អន្តរជាតិ
ប្រមុខការទូតអូស្ត្រាលី ជំរុញឱ្យចិនគោរពសុវត្ថិភាពទាហានខ្លួន ក្រោយការប៉ះទង្គិចនាវាចម្បាំង
22, Nov 2023 , 7:19 pm        
រូបភាព
លោកស្រី Penny Wong (ឆ្វេង) ចាប់ដៃជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅក្រុងញូវដេលី។ រូបភាព X_Penny Wong
លោកស្រី Penny Wong (ឆ្វេង) ចាប់ដៃជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅក្រុងញូវដេលី។ រូបភាព X_Penny Wong
ក្រោយកើតមានឧបទ្ទវហេតុនាវាចម្បាំងជាមួយចិន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃទី២១ ខែវិច្ឆិកា បានលើកឡើងថា សុវត្ថិភាព និងសុខុមាលភាពរបស់កម្លាំងការពារជាតិ អូស្ត្រាលី ជាអាទិភាពធំបំផុតរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ហើយអូស្ត្រាលីរំពឹងថាប្រទេសទាំងអស់ នឹងធ្វើប្រតិបត្តិការយោធាប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

 
នៅសប្ដាហ៍មុន ឧបទ្ទវហេតុមួយពាក់ព័ន្ធនឹងនាវាចម្បាំងចិន និងនាវាកងទ័ពជើងទឹកអូស្ត្រាលី បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន ដោយអ្នកមុជទឹកយោធាអូស្ត្រាលីម្នាក់បានរងរបួសស្រាលដោយសាររងរលកសំឡេងពីនាវាចិន ទោះមានការជូនដំណឹងក្តី។ ភ្លាមក្រោយហេតុការណ៍នេះ រដ្ឋមន្ត្រីការពារជាតិអូស្តាលី លោក Richard Marles ​ បានរិះគន់​សកម្មភាពចិន​ថា ​គ្មាន​សុវត្ថិភាព និង​គ្មាន​វិជ្ជាជីវៈ ខណៈលោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស នៅថ្ងៃទី២០ ខែវិច្ឆិកា បានលើកឡើងថា នាវាចិនបានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់។
 
«យើងបានលើកឡើងពីកង្វល់ដ៏ធ្ងន់ធ្ងររបស់យើងជាមួយអាជ្ញាធរចិន បន្ទាប់ពីហេតុការណ៍ដែលយើង ចាត់ទុកថាជាសកម្មភាពមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈជាមួយនាវាពិឃាតកងទ័ពរំដោះប្រជាជនចិន»។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានបញ្ជាក់បែបនេះ ដោយរម្លឹកពីសម្តីរបស់ប្រមុខរដ្ឋាភិបាលខ្លួនថា សុវត្ថិភាពកម្លាំងការពារជាតិអូស្ត្រាលី ជាអាទិភាពធំបំផុត។
 
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅទីក្រុងញូដែលី លោកស្រី Wong បានសម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងនៅក្នុង EEZ ជប៉ុន និងដែនទឹកអន្តរជាតិ ហើយអូស្ត្រាលី រំពឹងថាប្រទេសទាំងអស់ នឹងធ្វើប្រតិបត្តិការយោធាប្រកបដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ។ 
 
ក្នុងអំឡុងបំពេញទស្សនកិច្ចនៅឥណ្ឌា លោកស្រី Wong និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Marles បានជួបពិភាក្សាជាមួយសមភាគីឥណ្ឌាដែលជាកិច្ចពិភាក្សា ​២+២ នៅថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការព្រួយបារម្ភទៅវិញទៅមកអំពីចិនផងដែរ។ 
 
លោកស្រី Wong បាននិយាយថា អូស្ត្រាលី និងឥណ្ឌាទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់ជាមួយចិន ហើយទទួលស្គាល់សារសំខាន់ និងតួនាទីរបស់ចិននៅក្នុងតំបន់ និងព្រមទាំង ការបន្តចូលរួមជាមួយមហាអំណាចមួយនេះ។ ប្រមុខការទូតអូស្រ្តាលី បានសង្កត់ធ្ងន់ថា ​អូស្ត្រាលី​នឹង​សហការ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន ហើយនឹង​មិន​យល់ស្រប​ ចំពោះអ្វីដែលមិនបម្រើដល់​ផលប្រយោជន៍​ជាតិ​នោះឡើយ។
 
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានច្រានចោលការចោទរបស់អូស្ត្រាលីចំពោះហេតុការណ៍ខាងលើដែលថា ចិនមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ ហើយបានជំរុញទីក្រុង កង់បេរ៉ាឱ្យគោរពការពិតនៅក្នុងឧប្បត្តិហេតុមួយដែលកើតឡើងចំពេលមានការខិតខំរបស់ ប្រទេសទាំងពីរ ដើម្បីកែលម្អទំនាក់ទំនង៕
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com