ជាតិ
នាយករដ្ឋមន្ត្រីព្រមានអ្នកបើកសំឡេងក្ឌុងក្ឌាំងពេលយប់ និងអ្នកបាញ់បោះក្នុងក្រុង
21, Nov 2023 , 4:55 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីការបត់បែនទន់ភ្លន់ តែត្រូវការអនុវត្តដោយភាពម៉ឺងម៉ាត់ចំពោះអ្នកដែលចូលចិត្តបើកសំឡេងក្ឌុងៗនៅពេលយប់។ សម្រាប់អ្នកបាញ់បោះក្នុងទីក្រុង សម្តេចឱ្យស្ម័គ្រចិត្តមុនគេ បើមានករណីផ្ទុះអាវុធការពារទឹកដី។

 
«បងប្អូនមានអាជីវកម្មស្រួលហើយ តែត្រឹមម៉ោង៩ ម៉ោង១០ ចែកគេសម្រាកផង បន្ថយសំឡេងទៅ ចាំបាច់ក្ឌុងៗ ធ្វើអី?»។ នាជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០នាក់ ក្នុងខណ្ឌកំបូល ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលលើកឡើងពីករណីដកហូតធុងបាស់ពីអាជីវកម្មមួយកន្លែងក្នុងខណ្ឌទួលគោក ដែលបង្កសំឡេងរំខានដល់អ្នកជិតខាង។ 
 
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតែងតែយកចិត្តទុកបញ្ហាប្រជាពលរដ្ឋ ក្នុងនោះ មានករណីរាយការណ៍ទៅសម្តេចតាមបណ្តាញសង្គមហ្វេសប៊ុក។ ករណីដកហូតធុងបាស់ពីអាជីវកម្មមួយកន្លែងនៅទួលគោក គឺសម្តេចជាអ្នកបញ្ជាផ្ទាល់ ក្រោយអាជ្ញាធរបានឱ្យធ្វើកិច្ចសន្យាពីរដង ហើយបើនៅតែមិនស្តាប់ អាចឈានដល់ផ្អាកអាជីវកម្ម និងរហូតដល់ដកហូតអាជ្ញាបណ្ណ។ 
 
សម្តេចណែនាំដល់អ្នកដែលចូលចិត្តបង្កសំឡេងរំខានពេលយប់ ឱ្យគិតគូរដល់អ្នកជិតខាង ជាពិសេសមនុស្សចាស់ ឬអ្នកខ្លះកូនឈឺ ជាដើម។
 
បន្ថែមពីលើនេះទៀត សម្តេចនាយករដ្ឋមន្ត្រី កត់សម្គាល់ថា អ្នកចេញពី Beer Garden ច្រើនតែអ្នកកាច ដោយសម្តេចក៏បានសង្កេតឃើញញឹកញាប់ផងដែរនៅម្តុំភូមិគ្រឹះសម្តេចក្នុងខណ្ឌទួលគោក។
 
ជាមួយនឹងការរំលឹកពីករណីបណ្តេញបុគ្គល៤រូបពីក្របខណ្ឌពាក់ព័ន្ធនឹងការបាញ់បោះនៅគិរីរម្យ សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា៖ «អ្នកបាញ់ក្នុងក្រុង គួរឱ្យចុះកុងត្រា បើមានផ្ទុះអាវុធការពារទឹកដី សូមស្ម័គ្រចិត្តទៅមុនគេ»។
 
សម្តេចបានលើកឡើងថា ការដោះស្រាយបញ្ហាតែងតែមាន តែសម្តេចលើកទឹកចិត្តពលរដ្ឋឱ្យមានឆន្ទៈចូលរួម ត្រូវចេះយោគយល់គ្នា គោរពច្បាប់ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

© រក្សាសិទ្ធិដោយ thmeythmey.com