ជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងMural រៀបចំពិព័រណ៍​គំនូរ និងប្រគុំតន្រ្តី៣ថ្ងៃ នៅ Factory Phnom Penh
17, Nov 2023 , 8:19 pm        
រូបភាព
ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានសហការជាមួយ Murals for Cambodia Festival បង្កើតព្រឹត្តិការណ៍ប្រគុំតន្រ្តី និងពិព័រណ៍​គំនូរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែវិច្ឆិកា នៅ Factory Phnom Penh។ ព្រឹត្តិការណ៍នេះ មានការចូលរួមពី តារាចម្រៀង និងសិល្បៈករគំនូរចម្រុះជាតិសាសន៍ជាច្រើននាក់ ដែលពួកគេបានបញ្ចេញស្នាដៃគំនូរពាក់ព័ន្ធព្រៃឈើ និងសត្វព្រៃ ភ្ជាប់ជាមួយអត្ថន័យអភិរក្ស។



នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញ តាមរយៈស្នាដៃគំនូរ របស់វិចិត្រករល្បីៗ ក្នុងក្រុម Murals for Cambodia។ 
 
តំបន់ជួរភ្នំក្រវាញ មិនតែជាជម្រកសត្វព្រៃដ៏មានសក្ដានុពលនោះទេ ប៉ុន្តែវាក៏បានចូលរួមផ្ដល់តាំងអុកស៊ីសែន ទឹក និងប្រភពថាមពលអគ្គិសនី សម្រាប់បម្រើដល់ការស់នៅរបស់ពលរដ្ឋជុំវិញ។ ទាំងនេះ គឺជាអ្វីដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង Murals ចង់បង្ហាញទៅកាន់ទស្សនិកជន តាមរយៈគំនូរសត្វព្រៃជាច្រើនផ្ទាំង នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍គំនូរ រយៈពេល៣ថ្ងៃនេះ។ 
 
លោក ហ្វុងគី (Fonki) តំណាងក្រុម Mural For Cambodia បានលើកឡើងថា កាលពីពេលថ្មីៗនេះ លោក និងក្រុមសិល្បៈករគំនូរ ៨នាក់ផ្សេងទៀត ទៅគូសគំនូរចំនួន៥ផ្ទាំងលើជញ្ជាំងសាលាជីផាត ស្ថិតក្នុងស្រុកឃុំជីផាត ស្រុកថ្មរបាំង ខេត្តកោះកុង។ គំនូរទាំងនេះមានដូចជា រូបសត្វខ្លាធំ ព្រៃឈើ និងគំនូរដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
 
លោក អះអាងថា រាល់សិល្បៈគំនូរដែលបានគូសទាំងអស់ គឺសុទ្ធសឹងបានឆ្លុះបញ្ចាំងអំពីសង្គម ​និងបង្កប់នូវអត្ថន័យនៃការអភិរក្សសត្វព្រៃ៕ 

Tag:
 អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
  Mural For Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com