កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ការអភិរក្ស និងអភិវឌ្ឍន៍ ជាបេសកកម្មរបស់ពលរដ្ឋ សម្រាប់លើកស្ទួយគុនខ្មែរ
20, Nov 2023 , 8:19 pm        
រូបភាព
លោក វ៉ាត់ ចំរើន អង្គុយចំកណ្ដាល ពាក់អាវធំព័ត៌ស្ករ
លោក វ៉ាត់ ចំរើន អង្គុយចំកណ្ដាល ពាក់អាវធំព័ត៌ស្ករ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិយាយថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានបេសកកម្ម ២ គឺការភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ។ អគ្គលេខាធិការរូបនេះ ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។



អគ្គលេខាធិការ NOCC បាននិយាយក្នុងសន្និសីទថា បេសកកម្មទី១ ជាការអភិរក្ស ដែលសំដៅលើការថែរក្សា នូវក្បាច់គុននេះ ឲ្យអន្ដរជាតិស្គាល់ និងដឹងថា ក្បាច់គុនខ្មែរនេះ គឺជាអត្ដសញ្ញាណរបស់កម្ពុជា។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ ពន្យល់បន្ថែមថា បេសកកម្មទី២ គឺជាការអភិវឌ្ឍក្បាច់គុនខ្មែរ ដើរឲ្យទាន់សម័យកាល និងដើរឲ្យទាន់ទីផ្សារពិភពលោក ដោយធ្វើយ៉ាងណា ឲ្យក្បាច់គុននេះ មានប្រជាប្រិយភាព ទាំងក្នុងតំបន់ និងនៅលើពិភពលោក។ 
 
លោក បាននិយាយដូច្នេះថា៖ «យើង ធ្វើការងារ ២ដែលសំខាន់ នៃការធ្វើសកម្មភាព ដើម្បីគុនខ្មែរ។ ទី១ យើង ធ្វើសកម្មភាព ដើម្បីអភិរក្ស។ អភិរក្ស មានន័យថា ថែរក្សា នូវអ្វី ដែលដូនតាយើង បន្សល់ទុកមក។ យើង មានគុនខ្មែរ ល្បុក្កតោ យើង មានក្បាច់គុនផ្សេងៗទៀត  ខ្មែរយើង មានច្រើន។ ប៉ុន្ដែ ឥឡូវនេះ យើងរុញគុនខ្មែររបស់យើង ឲ្យរៀបចំមានស្ថានភាពមួយ ដែលអាចអភិរក្សបាន។ បេសកកម្មទី២ គឺអភិវឌ្ឍ។ យើង អភិរក្សបានន័យថាយើងរក្សាអត្ដសញ្ញាណ និងកំណត់អត្ដសញ្ញាណថា នេះ គឺជារបស់ខ្មែរ» ។
 
«យើង អភិវឌ្ឍដើម្បី ឲ្យទាន់ទីផ្សារ ដើម្បីឲ្យតាមសម័យកាល។ អ៊ីចឹងមនុស្សសម័យនេះ គាត់ទទួលបានក្បាច់គុនមួយ ដែលមានការជឿនលឿន ភាពរឹងមាំ ក្បាច់គុន ដែលមានការអប់រំ ឲ្យវាក្លាយជាប្រព័ន្ធក្បាច់គុន ដែលមានការអប់រំ។ ក្បាច់គុន គឺជាការអប់រំ។ អប់រំចិត្ត អប់រំកាយ អប់រំចរិកលក្ខណៈរបស់យើង អប់រំសីលធម៌ ក្នុងការធ្វើសកម្មភាពក្បាច់គុនរបស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
អគ្គលេខាធិការរូបនេះ មានសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែពេញចិត្តចំពោះការផ្សព្វផ្សាយគុនខ្មែរ ទៅបរទេស ហើយការរក្សា និងផ្សព្វផ្សាយគុនខ្មែរនេះ ត្រូវមានការគាំទ្រខ្លាំងពីពលរដ្ឋកម្ពុជា។ 
 
លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ៖«គ្មានខ្មែរណាម្នាក់បដិសេធ ក្នុងការដាក់គុនខ្មែរផ្សព្វផ្សាយ ទៅបរទេសទេ។ ចង់ ធ្វើរឿងមួយឲ្យអស្ចារ្យ និងជោគជ័យបាន លុះត្រាតែយើង រួមគ្នាធ្វើ ។ ការជោគជ័យ ក្នុងគោលដៅមួយ មិនអាចយើងធ្វើម្នាក់ឯងជោគជ័យទេ។ លុះត្រាតែធ្វើទាំងអស់គ្នា បានជោគជ័យ។ ធ្វើឯកត្តបុគ្គល មិនអាចជោគជ័យបានទេ។  ប្រជាជនកម្ពុជា គឺសកម្មជន ក្នុងការអភិរក្ស និងអភិវឌ្ឍគុនខ្មែររបស់យើង។ សូមឲ្យខ្មែរគ្រប់រូបបង្ហាញភាសាបេះដូង គាំទ្រ។»។
 
ជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន មានមហិច្ឆិតា ក្នុងការដាក់គុនខ្មែរឲ្យជាកីឡាអូឡាំពិក និងផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យខ្លាំងជាងនេះទៀត។ បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ មានសមាជិកជាង ៦០ប្រទេស ។ លោករំពឹងថា កីឡាប្រដាល់គុនខ្មែរ អាចនឹងជាប់ជាកីឡាអូឡាំពិក ក្នុងឆ្នាំ២០៣២។ នេះបើយើងតាមវីឌីអូសម្ភាស ដែលអគ្គលេខាធិការរូបនេះ បានផ្ដល់ជូនសារព័ត៌មានថ្មីៗ។
 
«យើង ឃើញថាប្រទេសជាសមាជិកគុនខ្មែរ ជំរុញយើងឲ្យឈានចូលដំណាក់កាលទី២។ ដំណាក់កាលទី២ គឺយុទ្ធសាស្ដ្រ ជំរុញឲ្យគេទទួលស្គាល់កម្រិតអាស៊ី ព្រោះយើង ត្រូវបានគេទទួលស្គាល់ ជាកម្រិតក្បាច់គុន ក្នុងការប្រកួតពហុកីឡា ដែលគេហៅថាជាហ្គេម នៅក្នុងស៊ីហ្គេម ហើយ។ អ៊ីចឹង យើង ត្រូវរុញឲ្យដល់កម្រិត Asian Games ដែលមាន ៤៥ប្រទេស។ ហើយយុទ្ធសាស្ដ្រទី៣ របស់យើង គឺរុញគុនខ្មែរឲ្យដល់អូឡាំពិកហ្គេម។»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ៕

Tag:
 ប្រដាល់គុនខ្មែរ
  អុំទូក
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com