ជាតិ
អ្នកជំនាញទទូចឱ្យមានគោលនយោបាយរៀបចំលំនៅឋានក្នុងទីក្រុងឱ្យបានសមស្របរវាងអ្នកមាននិងអ្នកក្រ
18, Nov 2023 , 4:09 pm        
រូបភាព
សៀមរាប៖ កំណើនប្រជាជននៅទីក្រុង កំពុងប្រឈមទៅនឹងបញ្ហាជាច្រើន ក្នុងនោះរាប់ទាំងលំនៅឋាន មិនសមស្របរវាងអ្នកមាន និងអ្នកក្រកាន់តែច្រើនឡើង។ ពលរដ្ឋមានជីវភាពមធ្យម និងក្រីក្រ ពិបាកក្នុងការមានលំនៅឋានមួយសមរម្យ ខណៈដែលដីធ្លីក្នុងទីក្រុងមានតម្លៃថ្លៃ។

 
នាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia) លោកស្រី ប៊ើណាដេត បូឡូ ដូធី (Bernadette Bolo Duthy) លើកឡើងថា​ដ្បិតថាកម្ពុជាកំពុងមានការអភិវឌ្ឍលឿនទៅមុខល្អប្រសើរយ៉ាងណាក្ដី តែក្នុងនោះក៏មានបញ្ហាប្រឈមកំពុងកើតឡើងដំណាលគ្នាដែរ ពិសេសការមានលំនៅឋាន​រស់នៅសមស្របរវាងអ្នកមាននិងអ្នកក្រ។ អ្នកមានជីវភាពមធ្យម និងក្រីក្រ រស់នៅតំបន់មិនរៀបរយ គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទឹកស្អាត និងភ្លើង ក៏មិនមានប្រើប្រាស់គ្រប់គ្រាន់ដែរ។ 
 
នាយិការូបនេះជំរុញឱ្យកម្ពុជាពន្លឿនការរៀបចំគោលដៅអភិវឌ្ឍន៍ទី១១របស់ខ្លួនដែលនិយាយពីទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព ដែលគោលការណ៍នេះស្របតាមគោលនយោបាយ ឬចក្ខុវិស័យរបស់អង្គការ Habitat ដែលចង់ឱ្យពិភពលោកមួយរស់នៅដោយភាពរីករាយ។ 

ក្នុងកម្មវិធីកិច្ចសន្ទនាអំពីលំនៅឋានក្នុងទីក្រុង ដែលរៀបចំឡើងនៅថ្ងៃទី១៧ វិច្ឆិកា លោកស្រី ប៊ើណាដេត បន្ថែមថា ប្រជាជនប្រមាណ១០០០លាននាក់នៅលើពិភពលោកនាពេលបច្ចុប្បន្នដែលកំពុងរស់នៅ ដែលមិនមានរបៀបរៀបរយ និងមិនទទួលបានការអភិវឌ្ឍស្មើគ្នា ក្នុងនោះផ្ទះសម្បែងពួកគេ​មិនមានសេវាសំខាន់ៗដូចជាទឹកស្អាត អគ្គិសនី មិនមានសិទ្ធិកាន់កាប់ដីធ្លី​និងមិនមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រីបន្ថែមថា៖«​យើងអាចនិយាយជាក់ស្ដែងបានថា ផ្ទះខ្លះមិនមានទឹកស្អាតប្រើប្រាស់ និងប្រឈមងាយឆ្លងជំងឺ ខ្លះមិនមានសិទ្ធិកាន់កាប់ដីធ្លី និងប្រឈមនឹងការរឹបអូសនាពេលខាងមុខ។ ផ្ទះខ្លះមិនមានភាពរឹងមាំទេ និងប្រឈមនឹងគ្រោះធម្មជាតិផ្សេងៗ»។ លោកស្រីបន្ថែមថា ទាំងនេះជាអ្វីដែលរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធគួរធ្វើការទាំងអស់គ្នា ដើម្បីជំរុញឱ្យមានការកែលម្អទិដ្ឋភាពទាំងនោះ និងធានាផ្តល់លំនៅឋានស្មើគ្នារវាងអ្នកមាន និងអ្នកក្រ។ 
 

 
អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប្រាក់ អង្គារ៉ា កំណើនប្រជាជនចូលមករស់នៅទីក្រុងមានការកើនឡើងខ្ពស់ គឺជាង៥០ភាគរយក្នុងរយៈពេល​១៧ឆ្នាំចុងក្រោយនេះ ដែលពេលនោះមានត្រឹម២៧ភាគរយប៉ុណ្ណោះ។ លោក អង្គារ៉ា បន្ថែមថា ការចំណាកស្រុកចូលទីក្រុង ភាគច្រើនដើម្បីរកការងារធ្វើ ហើយចរន្តនេះមានដូចគ្នានៅលើសាកលលោក។  
 
ដើម្បីរៀបចំ និងដោះស្រាយបញ្ហានេះលំនៅនេះដែរ ក៏ដូចជាចង់ឱ្យប្រជាជនមានលំនៅឋាន​រស់នៅសមរម្យនៅក្នុងទីក្រុង រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី បានសហការមួយក្រុមហ៊ុនដៃគូ បានសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលមធ្យម និងទាប។ យ៉ាងណា លោក អង្គារ៉ា ទទួលស្គាល់ថា គោលការណ៍នេះមិនទាន់ឆ្លើយតបតាមកំណើនពលរដ្ឋដែលមានជីវភាពមធ្យម និងទាបឡើយ ដែលទាមទារដៃគូពាក់ព័ន្ធជួយដោះស្រាយបន្ថែមទៀត។
 
ទាក់ទងនឹងការអភិវឌ្ឍតំបន់ទីក្រុង និងមានការបណ្ដេញពលរដ្ឋចេញពីតំបន់នោះ លោក សុខ វណ្ណា អ្នកគ្រប់គ្រងប្រចាំប្រទេសនៃអង្គការ UN Habitat មិនយល់ស្របចំពោះគោលការណ៍នេះឡើយ។ លោកលើកឡើងទៅកាន់អ្នកចូលរួមប្រមាណ៣០នាក់ដូច្នេះថា៖« តាមបទពិសោធន៍ ការអភិវឌ្ឍនៅហ្នឹងកន្លែង ជាដំណោះស្រាយតែមួយគត់ដែលទទួលបានជោគជ័យ ការចំណាកប្រជាជនចេញពីទីក្រុង កន្លែងថ្មី គឺភាគច្រើនមិនទទួលបានជោគជ័យទេ ហើយការវិនិយោគ គឺ១០ដងធៀបនឹងការវិនិយោគនៅហ្នឹងកន្លែង ទាមទារទុន និងពេលច្រើន»។ 
 
ប្រធានអង្គការដដែលលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល ថាគួរមានការអភិវឌ្ឍនៅហ្នឹងកន្លែង តាមរយៈការផ្ដល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅតំបន់នោះ ឬសង់ជាផ្ទះដែលមានតម្លៃសមរម្យ ឬទាប ឬការចែកតំបន់ដីមួយផ្នែកជូនពលរដ្ឋ និងមួយផ្នែកយកមករដ្ឋវិញ ជាក់ស្ដែងដូចការរៀបចំនៅ​តំបន់បុរីកីឡាជាដើម៕

Tag:
 លំនៅឋានក្នុងទីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com