អន្តរជាតិ
លោកគីម ជុងអ៊ុនថាការបាញ់ផ្កាយរណបចារកិច្ចជាការអនុវត្តសិទ្ធិការពារខ្លួនសុទ្ធសាធ
24, Nov 2023 , 10:21 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង (ឆ្វេង) ជាមួយកូនស្រីរបស់ខ្លួននៅរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ (NATA) នៅថ្ងៃទី២៣ ខែវិច្ឆិកា។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង (ឆ្វេង) ជាមួយកូនស្រីរបស់ខ្លួននៅរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ (NATA) នៅថ្ងៃទី២៣ ខែវិច្ឆិកា។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៣ ខែវិច្ឆិកា បានសាទរពីភាពជោគជ័យក្នុងការបង្ហោះផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី។ បើតាមលោក គីម ការកាន់កាប់ផ្កាយរណបចារកិច្ច ជាការអនុវត្តសិទ្ធិក្នុងការការពារខ្លួនសុទ្ធសាធ។

អត្ថបទទាក់ទង
 
បន្ទាប់ពីបាញ់បង្ហោះផ្កាយរណបទទួលបានជោគជ័យទៅក្នុងគន្លងរបស់ផែនដី លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបំពេញទស្សនកិច្ចនៅរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ (NATA) នៅថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីអបអរអ្នកវិទ្យាសាស្រ្ត និងក្រុមវិស្វករកូរ៉េខាងជើងលើកិច្ចខិតខំរបស់ខ្លួន។ មេដឹកនាំដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង ក៏បាននាំកូនស្រីរបស់ខ្លួនទៅជាមួយផង។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ លោកគីម បានបង្ហាញការពេញចិត្តចំពោះការបាញ់បង្ហោះផ្កាយរណបចារកិច្ច។ ទន្ទឹមនេះ លោក គីម បានសង្កត់ធ្ងន់ថា ការកាន់កាប់ផ្កាយរណបចារកិច្ចជាសិទ្ធិក្នុងការការពារខ្លួន ហើយ បានអំពាវនាវឱ្យមន្រ្តីខ្លួនបង្កើនកិច្ចខិតខំក្នុងការសម្រេចគោលដៅរយៈពេលវែង ដើម្បីអភិវឌ្ឍសមត្ថភាពផ្កាយរណបចារកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។ 
 
កូរ៉េខាងជើង នៅថ្ងៃទី២១ ខែវិច្ឆិកា បានបាញ់ផ្កាយរណបចារកិច្ច Malligyong-1 តាមរយៈគ្រាប់រ៉ុក្កែត Chollima-1 ពីមជ្ឈមណ្ឌល Tongchang-ri នៅឆ្នេរខាងលិច នៅម៉ោងប្រមាណ ១០ និង៤២នាទីយប់ (ម៉ោងក្នុងស្រុក)។ ក្នុងភាពជោគជ័យនេះ កូរ៉េខាងជើង បានប្រើរយៈពេលប្រមាណ៧៥០វិនាទីប៉ុណ្ណោះ ក្នុងការដាក់ផ្កាយរណបទៅក្នុងគន្លងរបស់ផែនដី។
 
ទាក់ទិននឹងបញ្ហានេះ កូរ៉េខាងត្បូង បានព្យួរកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ដោយផ្នែក ដែលអនុញ្ញាតឱ្យមានការឈ្លប់យកការណ៍ និងឃ្លាំមើលនៅតំបន់ព្រំដែនឡើងវិញ។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសន្យាព្យួរកិច្ចព្រមព្រៀងនោះទាំងស្រុងតែម្តង រួមទាំងបញ្ជូនសម្ភារយោធាចុងក្រោយរបស់ខ្លួន ទៅតំបន់ព្រំដែនថែមទៀត។ 
 
បន្ថែមពីនេះ ទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែវិច្ឆិកា បានយល់ឃើញថា ភាពជោគជ័យរបស់កូរ៉េខាងជើង គឺដោយសារមានរុស្ស៊ីនៅពីក្រោយ។ 
 
ការបាញ់ផ្កាយរណបរបស់កូរ៉េខាងជើងខាងលើ ជាជោគជ័យលើកដំបូង ក្រោយបរាជ័យចំនួន ២លើករួចមកហើយ។ ជាការពិត ការអាចដាក់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងផែនដីនេះ ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាជួយកូរ៉េខាងជើង ក្នុងការកសាងផ្កាយរណប នៅអំឡុងទស្សនកិច្ចរបស់លោកគីម នៅមជ្ឈមណ្ឌលអវកាសរុស្ស៊ី Vostochny Cosmodrome ក្នុងខែកញ្ញាកន្លងទៅ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com