អន្តរជាតិ
ក្រុងព្យុងយ៉ាង ព្រមានដើរចេញពីកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េទាំងស្រុង ក្រោយក្រុងសេអ៊ូលព្យួរផ្នែកខ្លះ
23, Nov 2023 , 10:59 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយមន្រ្តីរបស់ខ្លួន ក្រោយបាញ់ផ្កាយរណបចារកិច្ច។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយមន្រ្តីរបស់ខ្លួន ក្រោយបាញ់ផ្កាយរណបចារកិច្ច។ រូបភាព KCNA
ក្រសួងការពារជាតិកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែវិច្ឆិកា បានប្រកាសថា ខ្លួននឹងដើរចេញពីកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ទាំងស្រុង ក្រោយកូរ៉េខាងត្បូងព្យួរដោយផ្នែក។ ភាពតានតឹងលើឧបទ្វីបកូរ៉េជាថ្មីនេះ កើតមានក្រោយក្រុងព្យុងយ៉ាងទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី។

 
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ឧបទ្វីបកូរ៉េបានកើនកម្តៅជាថ្មី ក្រោយជោគជ័យរបស់ក្រុងព្យុងយ៉ាង ក្នុងការបាញ់ផ្កាយរណបទៅក្នុងគន្លងរបស់ផែនដី ហើយថែមទាំងសន្យាបាញ់បង្ហោះឱ្យបានកាន់តែច្រើនថែមទៀត។ ដោយរិះគន់ពីការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ កូរ៉េខាងត្បូង បានសម្រេចព្យួរកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ មួយផ្នែក ដោយចាប់ផ្តើមឃ្លាំមើល និងឈ្លប់ការណ៍នៅតំបន់ព្រំដែនប្រទេសទាំងពីរឡើងវិញ។ 
 
ទំនងមិនពេញខ្លាំងចំពោះចំណាត់ការរបសសេអ៊ូល កូរ៉េខាងជើង នៅថ្ងៃទី២៣ ខែវិច្ឆិកា បានព្រមាន ដើរចេញពីព្រមព្រៀងយោធាដែលមានបំណងកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនទាំងស្រុងតែម្តង។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ កូរ៉េខាងជើង នឹងលែងត្រូវបានចងភ្ជាប់កាតព្វកិច្ចដោយកិច្ចព្រមព្រៀងយោធាទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។
 
«យើងនឹងដកចេញចំណាត់ការយោធា ដែលបង្ការភាពតានតឹង និងជម្លោះនៅគ្រប់ទម្រង់ទាំងអស់ទាំងលើទឹក លើគោក ផ្លូវអាកាស និងពង្រាយកម្លាំងប្រដាប់អាវុធបន្ថែម រួមទាំងសម្ភារយោធាប្រភេទថ្មីៗនៅតាមតំបន់ព្រំដែនកំណត់យោធា»។ ក្រសួងការពារជាតិកូរ៉េខាងជើង បានព្រមានបែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងសេអ៊ូល ត្រូវតែទទួលខុសត្រូវចំពោះនយោបាយដ៏គ្រោះថ្នាក់ និងការបង្កអរិភាពយោធាដែលជំរុញឱ្យឈានដល់ដំណាក់កាលមិនអាចគ្រប់គ្រងបាន។ 
 
បន្ថែមពីនេះ កូរ៉េខាងជើង បានបន្ថែមថា កូរ៉េខាងជើង នឹងចាប់ផ្តើមសកម្មភាពយោធាទាំងអស់ ដែលត្រូវបានហាមឃាត់ក្នុងកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨។ បើតាមកូរ៉េខាងជើង កូរ៉េខាងត្បូង ត្រូវតែទទួលខុសត្រូវក្នុងករណីការប៉ះទង្គិចផ្ទុះឡើងរវាងភាគីទាំងពីរ។
 
កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ត្រូវបានសម្រេចឡើង ក្រោមរដ្ឋបាលរបស់លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយសកម្មភាពយោធានៅតំបន់ព្រំដែន, បង្កើតតំបន់ទ្រនាប់នៅដែនសមុទ្រ និងជំរុញឱ្យតំបន់គ្មានយោធា ក្លាយជាតំបន់ប្រកបដោយសន្តិភាព។
 
ចំណែករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ក្នុងថ្ងៃទី២៣ ខែវិច្ឆិកាដដែល បានថ្លែងទៅកាន់សភាថា ការព្យួរដោយផ្នែកលើកិច្ចព្រមព្រៀងបន្ថយភាពតានតឹង ជាចំណាត់ការឆ្លើយតបនឹងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។ បន្ថែមពីនេះ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះ បានប្រកាសថា យោធាខ្លួននឹងចាប់ផ្តើមឃ្លាំមើលផ្លូវអាកាសនៅក្បែរតំបន់ព្រំដែនឡើងវិញ៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com