ជាតិ
បាក់ឌុប
ក្រោកម៉ោង៥ភ្លឺ ទន្ទេញមេរៀន និងមានគោលដៅខ្ពស់ ទក ភីរ៉ាវីន សម្រេចបាននិទ្ទេស A លំដាប់ពិន្ទុ១០០
24, Nov 2023 , 3:16 pm        
រូបភាព
ជាសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ នៃខេត្តសៀមរាប យុវជន ទក ភីរ៉ាវីន បាននាំមុខមាត់ដល់គ្រួសារ និងសាលារៀន តាមរយៈលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A លំដាប់១០០ពិន្ទុ។ លំដាប់ពិន្ទុខ្ពស់នេះ វាមិនមែនជាការងាយស្រួលឡើយសម្រាប់ វ៉ាវីន។

 

រ៉ាវីន ខិតខំយកចិត្តទុកដាក់លើការរៀនសូត្រណាស់ ដោយរូបគេ ប្រឹងប្រែងមើលមេរៀន រហូតដល់ម៉ោង១១យប់ ឬលើសពីនេះ ជារៀងរាល់ថ្ងៃ។ ចំណែកមុនពេលទៅសាលារៀនវិញ រ៉ាវីន ក៏មានទម្លាប់ក្រោកម៉ោង៥ភ្លឺ ដើម្បីទន្ទេញមេរៀនផងដែរ។ ជាពិសេសប្រឹងប្រែងអនុវត្តធ្វើលំហាត់ និងសំណេរជាប្រចាំ ។ ក្រៅពីនេះ គំរូរបស់សិស្សច្បងជំនាន់មុន ដែលសម្រេចបាននិទ្ទេសA នោះ ក៏បានជំរុញឱ្យ រ៉ាវីន ភ្នក់គិត ហើយសំលៀងសមត្ថភាពយកនិទ្ទេសល្អនេះ ។ 
 
ការព្យាយាមគង់បានសម្រេច! រ៉ាវីន ដែលទទួលបានលទ្ធផលគាប់ចិត្ត មានបំណងចង់សិក្សាលើជំនាញពេទ្យ នាពេលខាងមុខ។
 
អ្នក ប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៣ នេះ មាន  ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩ភាគរយ ក្នុងចំណោម បេក្ខជន សរុប។ សិស្ស ដែល ទទួលបាននិទ្ទេស A មាន ១៦៧៣នាក់ និទ្ទេស B មាន ៦៩៦៤នាក់ និទ្ទេស C មាន ១៨ ៣០៨នាក់ និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន ៣៧ ២៦៩នាក់។ នេះបើតាមរយៈទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា។

Tag:
 អប់រំ
  សិស្សពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com