អន្តរជាតិ
ម៉ាឡេស៊ី អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន ឥណ្ឌា ចូល​​ប្រទេសដោយ​គ្មាន​ទិដ្ឋាការ
28, Nov 2023 , 3:19 pm        
រូបភាព
ចាប់ថ្ងៃទី១ធ្នូទៅ ប្រទេសម៉ាឡេស៊ី នឹងអនុញ្ញាត​ឱ្យ​ជនជាតិ​ចិន ឥណ្ឌា ចូល​​ប្រទេសដោយ​គ្មាន​ទិដ្ឋាការ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសបែបនេះ កាលពីថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា​ ជនជាតិចិន និងឥណ្ឌា អាចស្នាក់នៅក្នុងទឹកដីប្រទេសម៉ាឡស៊ីបានរហូតដល់៣០ថ្ងៃ ដោយគ្មានទិដ្ឋាការ។​

 
បើតាមសេចក្តីថ្លែងការណ៍ក្រសួងកិច្ចការផ្ទៃក្នុងរបស់ម៉ាឡេស៊ី ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន និឥណ្ឌានេះ គឺមានរយៈពេលរហូតដល់ដំណាច់ឆ្នាំ២០២៤។​ ចិន និង​ឥណ្ឌា គឺជា​ប្រភព​ទេសចរ​ធំ​លំដាប់ទី​៤ និង​ទី​៥​របស់​ម៉ាឡេស៊ី​។
 
ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ម៉ាឡេស៊ី ទទួលបានភ្ញៀវទេស៩,១៦ លាននាក់ ដោយក្នុងនោះ មាន
៤៩៨,៥៤០នាក់ មកពីចិន និង២៨៣,៨៨៥ នាក់ទៀត មកពី ឥណ្ឌា។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ចំនួននេះ បើធៀបនឹងរយៈពេលដូច្នេះ កាលឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ ភ្ញៀវទេសចរដែលមកពីចិន គឺមានដល់១,៥ លាននាក់  និង ពីឥណ្ឌា មាន៣៥៤,៤៨៦ នាក់។​
 
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេស​អាស៊ី​ផ្សេង​ទៀត​ បាន​និង​កំពុង​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ ​ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ ចិនកាលពីសប្តាហ៍មុនបានប្រកាសពីការចូលដោយគ្មាន ទិដ្ឋាការ ចាប់ពីខែក្រោយសម្រាប់ពលរដ្ឋម៉ាឡេស៊ី និងប្រទេសអឺរ៉ុបមួយចំនួន ខណៈប្រទេសថៃ ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ បានលើកលែងទិដ្ឋាការសម្រាប់ ជនជាតិចិន និង ឥណ្ឌាក្នុងចំណោមប្រទេស ដទៃទៀត៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com