ជាតិ
បុណ្យអុំទូក
ទោះលែងជាកីឡាករព្រោះវ័យចំណាស់ តែលោក និន សារ៉ុន ដាក់បេះដូងគាំទ្រទូកយ៉ាងពេញទំហឹង
27, Nov 2023 , 2:59 pm        
រូបភាព
ឈានចូលវ័យ៦០ឆ្នាំនេះ លោក និន សារ៉ុន មិនអាចចូលរួមប្រកួតឱ្យទូកង «ថូណាជេដ្ឋាមហាសែនជ័យ» បានទៀតឡើយ ដោយសារតែកម្លាំងចុះខ្សោយជាងមុន។ ដ្បិតលែងជាកីឡាករ តែលោក សារ៉ុន នៅតែស្រលាញ់ និងគាំទ្រទូកយ៉ាងពេញទំហឹង។

នាព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ លោក និន សារ៉ុន និងគ្រួសារ រួមទាំងកូនចៅ បានមកទស្សនាការប្រកួតប្រណាំងទូក នាមុខព្រះបរមរាជវាំង។ ធ្លាប់ជាកីឡាករអុំទូក លោក សារ៉ុន ពិតជាមិនទាន់ដាច់អាល័យឡើយ។
 

«មានអារម្មណ៍ថា រំភើបណាស់ ហើយនឹកស្ដាយណាស់ មិនគួរណាខ្លួនឯងចាស់ ហើយបើនៅក្មេងដូចគេ នឹងចូលរួមអុំទូកទៀតហើយ»។ នេះជាការលើកឡើងរបស់អតីតកីឡាករអុំទូក ដែលឡើងមកពីខេត្តព្រៃវែង ដើម្បីគាំទ្រដល់ទូកង«ថូណាជេដ្ឋាមហាសែនជ័យ» តំណាងឱ្យភូមិស្រុករបស់ខ្លួន។
 
មុនឈប់ជាកីឡាករអុំទូក លោក សារ៉ុន ធ្លាប់ចូលរួមប្រកួតឱ្យខេត្តព្រៃវែង នៅទន្លេចតុមុខ ប្រមាណ១០លើកដែរ ។ នេះមិនទាន់រាប់បញ្ចូលទាំងការប្រកួតនៅក្នុង និងក្រៅខេត្តផង។ ទោះបីជាពេលនេះ លោក សារ៉ុន លែងជាកីឡាករអុំទូកក្តី តែលោក បានណែនាំឱ្យកូនចៅ ដើរតាមគន្លងខ្លួនផងដែរ។ សម្រាប់ឆ្នាំនេះ កូននិងចៅ របស់លោក សារ៉ុន ៣ទៅ៤នាក់ ជាកីឡាករអុំទូកង «ថូណាជេដ្ឋាមហាសែនជ័យ» មកពីខេត្តព្រៃវែង។
 
 

Tag:
 អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com