ជាតិ
រដ្ឋមន្ត្រីមុខងារសាធារណៈ និងរដ្ឋមន្ត្រី​កសិកម្ម នឹងធ្វើសន្និសីទកាសែតរួមគ្នា
29, Nov 2023 , 4:02 pm        
រូបភាព
ដោយ: រត្តញូ
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើជាអធិបតីរួមគ្នានៅក្នុងសន្និសីទកាសែតស្ដីអំពីការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មថ្នាក់ឃុំចំនួន២៥០នាក់។

 
លោកស្រី ដារ៉េត រ៉ូហ្សាលីន សមាជិកក្រុមអ្នកនាំពាក្យនៃក្រសួងមុខងារសាធារណៈបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សន្និសីទកាសែតអន្តរក្រសួងនោះ នឹងត្រូវរៀបចំធ្វើនៅថ្ងៃចន្ទទី៤ខែធ្នូ នាម៉ោង៣រសៀល នៅសាលាភូមិន្ទរដ្ឋបាល។
 
លោកស្រីបានពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«សន្និសីទសារព័ត៌មានមានគោលបំណងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការរៀបចំ និងនីតិវិធីឆ្ពោះទៅកាន់ថ្ងៃប្រឡងទៅដល់សាធារណជន និងជាពិសេសទៅដល់បេក្ខជន។»។
 
ព័ត៌មានលម្អិតនឹងត្រូវបង្ហាញជូនដោយរដ្ឋមន្ត្រីទាំងពីរនៅក្នុងសន្និសីទសារព័ត៌មាន។ នេះជាសន្និសីទសារព័ត៌មានដ៏សំខាន់នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដែលរដ្ឋមន្ត្រី២រូបនឹងរួមគ្នាឆ្លើយតបសំណួរអ្នកកាសែតលើប្រធានបទកំណែទម្រង់ជ្រើសរើសមន្ត្រី។  នេះជាគោលនយោបាយអាទិភាពមួយនៃអាណត្តិសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
 
ក្រសួងមុខងារសាធារណៈ គឺជាតួអង្គស្នូលក្នុងការរៀបចំនីតិវិធីប្រឡងថ្នាក់ជាតិជ្រើសរើសមន្ត្រីរាជការស៊ីវិលនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ។ ការប្រឡងប្រជែងនេះត្រូវប្រព្រឹត្តទៅដោយឈរលើគោលការណ៍
គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
 
នៅក្នុងក្របខណ្ឌនៃការរៀបចំយន្តការប្រឡង វត្តមានរបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយក៏ទំនងជានឹងត្រូវរៀបចំឱ្យមានផងដែរ ដូចនៅក្នុងដំណើរការសម័យប្រឡងសញ្ញាបត្រទុតិយភូមិផងដែរ។
 
កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងសហប្រតិបត្តិការនៅក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
 
ក្នុងពេលកន្លងមក រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈធ្លាប់បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តអនុវត្តកំណែទម្រង់លើការប្រឡងជ្រើសរើសមន្ត្រីរាជការនេះរួចហើយ។ លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះថា៖«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។»។ សារនេះត្រូវបានសាទរយ៉ាងខ្លាំងពីសាធារណៈជន៕

© រក្សាសិទ្ធិដោយ thmeythmey.com