កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 រកឃើញ ៨ក្រុម បន្ថែមទៀតឈ្នះកៅអីទៅអាល្លឺម៉ង់
20, Nov 2023 , 12:12 pm        
រូបភាព
ប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 រកឃើញក្រុមចំនួន ៨ បន្ថែមទៀត មាន អង់គ្លេស, អាល់បានី, ហុងគ្រី, ស៊ែប៊ី, ដាណឺម៉ាក់, រ៉ូម៉ានី, ស្វ៊ីស និង ​ស្លូវ៉ាគី​ ទៅកាន់ការប្រកួតក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំក្រោយ។ ក្រុមមួយចំនួនផ្សេងទៀត ក៏កំពុងស្វែងរកឱកាសប្រជែងកៅអី នៅការប្រកួតចុងក្រោយរបស់ពួកគេ។



កាលពីខែតុលា ក្រុមដែលបានកក់កៅអីហើយ រួមមាន​អាល្លឺម៉ង់ (ម្ចាស់ផ្ទះ), អូទ្រីស, បែលហ្ស៊ិក, បារាំង, ព័រទុយហ្កាល់, ស្កុតឡែន, អេស្ប៉ាញ និងតួកគី។
 
អង់គ្លេស ក្នុងពូល C រកបានកៅអីសម្រាប់ជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 របស់ក្រោយពេលការប្រកួតយកឈ្នះលើក្រុមម៉ាល់តា លទ្ធផល ២-០ ហើយរកបាន ១៩ពិន្ទុ ឈរក្នុងនាមជាក្រុមកំពូលតារាង។ 
 
អង់គ្លេសនៅសល់ការប្រកួតមួយលើកចុងក្រោយទល់នឹងក្រុមម៉ាសេដ្វានខាងជើង នៅថ្ងៃទី២១ ខែវិច្ឆិកា។ ស្ថិតក្នុងពូល C ដូចគ្នា អ៊ីតាលី ដែលកំពុងនៅចំណាត់ថ្នាក់លេខ​ ២ កំពុងតែមានភាពតានតឹងពីការប្រជែង ដោយក្រុមអ៊ុយក្រែនស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ១៣ពិន្ទុស្មើគ្នា ខណៈនៅសល់ ១ប្រកួតដូចៗគ្នា។
 
ក្រុមអាល់បានី ជាក្រុមកំពូលតារាង ស្ថិតក្នុង E ក៏ជាក្រុមមួយដែលរក្សាបានកៅអីរួចជាស្រេច បើទោះជាពួកគេមានគម្លាតពិន្ទុ មិនដាច់ឆ្ងាយពីក្រុមចំណាត់ថ្នាក់លេខ ២ ក៏ដោយ។ អាល់បានី សល់ ១ប្រកួតក្នុងដៃ ខណៈដែលក្រុមសាធារណៈរដ្ឋឆេក ដែលស្ថិតនៅលេខ ២ ក៏សម្លឹងរកមើលការប្រកួតប្រជែងពិន្ទុ ដើម្បីអាចឈ្នះកៅអីរបស់ខ្លួនផងដែរ។ 
 
ប៉ូឡូញក្នុងពូល ​E ខកខានឱកាសក្រោយឆ្លងកាត់ ៨ ប្រកួត រកបានត្រឹម ១១ពិន្ទុ នៅចំណាត់ថ្នាក់លេខ ៣ ចំណែកម៉ូលដាវី ដែលនៅលេខ ៤ មាន​ ១០ពិន្ទុ ក៏ត្រូវប្រជែងទល់នឹងសាធារណៈរដ្ឋឆេក ដើម្បីតំណែងលេខ ២ ដូចគ្នា ទោះខ្លួនស្ថិតនៅចំណាត់ថ្នាក់លេខ ៤​ ក្តី។
 
ពូល G បញ្ចប់ការប្រកួតទាំងស្រុង ដោយរកឃើញក្រុមហុងគ្រី ជាក្រុមស្ថិតនៅកំពូលតារាងមាន ១៨ពិន្ទុ និងក្រុមស៊ែប៊ី លេខ ២ មាន ១៤ពិន្ទុ​ បន្ទាប់ពីក្រុមទាំងពីរនេះបានយកឈ្នះការប្រកួត មួយលើកចុងក្រោយរៀងៗខ្លួន។​
 
ក្រឡែកទៅកាន់ពូល H វិញ គឺមានតែក្រុមដាណឺម៉ាក់មួយប៉ុណ្ណោះ ដែលដណ្តើមបានកៅអីជុំផ្តាច់ព្រ័ត្រគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល មាន ២២ពិន្ទុ ខណៈដែលនៅសល់ ១ប្រកួតក្នុងដៃ។ ស្លូវេនី ស្ថិតនៅលេខ ២ មាន ១៩ពិន្ទុ ចំណែក កាហ្សាក់ស្ថាន លេខ ៣ មាន ១៨ពិន្ទុ កំពុងតែប្រជែងគ្នា ដណ្តើមតំណែងលេខ ២ ក្នុងពូល។
 
រ៉ូម៉ានី ក្រុមកំពូលតារាង និងស្វ៊ីស លេខ ២ ស្ថិតនៅក្នុងពូល  I ជាក្រុមឈ្នះកៅអី ២ ទៅកាន់អាល្លឺម៉ង់បន្ថែមទៀត។ ក្រុមអ៊ីស្រ្តាអែល, កូសូវូ និង បេឡារុស ស្ថិតក្នុងពូល I ជាមួយគ្នានេះ ខកខានឱកាសទៅវគ្គបន្ទាប់ បើទោះជាពួកគេនៅសល់ការប្រកួតប្រជែង ១ប្រកួតបន្ថែម។ 
 
ស្ថិតក្នុងពូល ​J ដ៏ខ្លាំងជាមួយនឹងក្រុមព័រទុយហ្កាល់ ដែលជាក្រុមកំពូលតារាង ក្រុមស្លូវ៉ាគី បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល ដោយមាន ២២ពិន្ទុ ឈរពីលើក្រុមលុចសំបួ ដែលនៅចំណាត់ថ្នាក់លេខ ៣៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com