ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម៥,៤ភាគរយវិញ នៅឆ្នាំ២០២៣
23, Nov 2023 , 9:09 am        
រូបភាព
តាមរយៈការព្យាករជាលើកទី២ មុនបំណាច់ឆ្នាំនេះ ធនាគារពិភពលោក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ច នៅកម្ពុជា នឹងស្ថិតនៅក្នុងរង្វង់៥,៤ភាគរយវិញ នៅឆ្នាំ២០២៣នេះ។ ធនាគារពិភពលោក បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាបន្តិច។



របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយធនាគារពិភពលោក នៅថ្ងៃទី២២ វិច្ឆិកានេះ បានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ពី៥,៥ ភាគរយ មកត្រឹម៥,៤ ភាគរយវិញ។ តាមរយៈការព្យាករនេះ ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
 
ធនាគារពិភពលោក បានបន្ថែមថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ 
 
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានបញ្ជាក់ថា«ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ»។ 
 
លោកស្រី ម៉ារីយ៉ាម បានសង្កត់ធ្ងន់ថា ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយត្រូវតែខិតខំស្តារលំហសារពើពន្ធថែមទៀត។
 
ទោះមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី តែផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិក នៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល ពិបាកទុកចិត្តបាន ហើយបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យមវិញ វិបត្តិខាងក្រៅដែលកើតឡើងក្នុងពេលតែមួយ រួមបញ្ចូលទាំងការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមធនាគារពិភពលោក។
 
ធនាគារពិភពលោក បានបន្ថែមថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងពេលមុនផ្ទុះជំងឺរាតត្បាតនៅឡើយ។ របាយការណ៍ចុងក្រោយដដែល បានបន្ថែមថា ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥ភាគរយ ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករ ដែលត្រូវបានបញ្ឈប់ពីការងារ ។ 
 
«ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល»។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក។
 
របាយការណ៍នេះមានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះ រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ 
 
សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករទុកថា​នឹង​មាន​កំណើន៥,៤ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥,៥ភាគរយ ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ ។ តែកំណើនសេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់​ ៥,៨ភាគរយ ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១ភាគរយ​ ក្នុង​ឆ្នាំ​២០២៥ ។ កំណើនសេដ្ឋកិច្ចនេះ ត្រូវបាន​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានា រវាងកម្ពុជា​ជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។ 
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២ភាគរយ៕

Tag:
 ធនាគារពិភពលោក
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com