ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្វី​ទៅជា​មូលហេតុ​របស់​ជំងឺ​រលាក​ផ្លោក​នោម​
24, Dec 2023 , 11:00 pm        
រូបភាព
ប្រព័ន្ធ​តម្រងនោម​រួមមាន តម្រង​នោម​, បំពង់ Ureters, ផ្លោក​នោម និង​បង្ហួរនោម​។ តួនាទី​របស់​សរីរាង្គ​ទាំងនេះ​សុទ្ធតែ​ជួយ​បញ្ចេញ​កាក​សំណល់​ពី​ក្នុង​ខ្លួន​ទាំងអស់​។ តម្រង​នោម ដែល​ជា​សរីរាង្គ​ដូច​គ្រាប់សណ្តែក​មួយគូរ ព្រមទាំង​ស្ថិតនៅ​ផ្នែក​ខាងក្រោយ និង​ខាងលើ​នៃ​ពោះ មាន​នាទី​ច្រោះ​កាកសំណល់​ចេញពី​ឈាម និង​កែសម្រួល​កំហាប់​នៃ​សារធាតុ​ជាច្រើន​។ បំពង់​ដែល​មានឈ្មោះ​ថា Ureter ជា​អ្នកដឹកនាំ​ទឹកនោម​ចេញពី​តម្រងនោម​ចូលទៅក្នុង​ផ្លោក​នោម ដែល​ជា​កន្លែង​ស្តុក​ទឹកនោម និង​ត្រៀម​បញ្ចេញ​ចោល​តាម​បង្ហួរ​នោម​។​

 
​ការ​រលាក​ផ្លោក​នោម​ដោយសារ​បាក់តេរី​
​ការបង្ក​រោគ​លើ​ផ្លូវ​ទឹកមូតជា​ធម្មតា​កើត​ឡើង​នៅ​ពេល​បាក់តេរី​នៅ​ខាងក្រៅ​រាងកាយ​ជ្រៀត​ចូលទៅក្នុង​ផ្លូវ​ទឹកមូត តាមរយៈ​បង្ហួរនោម និង​ចាប់ផ្តើម​បំបែក​កូនចៅ​របស់​វា​។ ការ​រលាក​ផ្លោក​នោម​ភាគច្រើន​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា Escherichia Coli (E. coli)​។​
 
​ចំពោះ​មនុស្ស​ស្រី ការបង្ក​រោគ​ក្នុង​ផ្លោក​នោម​ដោយសារតែ​បាក់តេរី​ប្រហែលជា​កើតឡើង​ដោយសារតែ​ការ​រួមភេទ​។ ប៉ុន្តែ​ទោះបីជា​ស្ត្រី​មិន​មាន​សកម្មភាព​ផ្លូវភេទ​ក៏ដោយ ក៏​នាង​ងាយ​នឹង​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត​ខាងក្រោម​ដែរ ដោយសារ​តែ​សរីរាង្គ​ផ្លូវភេទ​របស់​ស្ត្រី​ច្រើន​តែ​អំណោយផល​ដល់​បាក់តេរី​អាច​ធ្វើអោយ​រលាក​ផ្លោក​បាន​តែ​ម្តង​។​
 
