សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ២,១ភាគរយនៅត្រីមាសទី៣ ដោយសារការវិនិយោគទន់ខ្សោយ
16, Nov 2023 , 5:29 pm        
រូបភាព
ទិដ្ឋភាពមើលអគារ Tokyo Tower ពីចម្ថាយ  ។ រូបភាព ៖ AFP
ទិដ្ឋភាពមើលអគារ Tokyo Tower ពីចម្ថាយ ។ រូបភាព ៖ AFP
បន្ទាប់ពីកំណើនពីរត្រីមាសជាប់ៗគ្នា  ផលិតក្នុងស្រុកសរុប(GDP)របស់ជប៉ុនបានធ្លាក់ចុះ២,១ភាគរយនៅក្នុងត្រីមាសទី៣ ដោយសារតែការតម្រូវប្រើប្រាស់ និងការវិនិយោគចុះខ្សោយ។

 
រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងអត្រា២,១ភាគរយនៅត្រីមាសទី៣នៃឆ្នាំនេះ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះ។ ទិន្នន័យដែលបានបង្ហាញនេះ អាក្រក់ជាងការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចសម្រាប់ការធ្លាក់ចុះប្រចាំឆ្នាំ ០,៤២ភាគរយ ។ 
 
បញ្ហាមួយដែលនាំដល់ការធ្លាក់ចុះនេះ គឺការប្រើប្រាស់ឯកជននៅជប៉ុនបានថយចុះ ០,០៤ភាគរយនៅក្នុងខែកក្កដា ដល់ខែកញ្ញា ដោយសារអតិផរណាបន្តអូសទាញនាប៉ុន្មានខែថ្មីៗនេះ។ ចំណែកការវិនិយោគអាជីវកម្មក៏បានធ្លាក់ចុះ០,៦ភាគរយផងដែរ បន្ទាប់ពីបានធ្លាក់ចុះ ១ភាគរយនៅត្រីមាសទី២ ព្រោះក្រុមហ៊ុនបន្តកាត់បន្ថយការចំណាយដើមទុនស្របពេលមានការកើនឡើងថ្លៃដើម។
 
ទន្ទឹមនេះ ការនាំចូលបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជប៉ុនកើនឡើងត្រឹម១ភាគរយ ក្រោយពីការស្ទុះងើបឡើងវិញពីការធ្លាក់ចុះខ្លាំង ៣,៨ភាគរយនៅក្នុងត្រីមាសទី២ ខណៈការនាំចេញបានកើនឡើង ០,៥ភាគរយប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា  នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ សេដ្ឋកិច្ចជប៉ុនមានកំណើន៣,៧ភាគរយ ខណៈត្រីមាសទី២ បានឡើងខ្លាំងក្នុងអត្រា៤,៥ភាគរយ ៕ 
 

Tag:
 ជប៉ុន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com