កីឡាជាតិ
ជាតិ
ចំណោមប្រទេសសមាជិកគុនខ្មែរជាង៦០ រុស្ស៊ី និងអុីរ៉ង់ មានសន្ទុះអ្នកហ្វឹកហាត់ច្រើនជាងគេ
18, Nov 2023 , 7:59 am        
រូបភាព
ចំណោមប្រទេសសមាជិកប្រដាល់គុនខ្មែរជាង៦០ប្រទេស រុស្ស៊ី និងអ៊ីរ៉ង់ មានសន្ទុះអ្នកហ្វឹកហាត់ច្រើនជាងគេ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) ដោយអ្នកហាត់គុនខ្មែរ ពីបណ្ដាប្រទេសសាមជិកនោះ មានប្រមាណជាង ៥០០០នាក់ ក្នុងនោះ ៣០០នាក់ជាប្រជាជនអ៊ីរ៉ង់។ រុស្ស៊ី នឹងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយកម្ពុជា ក្នុងកិច្ចសហការគាំទ្រ លើវិស័យប្រដាល់គុនខ្មែរ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

 
លោក វ៉ាត់ ចំរើន បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ថាអ្នកហាត់គុនខ្មែរ ដែលមានពីបណ្ដាល ៦០ប្រទេស ជាសមាជិកសហព័ន្ធប្រដាល់គុនខ្មែរអន្ដរជាតិ មានចំនួនប្រមាណជាង ៥០០០នាក់។ អគ្គលេខាធិការរូបនេះ សម្លឹងឃើញថា រុស្ស៊ី និងអ៊ីរ៉ង់ មានសន្ទុះខ្លាំងជាងគេ។
 
មន្ដ្រីជាន់ខ្ពស់រូបនេះ បន្ថែមថា រុស្ស៊ី មានជំនក់ចិត្តខ្លាំង ជាមួយក្បាច់គុនបុរាណខ្មែរនេះ ហើយក៏ចង់បានគ្រូបង្វឹកកម្ពុជា ទៅបង្ហាត់នៅប្រទេសគេ ផងដែរ។ កម្ពុជា នឹងចុះ MOU ជាមួយរុស្ស៊ី ក្នុងកិច្ចសហការអភិវឌ្ឍន៍ប្រដាល់គុនខ្មែរ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ 
 
ដូច្នេះគ្នានេះដែរ លោក វ៉ាត់ ចំរើន ក៏សម្លឹងឃើញថា សន្ទុះ នៃអ្នកហ្វឹកហាត់ប្រដាល់គុនខ្មែរ កើនឡើងខ្លាំង នៅប្រទេសអ៊ីរ៉ង់ ដោយមានចំនួន ប្រមាណជាង ៣០០នាក់ ហើយក្នុងនោះ ភាគច្រើនជាកីឡាករ-កីឡាការិនីវ័យក្មេងៗ។
 
ដោយឡែក ប្រទេសជាសមាជិកគុនខ្មែរទាំងអស់ នឹងមកចូលរួមមហាសន្និបាតធំ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប៕
 

Tag:
 ប្រដាល់គុនខ្មែរ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com