ជាតិ
បទសម្ភាសន៍
វីដេអូ
ការរៀន បានផ្លាស់ប្តូរខ្សែជីវិតលោកស្រី ប៊ុន ចាន់និមល
19, Nov 2023 , 10:29 am        
រូបភាព
ភ្នំពេញ៖ លោកស្រី ប៊ុន ចាន់និមល គឺជាអ្នកនិពន្ធ និងជាម្ចាស់ផលិតកម្មសាស្ត្រា។ លោកស្រី គឺជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបានតស៊ូក្រាញននៀលក្នុងការសិក្សា  នៅពេលដែលគ្រួសារមានជីវភាពក្រលំបាកខ្លាំង ក្រោយការផ្លាស់ប្តូរទីលំនៅពីកម្ពុជាក្រោម មករស់នៅកម្ពុជា។  ទោះត្រូវនឿយលំបាកយ៉ាងណាក៏លោកស្រី មិនព្រមបោះបង់ការសិក្សា ព្រោះតែមានជំនឿមុតមាំថា មានតែការខំរៀនតែមួយមុខគត់ ដែលអាចផ្លាស់ប្តូរ ជោគវាសនាខ្លួនបាន ជួយគ្រួសារ និងអ្នកដទៃបាន។

 
ដោយចង់ឱ្យបទពិសោធន៍របស់ខ្លួន ក្លាយជាឧទាហរណ៍សម្រាប់កុមារដទៃទៀត លោកស្រី ប៊ុន ចាន់និមល បានសរសេរសៀវភៅ «ខ្ញុំក្រ ខ្ញុំត្រូវតែរៀន» ដែលលាតត្រដាងពីខ្សែជីវិតជូរចត់របស់ខ្លួនកាលពីកុមារភាពដើម្បីតែការរៀនសូត្រ។ នៅក្នុងបទសម្ភាសជាមួយលោកស្រី ប៊ុន ចាន់និមល ឱ្យដឹងថា ខ្លួនសរសេរសៀវភៅនេះព្រោះចង់រួមចំណែកផ្លាស់ប្តូរជីវិតអ្នកដទៃតាមរយៈសៀវភៅ និងចង់ឱ្យកុមារជឿថា ការរៀនគឺពិតជាផ្លាស់ប្តូរខ្សែជីវិតរបស់ពួកគេបាន។ អ្នកនិពន្ធរូបនេះ សង្ឃឹមថាសៀវភៅ«ខ្ញុំក្រ ខ្ញុំត្រូវតែរៀន»នេះ ជួយជំរុញនិងលើកទឹកចិត្តកុមារកម្ពុជា ឱ្យកំណត់យកការខិតខំប្រឹងប្រែងរៀនជារឿងអាទិភាពដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោកស្រី ប៊ុន ចាន់និមល ដូចតទៅ៖
 

សូមជម្រាបដែរថា បន្ទាប់បានឃើញស្នាដៃសៀវភៅប្រកបដោយការជំរុញចិត្តកុមារនេះ អង្គការ អេត អេ អាក់ស្យុង កម្ពុជា បានសុំសិទ្ធិបោះពុម្ពផ្សាយសៀវភៅនេះ ពីអ្នកនិពន្ធ ដើម្បីចែកជូនទៅដល់កុមារ ៥ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា។ នេះ អង្គការ អេត អេ អាក់ស្យុង កម្ពុជា ដែលធ្វើការក្នុងវិស័យអប់រំប្រមាណ២០ឆ្នាំមកហើយនោះ ក៏ជឿជាក់ដែរថា សៀវភៅ នឹងក្លាយជាឧទាហរណ៍ និងការជំរុញចិត្តបន្ថែម ដល់កុមារ ពិសេសកុមារនៅទីជនបទ ឱ្យឱហាតក្នុងការសិក្សា៕
 








Tag:
 អប់រំ
  រៀន
  និពន្ធ
  ប៊ុន ចាន់និមល
© រក្សាសិទ្ធិដោយ thmeythmey.com