អន្តរជាតិ
G7 ជំរុញក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ ខណៈបទឈប់បាញ់បន្តពីរថ្ងៃបន្ថែម
29, Nov 2023 , 10:42 am        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅថ្ងៃទី២៨ ខែវិច្ឆិកា បានអំពាវនាវជាថ្មីឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់កាហ្សា។ ការអំពាវនាវបែបនេះ ធ្វើឡើងស្របពេលបទឈប់បាញ់ ត្រូវបានបន្តរយៈពេល ២ថ្ងៃបន្ថែម។

 
ក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) បានសាទរពីការដោះលែងចំណាប់ខ្មាំងមួយចំនួន រួមទាំងការផ្អាកបាញ់ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់កាហ្សា។ យ៉ាងណាក៏ដោយ ក្រុមប្រទេសរីកចម្រើនទាំង៧ នៅតែបន្តជំរុញឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់។ 
 
«យើង ជាក្រុមប្រទេស G7 ទទូចឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ និងគ្មានលក្ខខណ្ឌ»។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់បែបនេះ ដោយបន្តអំពាវនាវឱ្យមានការជួយសម្រួលជនបរទេសចាកចេញពីតំបន់កាហ្សាទាំងអស់។ ជាថ្មីម្តងទៀត ក្រុមប្រទេស G7 បានសង្កត់ធ្ងន់ពីសិទ្ធិការពារខ្លួន និងប្រជាជនរបស់អុីស្រាអែល។ 
 
មិនតែប៉ុណ្ណោះ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ បានសរសើរពីភាពដឹកនាំរបស់អាម៉េរិក និងប្រទេសក្នុងតំបន់ដូចជា កាតា និងអេហ្ស៊ីបលើកិច្ចខិតខំដ៏សស្រាក់ ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងការផ្អាកបាញ់រយៈពេលខ្លីនៅពេលអនាគត។ បើតាមក្រុមប្រទេស G7 កិច្ចព្រមព្រៀងបទឈប់បាញ់ទាំងនេះ ជាដំណាក់កាលដ៏សំខាន់ក្នុងការនាំយកចំណាប់ខ្មាំងដែលនៅសល់ ត្រលប់ទៅផ្ទះវិញ ​និងបន្តលើកឡើងពីបញ្ហាមនុស្សធម៌នៅក្នុងតំបន់កាហ្សា។ 
 
សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងស្របពេលកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានប្រកាសបន្តរយៈពេល ២ថ្ងៃទៀត មុនពេលផុតកំណត់រយៈពេល១២ម៉ោង។ តាមការបញ្ជាក់របស់ក្រុមហាម៉ាស ការបន្តកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយពេលមានការសម្របសម្រួលពីកាតា និងអេហ្ស៊ីប ដែលជាប្រទេសនៅក្នុងតំបន់។ 
 
ស្របគ្នានេះ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែវិច្ឆិកា បានសាទរពីការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយថែមទាំងចាត់ទុកជាក្តីសង្ឃឹម នៅក្នុងពេលមានជម្លោះថែមទៀត។ 
 
នៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកាដដែល ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងចំនួន ១២នាក់ ខណៈអុីស្រាអែល បានដោះលែងប្រជាជនប៉ាឡេស្ទីនចំនួន ៣០នាក់ ក្នុងថ្ងៃទី៥ នៃការអនុវត្តបទឈប់បាញ់។ កន្លងមក ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងចំនួន ៨១នាក់រួចហើយ ដោយ ៦០នាក់ជាជនជាតិអុីស្រាអែល និង២១នាក់ផ្សេងទៀតជាជនបរទេស ដោយភាគច្រើនជាប្រជាជនថៃ៕ 

Tag:
 G7
  ហាម៉ាស
  ប៉ាឡេស្ទីន
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com