន ដូចជារុស្ស៊ី ប្រើប្រាស់គ្រាប់មីននៅក្នុងទឹកដីរបស់ប្រទេសមួយដែលផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញា ក្រុងអូតាវ៉ា។
ជារួម ប្រទេសចំនួន៦០ និងដែនដីមួយចំនួន នៅក្នុងពិភពលោក មានរាយបង្កប់ ទៅដោយគ្រាប់មីនប្រឆាំងមនុស្សជាតិ។ ស៊ីរី ស្ថិតនៅលើចំណាត់ថ្នាក់លើគេ (បីឆ្នាំជាប់គ្នា) ខាងមានមនុស្សស្លាប់ ឬរបួសដោយសារគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកពីសង្រ្គាម ។ បន្ទាប់មកគឺអ៊ុយក្រែន យេម៉ែន និងភូមា។
គ្រាប់មីនប្រឆាំងមនុស្សជាតិ ដែលគេកប់នៅក្រោមដី ឬបង្កប់ បាំងក្រោមស្លឹកឈើ គ្រោះថ្នាក់សម្លាប់ ឬធ្វើឲ្យមនុស្សពិការដាច់ដៃ ដាច់ជើង នោះបើទោះបីសង្រ្គាមបានចប់យូរហើយក្តី។
នៅក្នុងរបាយការណ៍ អង្គការសង្កេតការណ៍គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានដាក់បញ្ចូលជាលើកទី១ប្រទេសអាមេនី ទៅក្នុងបញ្ជីរក្រុមប្រទេសផលិតមីនប្រឆាំងមនុស្សជាតិ ដែលមានចំនួន ១២ប្រទេស ដូចជា ចិន រុស្ស៊ីជាដើម។ អង្គការ Landmine and Cluster Munition Monitoចេញផ្សាយរបស់ខ្លួន នៅមុនការរៀបចំសន្និសីទប្រចាំឆ្នាំ លើកទី ២១ របស់ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាហាមការប្រើប្រាស់គ្រាប់មីន ដែលប្រព្រឹត្តទៅ នៅចុងខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។ ប្រទេសចំនួន ១៦៤នៅក្នុងពិភពលោក បានចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ដែលមានគោលដៅហាម ប្រើប្រាស់ ស្តុក ផលិត ឬលក់បញ្ជូនគ្រាប់មីនប្រឆាំងមនុស្សជាតិ៕
Tag:
ទាហានអ៊ុយក្រែនដើរនៅក្រៅក្រុងខាងគីវ AP - Natacha Pisarenko
© រក្សាសិទ្ធិដោយ thmeythmey.com