​ការបង្ក​រោគ​សំខាន់ៗ​
​ការបង្ក​រោគ​លើ​ផ្លោក​នោម​ដោយសារតែ​បាក់តេរី​សំខាន់ៗ​មាន​ពីរ​ប្រភេទ​ដូចជា​៖
  • ការបង្ក​រោគ​លើ​ផ្លោក​នោម​ក្នុង​សហគមន៍​៖ ការបង្ក​រោគ​ទាំង​នេះ​កើតឡើង​នៅពេល​អ្នកជំងឺ​មិន​នៅក្នុង​មន្ទីរពេទ្យ​តែ​បែរជា​មាន​ជំងឺ​។ ការបង្ក​រោគ​លើ​ផ្លោក​នោម​តែងតែ​កើត​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស​។​
  • ការបង្ក​រោគ​លើ​ផ្លោក​នោម​ក្នុង​មន្ទីរពេទ្យ​៖ ការបង្ក​រោគ​ទាំង​នេះ​កើតឡើង​លើ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​។ ភាគ​ច្រើន​វា​កើតឡើង​ទៅ​លើ​អ្នកជំងឺ​ង​ដែល​ត្រូវ​ការដាក់​សុង​ទឹកនោម​ជាដើម​។​
  • ​ការ​រលាក​ផ្លោក​នោម​ដែល​មិនមែន​មកពី​ការបង្ក​រោគ​
  • ​ទោះបីជា​ការបង្ក​រោគ​ដោយ​បាក់តេរី​ច្រើនតែ​ជា​មូលហេតុ​ជា​ញឹកញាប់​របស់​ជំងឺ​រលាក​ផ្លោក​នោម ក៏​នៅតែ​មាន​កត្តា​មួយចំនួន​ទៀត​ដែរ ដែល​វា​បង្កឡើង​ដោយ​មិនមែន​ការបង្ក​រោគ នោះ​ផ្លោក​នោម​ទៅ​ជា​រលាក​ទៅវិញ​។ ឧទាហរណ៍​៖
  • ការ​រលាក​ផ្លោក​នោម​ប្រភេទ Intersitital៖ មូលហេតុ​នៃ​ការ​រលាក​ផ្លោក​នោម​រ៉ាំរ៉ៃ​ប្រភេទ​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នោះទេ​។ ហើយ​ភាគច្រើន​គឺជា​មនុស្ស​ស្រី​តែម្តង​។ ករណីបែបនេះ​អាច​មាន​ការពិបាក​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​។​
  • ការ​រលាក​ផ្លោក​នោម​ដោយសារ​ប្រើ​ថ្នាំ​៖ ថ្នាំ​មួយចំនួន​ជាពិសេស​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក Cyclophosphamide និង Ifosfamide អាច​បង្ក​ការ​រលាក​លើ​ផ្លោក​នោម​របស់​អ្នក​បាន​។​
  • ការ​រលាក​ផ្លោក​នោម​ដោយសារ​ការបាញ់​កាំរស្មី​៖ ការព្យាបាល​ដោយ​ការបាញ់​កាំរស្មី​ទៅលើ​តំបន់​អាង​ត្រគៀក​អាច​បង្ក​អោយ​មាន​ការ​រ​លាក​ក្នុង​ជាលិការ​ផ្លោក​នោម​បាន​។​
  • ការ​រលាក​ផ្លោក​នោម​ដោយ​ជាតិគីមី​៖ អ្នកជំងឺ​ខ្លះ​ប្រហែលជា​មាន​ប្រតិកម្ម​ជា​មួយ​សារធាតុ​គីមី​ដែលមាន​ក្នុង​ផលិតផល​ប្រើប្រាស់​ដូចជា ពពុះ​សាប៊ូ​ងូតទឹក​, ស្ព្រាយ​បាញ់​សម្អាតអ​នាម័យ​ផ្លូវ​ភេទស្ត្រី ឬ​ចា​ហួស​សម្លាប់​មេ​ជីវិត​ឈ្មោល ហើយ​វា​ប្រហែល​ជា​ធ្វើអោយ​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយនឹង​ផ្លោ​កនោម ទើប​ចេញ​ជាការ​រលាក​ផ្លោក​នោម​ទៅ​។​
  • ការ​រលាក​ផ្លោក​នោម​ដែល​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ​ទៀត​៖ ការ​រលាក​ផ្លោក​នោម​ពេលខ្លះ​ប្រហែល​ជា​កើតឡើង​ជា​ផល​រំខាន​របស់​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺមហារីក​រោគ​ស្ត្រី​, ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក​, ជំងឺ Endometriosis, ជំងឺ​រលាក​ពោះវៀន​ប្រភេទ Crohn’s , ជំងឺ​រលាក​ពង​ថ្នក​ពោះវៀន​ធំ​, ជំងឺ Lupus ឬ​ជំងឺ​របេង​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com