កីឡាជាតិ
ជាតិ
រាល់ពេលអត្ថាធិប្បាយទូក លោកស្រី ប្រាក់ សម្ផស្ស នឹកឃើញអនុស្សាវរីយ៍ជាមួយព្រឹទ្ធាចារ្យ ហែម ថុន
27, Nov 2023 , 1:05 pm        
រូបភាព
លោកស្រី ប្រាក់ សម្ផស្ស រូបពី ហ្វេសប៊ុក ប្រាក់ សម្ផស្ស
លោកស្រី ប្រាក់ សម្ផស្ស រូបពី ហ្វេសប៊ុក ប្រាក់ សម្ផស្ស
 
លោកស្រី ប្រាក់ សម្ផស្ស ពិធីការិនីអត្ថាធិប្បាយទូក ដែលមានបទពិសោធន៍ ២៦ឆ្នាំហើយ ។ រាល់ពេលអត្ថាធិប្បាយបុណ្យអុំទូកម្ដងៗ លោកស្រី សម្ផស្ស តែងនឹកឃើញអនុស្សាវរីយ៍ និយាយជាគូ ជាមួយព្រឹទ្ធាចារ្យ ហែម ថុន អតីតអគ្គលេខាធិការសហព័ន្ធកីឡាខ្មែរកីឡាហែលទឹក។ ពិធីការិនីវ័យ ៦១ឆ្នាំរូបនេះ បន្ថែមទៀតថា ប្រឡូកក្នុងវិស័យជាអ្នកអត្ថាធិប្បាយទូកតាំងពី ឆ្នាំ១៩៩៧ មានរយលានអនុស្សាវរីយ៍ ចងចាំមិនភ្លេច ដែលជាកម្លាំងចិត្តឲ្យលោកស្រី ចង់អត្ថាធិប្បាយយ៉ាងខ្លាំង ក្នុងឱកាសពិធីនេះម្ដងៗ បើទោះជាពេលខ្លះ មានបញ្ហាសុខភាពបន្ដិចបន្ដួចក៏ដោយ។

លោកស្រី ប្រាក់ សម្ផស្ស ត្រូវជ្រើសរើសជាពិធីការិនីអត្ថាធិប្បាយទូក ជាមួយពិធីករ-ពិធីការិនីជំនាន់ក្រោយមួយចំនួនទៀត ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលធ្វើចាប់ពីថ្ងៃទី២៦, ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
លោកស្រី សម្ផស្ស បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា មានអនុស្សាវរីយ៍ ពីការអត្ថាធិប្បាយទូក ច្រើនរាប់មិនអស់ឡើយ។ ប៉ុន្ដែលោកព្រឹទ្ធាចារ្យ ហែម ថុន គឺជាមនុស្សតែម្នាក់ ដែលលោកស្រី នឹកឃើញមុនគេ នៅពេលចាប់មេក្រូ អត្ថាធិប្បាយប្រកួតទូកម្ដងៗ។ 

ពិធីការិនីរូបនេះ បានប្រាប់ថា នៅឆ្នាំ១៩៩៧ លោកស្រី បានចូលធ្វើការងាររដ្ឋបាល ដោយត្រូវរៀបចំឯកសារ និងវាយអង្គលីលេខ ចំពោះទូកដែលបានផ្គូផ្គង ចាប់គូរួច។ លោកស្រី មិនបានចាំឆ្នាំជាក់លាក់ ដែលបានប្ដូពីផ្នែករដ្ឋបាល មកកាន់ផ្នែកអត្ថាធិប្បាយទេ ដោយគ្រាន់តែស្មានប្រហែលឆ្នាំ២០០០។ ពិធីការិនីវ័យ ៦១ឆ្នាំរូបនេះ បន្ថែមទៀតថា ក្នុងការអត្ថាធិប្បាយទូកនេះ មានការហត់ផង សប្បាយផង ប៉ុន្ដែ លោកស្រី ប្រាក់ សម្ផស្ស មានកម្លាំងចិត្តជាខ្លាំង ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
  

លោកព្រឹទ្ធាចារ្យ ហែម ថុន រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក

«ទោះគាត់ មិនបានប្រាប់ខ្ញុំផ្ទាល់ថា ត្រូវធ្វើបែបណា ឬអត្ថាធិប្បាយបែបណា ប៉ុន្ដែ បទពិសោធន៍អត្ថាធិប្បាយរួមគ្នា និងការស្ដាប់ការអត្ថាធិប្បាយរបស់គាត់ បានផ្ដល់ឲ្យខ្ញុំរៀនតាម។ គាត់ បានទៅសិក្សាប្រវត្តិទូកតាមភូមិឃុំនីមួយៗ បានច្បាស់ហើយ គាត់មកអត្ថាធិប្បាយ។ ការអត្ថាធិប្បាយរបស់គាត់ ស៊ីជម្រៅទៅដល់មូលដ្ឋានតែម្ដង។ ពេលអត្ថាធិប្បាយម្ដងៗ ខ្ញុំ តែងនឹកដល់ព្រឹទ្ធាចារ្យ ហែម ថុន។ គាត់ ជារៀមច្បងរបស់ខ្ញុំ ខ្ញុំ តែងចង់ចាំនូវអ្វី ដែលបាននិយាយជាមួយគាត់ ជាពិសេស បទពិសោធន៍ ដែលគាត់បានទុកឲ្យពីការអត្ថាធិប្បាយទូក។ ខ្ញុំ មិនអាចបំភ្លេច និងតែងតែនឹកដល់អនុស្សាវរីយ៍ ដែលតែងតែនិយាយជាដៃគូ ក្នុងពិធីបុណ្យអុំទូក ជាមួយនិងគាត់។»។ លោកស្រី ប្រាក់ សម្ផស្ស បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យអំទូក អកអំបុក បណ្ដែតប្រទីប នៅទីក្រុងភ្នំពេញ បានខកខានអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០, ២០២១ និង២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែរដ្ឋាភិបាល បានអនុញ្ញាតឱ្យអាជ្ញាធរតាមខេត្តនីមួយៗ រៀបចំពិធីដោយខ្លួនឯង។ សម្រាប់ លោកស្រី ប្រាក់ សម្ផស្ស មិនបានខកខានអត្ថាធិប្បាយនោះទេ ព្រោះនៅតាមបណ្ដាខេត្តមួយចំនួន បានអញ្ជើញ លោកស្រី ទៅបរិយាយនៅក្នុងការប្រកួតប្រណាំងទូកតាមខេត្ត ដែលបានប្រារព្ធពិធីនេះ៕
 
  

Tag:
 ប្រាក់ សម្ផស្ស
© រក្សាសិទ្ធិដោយ thmeythmey.com