ជាតិ
ប្រុងប្រយ័ត្ន! តំបន់មាត់សមុទ្រ នឹងមានរលកខ្ពស់ៗ រួមទាំងខ្យល់បោកបក់ខ្លាំងរយៈពេល៣ថ្ងៃ
18, Nov 2023 , 12:09 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជានឹងរងសម្ពាធពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ឥទ្ធិពលនៃសម្ពាធខ្យល់មូសុងនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រអាចមានរលកខ្ពស់ៗ និងខ្យល់បោកបក់ខ្លាំង ។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨វិច្ឆិកានេះ តំបន់តាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារមណ្ឌលគិរី និងខេត្តរតនគិរី ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០ អង្សាសេ។ 
 
ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ មាសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងអតិបរមាពី ២៨-៣០ អង្សាសេដែលបណ្តាលឱ្យមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៤-៦ម៉ែត្រក្នុងមួយវិនាទី។
 
លើសពីនេះ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០ ដល់ ១,៥០ម៉ែត្រ។ ចំពោះអ្នកដំណើរ និងអ្នកនេសាទតាមសមុទ្រ អាចមានខ្យល់និងរលកសមុទ្យដែលមានកម្ពស់ខ្ពស់ពិសេសចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ខែវិច្ឆិកា។
 
តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី ២២-២៤ អង្សាសេ និងអតិបរមាពី២៨-៣១ អង្សាសេ នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រក្នុងមួយវិនាទី។
 
ដោយឡែក នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៩-២២ អង្សាសេ និងអតិបរមាពី ២៧-២៩អង្សាសេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រក្នុងមួយវិនាទីផងដែរ។ 
 
សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់សារធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនៅតំបន់ទាំងនេះផងដែរ៕
 

Tag:
 អាកាលធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com