អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូងព្រមានចិនពីកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយរុស្ស៊ី និងកូរ៉េខាងជើង
20, Nov 2023 , 11:00 am        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព Reuters
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព Reuters
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ព្រមានចិនពីការចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយរុស្ស៊ី និងកូរ៉េខាងជើង ក្រោមហេតុផលថា ប្រទេសទាំងបីមានផលប្រយោជន៍ខុសៗគ្នា។ បើតាមលោក​ យូន រដ្ឋាភិបាលក្រុងប៉េកាំង មានតួនាទីដ៏សំខាន់ ក្នុងការលើកតម្កើងសេរីភាព សន្តិភាព និងវិបុលភាព។

 
មុនបំពេញទស្សនកិច្ចនៅអង់គ្លេស លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់កិច្ចសម្ភាសជាមួយសារព័ត៌មាន The Telegraph ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា។ មេដឹកនាំវ័យរូបនេះ បានទទូចឱ្យចិនកុំចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ដែលអាចបម្រើប្រយោជន៍ឱ្យរុស្ស៊ី និងកូរ៉េខាងជើង។ 
 
«ចិន ទំនងអាចពិចារណាក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងជើង និងរុស្ស៊ី ដែលបានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ និងបទដ្ឋានអន្តរជាតិ»។ មេដឹកនាំកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វត្តមាន ក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីខាងលើ នឹងធ្វើឱ្យចិនបាក់មុខលើឆាកអន្តរជាតិ។ 
 
លោកប្រធានាធិបតី បានកត់សម្គាល់ថា ប្រទេសទាំងបី មានផលប្រយោជន៍ខុសៗគ្នា ហើយវានឹងមិនអាចបម្រើប្រយោជន៍ឱ្យក្រុងប៉េកាំងឡើយ ប្រសិនបើចូលរួមជាមួយក្រុងមូស្គូ និងក្រុងប៉េកាំង។ ជាជាងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ លោក យូន បានចាត់ទុកចិន មានតួនាទីដ៏សំខាន់ក្នុងការលើកតម្កើងសន្តិភាព សេរីភាព និងវិបុលភាព នៅក្នុងតំបន់អាស៊ីខាងកើត។ 
 
បន្ថែមពីនេះ លោកប្រធានាធិបតី បានបង្ហាញពីក្តីបារម្ភជុំវិញកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ីផង ដែលវាអាចជាការបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងជាការបង្ករឿង ដែលគំរាមដល់សន្តិភាពលើឧបទ្វីបកូរ៉េ និងអាស៊ីបូព៌ា ក៏ដូចជាអឺរ៉ុប។ 
 
បើតាមលោកយូន ការផ្តល់អាវុធរបស់ក្រុងព្យុងយ៉ាងទៅឱ្យក្រុងមូស្គូ មានតែបន្តសង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះ ហើយឱ្យប្រជាជនស៊ីវិលជាច្រើននាក់បន្តរងគ្រោះ។ ចំណែកការផ្តល់អាវុធ ឬបច្ចេកវិទ្យាយោធាដល់កូរ៉េខាងជើង មានតែធ្វើឱ្យប៉ះពាល់ដល់សន្តិភាពកូរ៉េខាងត្បូង និងក្នុងតំបន់ប៉ុណ្ណោះ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោក គីម ជុងអ៊ុនកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាជួយបច្ចេកវិទ្យាផ្កាយរណប ក្រោយកូរ៉េខាងជើង បានបរាជ័យជាបន្តបន្ទាប់។ 
 
ក្នុងកិច្ចសម្ភាសដដែល លោក យូន បានអំពាវនាវរកការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអង់គ្លេសផងដែរ ស្របពេលពិភពលោក កំពុងមានភាពស្មុគស្មាញដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា, សង្រ្គាមនៅអ៊ុយក្រែន និងជំងឺឆ្លងជាដើម។ 
 
នាទស្សនកិច្ចនៅឡុងដ៍ លោក យូន គ្រោងចូលគាល់មហាក្សត្រអង់គ្លេស ឆាលស៍ទី៣ នៅថ្ងៃទី២១ ខែវិច្ឆិកា និងជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak នៅថ្ងៃទី២២ ខែវិច្ឆិកា៕ 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  រុស្ស៊ី
  អាម៉េរិក
  ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com