អន្តរជាតិ
វៀតណាម ជាអ្នកផ្គត់ផ្គង់បង្គាធំទីពីរលើពិភពលោក
29, Nov 2023 , 11:43 am        
រូបភាព
រូបភាព ៖  AFP
រូបភាព ៖ AFP
វៀតណាមជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេទីពីររបស់ពិភពលោកដែលស្មើនឹង១៣ ទៅ១៤ភាគរយនៃតម្លៃសរុបពិភពលោក ដោយនាំចេញទៅកាន់១០០ប្រទេស។

 
បើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម អំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្គាចន្លោះពី៦៤៤ពាន់ហិចតាទៅ ៧៣៧ពាន់ហិចតា ដោយនាំចេញទៅកាន់ប្រមាណ១០០ប្រទេស។ 
 
តួលេខនេះបានធ្វើឲ្យវៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេទីពីររបស់ពិភពលោក ដែលស្មើនឹង១៣ទៅ១៤ភាគរយនៃតម្លៃសរុបពិភពលោក។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងនាំចេញបង្គាទៅកាន់ប្រទេស និងដែនដីប្រហែល ១០០នៅទូទាំងពិភពលោក។
 
បើតាមសារព័ត៌មាន VietnamPlus ទីផ្សារនាំចេញបង្គាធំជាងគេទាំង៥ របស់វៀតណាមមានដូចជា អឺរ៉ុប អាម៉េរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង។
 
ក្នុងរយៈពេល១០ខែឆ្នាំនេះ ប្រាក់ចំណូលនៃការនាំចេញបង្គារបស់វៀតណាមឈានដល់ ២,៨ពាន់លានដុល្លារ តែធ្លាក់ចុះ២៤ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។
 
គួរបញ្ជាក់ថា ប្រទេសដែលនាំចេញបង្គាច្រើនជាងគេលើពិភពលោកមាន ឥណ្ឌា អេក្វាទ័រ វៀតណាម ឥណ្ឌូណេស៊ី ថៃ ចិន និងបង់ក្លាដែស។ ប្រទេសទាំងនេះមានច្រើនជាង ៨០ភាគរយនៃការនាំចេញបង្គាពិភពលោក។ អាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប ជាអ្នកនាំចូលបង្គាធំៗពីប្រទេសទាំងនេះ៕ 

Tag:
 វៀតណាម
  បង្គា
© រក្សាសិទ្ធិដោយ thmeythmey.com