អន្តរជាតិ
លោកស្រីយូកូថា ចិន និងជប៉ុន គ្រោងនឹងមានកិច្ចចរចាសន្តិសុខក្នុងពេលឆាប់ៗ
26, Nov 2023 , 10:33 am        
រូបភាព
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបជាមួយសមភាគីចិន លោក វ៉ាង យី ជាលើកដំបូង នៅកូរ៉េខាងត្បូង ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា។រូបភាព Kyodo
លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបជាមួយសមភាគីចិន លោក វ៉ាង យី ជាលើកដំបូង នៅកូរ៉េខាងត្បូង ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា។រូបភាព Kyodo
ជប៉ុន និងចិនសង្ឃឹមថា នឹងមានកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខក្នុងពេលឆាប់ៗ នៅពេលអនាគត។ លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រីយូកូ កាមិកាវ៉ា បានសង្កត់ធ្ងន់បែបនេះ ក្រោយជំនួបជាមួយសមភាគីចិន លោក វ៉ាង យី នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ទន្ទឹមនេះ ប្រមុខការទូតជប៉ុន ក៏បានជំរុញចិនឱ្យលុបចោលវិធានហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនផងដែរ។

 
ពីជំនួបនៅកូរ៉េខាងត្បូងក្នុងថ្ងៃទី២៥ ខែវិច្ឆិកា លោកស្រី យូកូ កាមិកាវ៉ា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបជាមួយសមភាគីចិន លោក វ៉ាង យី ជាលើកដំបូង ចាប់តាំងពីលោកស្រីកាន់តំណែងនៅក្នុងខែកញ្ញាកន្លងមក។ 
 
ក្នុងជំនួបរយៈពេលប្រមាណ ១ម៉ោង និង៤០នាទី លោកស្រី យូកូ បានលើកឡើងថា៖ «យើងបញ្ជាក់ថា យើងកំពុងស្វះស្វែងរកទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមលើបញ្ហាជាច្រើន...ហើយយើងសង្ឃឹមថា នឹងមានកិច្ចពិភាក្សាសន្តិសុខក្នុងពេលឆាប់ៗខាងមុខ»។ ទន្ទឹមនេះ ប្រមុខការទូតជប៉ុន បានបន្តថា​ ភាគីទាំងពីរ ក៏ស្វះស្វែងរកកិច្ចពិភាក្សាជាន់ខ្ពស់ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ស្របគ្នានេះ លោកស្រី យូកូ បានជំរុញភាគីចិនឱ្យលុបចោលវិធានហាមឃាត់ការនាំចូលគ្រឿងសមុទ្រ ក្រោយជប៉ុនបានបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រផងដែរ។ 
 
ជាការឆ្លើយតប លោកវ៉ាង បានរិះគន់ពីសកម្មភាពមិនទទួលខុសត្រូវរបស់ក្រុងតូក្យូ ហើយថែមទាំងបន្តជំទាស់ជាថ្មីលើការបញ្ចេញទឹកចម្រុះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសជប៉ុនវិញ បាននិយាយការពារពីគោលការណ៍មូលដ្ឋានរបស់រដ្ឋាភិបាលក្រុងតូក្យូ ក្នុងការគោរពអធិបតេយ្យជាតិ ក៏ដូចជាអាជ្ញាធរ និងឯករាជ្យភាពរបស់ទីភ្នាក់ងារថាមពូលអាតូមិកអន្តរជាតិ (IAEA) ដែលបានដឹកនាំលើការឃ្លាំមើលបរិស្ថាននៅរោងចក្រថាមពល Fukushima។
 
បន្ថែមពីនេះ ប្រមុខការទូតប្រទេសទាំងពីរ ក៏បានពិភាក្សាពីការកែលម្អទំនាក់ទំនងទ្វេភាគី, ការរំដោះជនជាតិជប៉ុន ដែលឃុំខ្លួននៅចិន និងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងកើតផង៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com