ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីសាស្ត្រ​ក្នុង​ការដោះស្រាយ​បញ្ហា​ស្បែក​ខូចដោយសារកម្តៅថ្ងៃ
31, Mar 2024 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
សញ្ញា​នៃ​ស្បែក​ខូច​ដោយ​សារ​កម្តៅថ្ងៃ មានដូចជា ស្បែក​ជ្រីវជ្រួញ​, ស្នាម​អុជ​ពណ៌​ត្នោត​, និង​សាច់មាន​លក្ខណៈ​ជ្រាយ​។ ស្បែក​ដែល​ខូច​ដោយ​សារ​កម្តៅថ្ងៃ កើតឡើង​ដោយសារ​ស្បែក​ត្រូវ​នឹង​កាំរស្មី UV ឬ​កម្តៅថ្ងៃ​ច្រើនពេក ដែល​អាច​បង្ករ​ឱ្យមាន​ជំងឺមហារីក​ស្បែក​។ ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​អាច​ព្យាបាល​ស្បែក​ដែល​ខូច​ដោយ​សារ​ត្រូវ​កម្តៅថ្ងៃ​ច្រើនពេក​។​

 
អ្វី​ដែល​អ្នកត្រូវការ
 
– សាប៊ូ​លាង​សម្អាត​ប្រចាំថ្ងៃ​
– សាប៊ូ​ខាត់​ស្បែក​
– ឡេ​ការពារ​កម្តៅថ្ងៃ​
– ក្រែម​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង​
– វីតាមីន​ចម្រុះ​
– ឡេ​លាប​
 
វិធីសាស្ត្រ​

១. លាង​សម្អាត​ស្បែក​ជា​ប្រចាំ​ដោយ​ប្រើ​សាប៊ូ​សម្អាត​ស្រាល​ធម្មតា ហើយ​លាងជម្រះ​កោសិកា​ស្បែក​ងាប់​យ៉ាង​តិច ២ ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​ប្រើ​សាប៊ូ​ខាត់​ស្បែក​។ ការ​លាងជម្រះ​កោសិកា​ងាប់​នៅ​ស្រទាប់​ស្បែក​ខាង​ក្រៅ​ចេញ​ជាប្រចាំ ជួយ​ឱ្យ​ស្បែក​ខាងក្នុង​លូតលាស់​ដោយ​ខ្លួនឯង​។​
 
២. ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ ដែលមាន SPF យ៉ាងតិច ១៥​។ មជ្ឈមណ្ឌល​មហារីក​ស្បែក​បានឱ្យដឹងថា ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ​អាច​ជួយ​បន្ថយ​គ្រោះថ្នាក់​មហារីក​ស្បែក​។ ការប្រើឡេ​ការពារ​កម្តៅថ្ងៃ​ជួយ​បង្ការ​ស្បែក​ខូច ហើយ​ក៏​ជួយ​ព្យាបាល​ស្បែក​ដែល​ខូច​ហើយ​នោះ​ផងដែរ​។​
 
៣. រក្សា​ភាព​សំណើម​។ ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​។ ប្រើ​សារធាតុ​សំណើ​ម​លើ​ស្បែក​ខាងក្រៅ​ដើម្បី​រក្សា​ជាតិ​សំណើម​, ជួយ​ឱ្យ​កោសិកា​ស្បែក​រីក​ឡើង និង​បង្កើន​ការផលិត​នៃ collagen​។​
 
៤. ប្រើ​ក្រែម​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង លាប​លើ​ស្នាម​អុជ​ពណ៌​ត្នោត​ដែល​បង្ករ​ដោយ​កម្តៅថ្ងៃ​។ ស្វែងរក​ផលិតផល​ដែល​ផ្សំ​ពី​អាស៊ីត kojic, hydroquinone និង រ៉េ​ទី​ណុល A និង​ស្តេ​រ៉ូ​អ៊ីត ដើម្បី​ជួយ​បំបាត់​ស្នាម​អុជ​នោះ​។​
 
៥. ពិគ្រោះ​ជាមួយ​ពេទ្យ​ស្បែក​ចំពោះ​ការព្យាបាល​ដូចជា photodynamic therapy ដែល​ត្រូវ​ប្រើ​កាំរស្មី​ក្នុង​ការ​យក​បំណែក​ស្បែក​ដែល​ខូច​ដោយ​សារ​កម្តៅថ្ងៃ​ចេញ ឬ វិធីសាស្ត្រ​ព្យាបាល​ផ្សេងៗ​ទៀត​។​
 
៦. ទទួលទាន​វីតាមីន E, C និង selenium និង​ប្រើឡេ​និង​ក្រែ​មលាប ដែល​មាន​ផ្ទុក​ជាតិ​វីតាមីន​ទាំងនេះ​។ គេហទំព័រ MedScape.com បានឱ្យដឹងថា វីតាមីន​ទាំងនេះ​អាច​កាត់បន្ថយ​និង​ព្យាបាល​ស្បែក​ដែល​ខូច​ដោយ​សារ​ត្រូវ​កម្តៅថ្ងៃ​។ អ្នក​គួរ​ពិចារណា​ក្នុងការ​ទទួលទាន​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​មាន​វីតាមីន​ទាំងបី​ប្រភេទ​នេះ និង​ស្វែងរក​ក្រែម​ដែល​មាន​វីតាមីន​ទាំងនេះ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com