ជាតិ
ពន្យល់ពាក្យ
ថត, ថតចម្លង, ថតរូប, ថតកឋិន, ថតតុ, កន្លែងផ្ទុក​ឯកសារក្នុងកុំព្យូទ័រ
23, Dec 2023 , 7:30 am        
រូបភាព
«ថត» អាចមានន័យថា ដោះ​ចេញ, ផ្តិត, ចម្លង​, រក្សាទុក, ប្រអប់​ភ្ជាប់​ក្នុង​តុ ឬ ទូ, កន្លែងផ្ទុក​ឯកសារក្នុងកុំព្យូទ័រ។ សារព័ត៌មានឌីជីថលថ្មីៗ សូម​លើក​យក​ពាក្យ «ថត» មក​ពន្យល់ ដោយ​យោង​តាម​វចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
«ថត» [កិរិយាសព្ទ] ដោះចេញ, យកចេញ, ដកចេញ :  ថតកឋិន គឺវេរសំពត់កឋិនចំពោះជំនុំសង្ឃ។  
 
«ថត» [កិរិយាសព្ទ] ផ្ដិត ចម្លង រក្សាទុក។ ពាក្យនេះប្រើជាមួយការរក្សាទុកផ្សេងៗដូចជា រូប សំឡេង ទិន្នន័យ ជាដើម :  ថតសំឡេង, ថតថាសម៉ាស៊ីនច្រៀង។  
 
«ថត» [នាមសព្ទ] ប្រអប់ភ្ជាប់ក្នុងតុ ឬទូ សម្រាប់ផ្ទុករបស់របរផ្សេងៗ។ ថត [ពាក្យ​បច្ចេក​ទេស​ព័ត៌មាន​វិទ្យា] កន្លែងផ្ទុកឯកសារក្នុងកុំព្យូទ័រ។    
 
«ថតចម្លង» មានន័យថា ផ្ដិតចម្លងបោះពុម្ពជាឯកសារដោយម៉ាស៊ីនថតចម្លង :  ថតចម្លងមេរៀនមួយច្បាប់, ម៉ាស៊ីនថតចម្លង។  
 
«ថតរូប» មានន័យថា ភ្ជាប់ស្រមោលរូបឱ្យដិតនឹងកែវដោយគ្រឿងប្រដាប់ម៉្យាងផ្សេងដែលហៅថា គ្រឿងថត។  
 
«ថតសំឡេង» មានន័យ​ថា បញ្ចូលសំឡេងទៅក្នុងអង្គចងចាំនៃគ្រឿងអេឡិចត្រូនិកដើម្បីរក្សាទុកនិងប្រើប្រាស់ :  វិទ្យុជាតិបានថតសំឡេងសម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុងនាទីសម្ភាសអក្សរសាស្ត្រ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com