អន្តរជាតិ
នាយក​រដ្ឋមន្ត្រី​ថៃ​​សន្យាពន្លឿនសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយមានកំណើនទាបក្នុងត្រីមាសទីបី
21, Nov 2023 , 8:19 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នាថ្ងៃទី២០ ខែវិច្ឆិកា បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីកំណើនយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ក្រោយការធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី បានសន្យាចាត់វិធានការមួយចំនួន ដើម្បីពន្លឿនសេដ្ឋកិច្ចប្រទេស។

 
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១,៥ ភាគរយនៅក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញា ធៀបនឹងឆ្នាំមុន។ ទំហំនេះ គឺទាបជាងការព្យាការណ៍ទុករបស់សេដ្ឋកិច្ចវិទូនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលមានចំនួន ២,៤ភាគរយ។ 
 
«​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ចំនួននេះ...(ប៉ុន្តែ)នឹង​បន្ត​ធ្វើ​ការ​យ៉ាង​សកម្ម»។ លោកសេដ្ឋាមាន ប្រសាសន៍បែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយ​បន្ថែម​ថា លោក​បាន​រំពឹង​ទុកថា ​​នឹង​មាន​កំណើន​យ៉ាង​ហោច​ណាស់ ២ភាគរយ។
 
បើតាមទីភ្នាក់ងារផែនការរដ្ឋ ត្រីមាសទីបីនេះ ជាចំនួនដ៏ទាបបំផុត បើធៀបនឹងត្រីមាសមុន ដោយត្រីមាសមុនមានទំហំ១,៨ភាគរយ ហើយត្រីមាសដែលមានរយៈពេលពីខែមករា ដល់ខែមីនា មានទំហំ២,៦ភាគរយ។ ទីភ្នាក់ងារដដែល បានប៉ាន់ប្រមាណថា នៅឆ្នាំក្រោយសេដ្ឋកិច្ចថៃ នឹងមានកំណើនខ្លាំងជាងឆ្នាំនេះ។ 
 
យ៉ាងណាមិញ តម្រូវការពីផ្នែកឯកជនដ៏រឹងមាំ និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ អាចជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានវិញ។
 
ដោយមិនបានរៀបរាប់ពីព័ត៌មានលម្អិត លោកនាយករដ្ឋមន្រ្តី បានអះអាងថា រដ្ឋាភិបាល​កំពុង​រៀបចំ​វិធានការ​បន្ថែម​ទៀត រួម​ទាំង​កញ្ចប់​ថវិកា​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍។ ចំណែកប្រធានទីភ្នាក់ងាររៀបចំផែនការ លោក Danucha Pichayanan បានលើកឡើងថា សរុបមក សេដ្ឋកិច្ចថៃនៅបន្តរីកចម្រើន។ ប៉ុន្តែប្រសិនចង់ធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាងនេះ ពួកគេត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។
 
«នៅក្នុងត្រីមាសទី ៤ សន្ទុះនៃការនាំចេញបានចាប់ផ្តើមប្រសើរឡើង។ កត្ដានេះគួរតែធ្វើឱ្យ ផលិតកម្មឧស្សាហកម្មកាន់តែប្រសើរឡើងផងដែរ»។ លោក Danucha សង្កត់ធ្ងន់បែបនេះ។
 
ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធននៃធនាគារ Kasikornbank លោក Kobsidthi Silpachai លើកឡើងថា ទិន្នន័យ GDP ខ្សោយបានគូសបញ្ជាក់ពីតម្រូវការសម្រាប់គោលនយោបាយ សារពើពន្ធ និងរូបិយវត្ថុ ដើម្បីផ្តោតលើកំណើនជាងអតិផរណា។ ធនាគារកណ្តាលថៃ នឹង ពិនិត្យគោលនយោបាយបន្ទាប់នៅថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលនៃអត្រាការប្រាក់ដល់ចំនួន ២,៥ ភាគរយនៅក្នុងខែកញ្ញា ដែលជាចំនួនដ៏ខ្ពស់ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយ៕ 

Tag:
 ថៃ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com