អន្តរជាតិ
អាម៉េរិករំពឹងជម្លោះអុីស្រាអែល និងហាម៉ាសនៅតែបន្ត ក្រោយបញ្ចប់បទឈប់បាញ់
23, Nov 2023 , 2:15 pm        
រូបភាព
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ រូបភាព AFP
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ រូបភាព AFP
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក John Kirby នៅថ្ងៃទី២២ ខែវិច្ឆិកា បានវាយតម្លៃថា ការប្រយុទ្ធគ្នារវាងអុីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត ក្រោយបទឈប់បាញ់ត្រូវបានបញ្ចប់។ ការរំពឹងទុកបែបនេះ ធ្វើឡើងក្រោមហេតុផលក្រុមហាម៉ាស ជាការគំរាមកំហែងដ៏ខ្លាំងចំពោះប្រជាជនអុីស្រាអែល។

កិច្ចព្រមព្រៀងបទឈប់បាញ់ កំពុងមានភាពរកាំរកូស ដោយអុីស្រាអែល និងក្រុមហាម៉ាស ខ្វែងគំនិតគ្នាលើថ្ងៃអនុវត្តបទឈប់បាញ់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ ខែវិច្ឆិកា មន្រ្តីក្រុមហាម៉ាស បានអះអាងថា បទឈប់បាញ់ នឹងចាប់ផ្តើមពីម៉ោង១០ព្រឹក ក្នុងថ្ងៃទី២៣ ខែវិច្ឆិកា។ 
 
ផ្ទុយទៅវិញ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអុីស្រាអែល លោក Tzachi Hanegbi បានប្រកាសថា បទឈប់បាញ់នឹងមិនអាចអនុវត្តបានមុនថ្ងៃទី២៤ ខែវិច្ឆិកាឡើយ ដោយសារអុីស្រាអែល មិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបានពេញលេញ។ 
 
បើទោះបទឈប់បាញ់ជាក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡេស្ទីនក្នុងការទទួលបានជំនួយកាន់តែច្រើនជាងមុន និងអាចបង្ការករណីស្លាប់ក៏ដោយ អាម៉េរិក បានព្រមានថា​ ជម្លោះរវាងអុីស្រាអែល និងក្រុមហាម៉ាស ទំនងមិនអាចបញ្ឈប់បាននោះទេ ក្រោយការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់។ 
 
«ការប្រយុទ្ធមិនបញ្ចប់ឡើយ ហើយសង្រ្គាមក៏ទាន់បញ្ឈប់ដែរ។ ការគំរាមកំហែងរបស់ក្រុមហាម៉ាស នៅតែមានភាពជាក់ស្តែង និងបង្កហានិភ័យចំពោះប្រជាជនអុីស្រាអែល»។ លោក Kirby បានវាយតម្លៃបែបនេះ នៅក្នុងសន្និសីទមួយជាមួយមេដឹកនាំសហគមន៍ជនជាតិជ្វីហ្វ ក្នុងថ្ងៃទី២២ ខែវិច្ឆិកា។ ទន្ទឹមនេះ មន្រ្តីសេតវិមាន បានប្តេជ្ញាផ្តល់អាវុធទៅអុីស្រាអែលបន្ថែម ដើម្បីអាចតាមប្រមាញ់ក្រុមហាម៉ាសបន្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel។
 
ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានការសម្របសម្រួលពីកាតា និងអាម៉េរិកនេះ អុីស្រាអែល បានឯកភាពអនុវត្តយ៉ាងហោចណាស់រយៈពេល ៤ថ្ងៃ ដើម្បីជាថ្នូរដោះដូរចំណាប់ខ្មាំង ៥០នាក់។ ទន្ទឹមនេះ អុីស្រាអែល បានដាក់លក្ខខណ្ឌបន្ថែមរៀងរាល់ ១ថ្ងៃ ប្រសិនបើចំណាប់ខ្មាំងថ្មី ១០នាក់ ត្រូវបានដោះលែង។ លើសពីនេះ រដ្ឋាភិបាលក្រុង Tel Aviv បានយល់ព្រមដោះលែងប្រជាជនប៉ាឡេស្ទីនឱ្យត្រលប់ទៅផ្ទះវិញ ដោយក្នុងនោះមានស្រ្តី និងអនីតិជន។ 
 
តាមការបញ្ជាក់របស់មន្រ្តីយោធាអុីស្រាអែល ការដោះលែងចំណាប់ខ្មាំង ចាប់ផ្តើមនៅម៉ោង ១០ព្រឹក ក្នុងថ្ងៃទី២៣ ខែវិច្ឆិកា។ ការដោះលែង ក្នុងមួយលើកៗ អាចមានចន្លោះពី១២ ទៅ១៣នាក់។ ក្នុងការវាយតម្លៃរបស់អុីស្រាអែល ក្រុមហាម៉ាស​ បានចាប់ខ្លួនស្រ្តីសរុប ៩៨នាក់ និងកុមារក្រោម ១៩ឆ្នាំ ៤០នាក់៕
 

Tag:
 អាម៉េរិក
  អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com