សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្រីលង្កាលើកលែងថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី៧ប្រទេស
29, Nov 2023 , 2:39 pm        
រូបភាព
អ្នក​រាំ​សម្ដែង​ក្នុង​កម្មវិធី​របាំ​វប្បធម៌​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ទីក្រុង​កូឡុំបូ ស្រីលង្កា ។ រូបភាព ៖ Xinhua
អ្នក​រាំ​សម្ដែង​ក្នុង​កម្មវិធី​របាំ​វប្បធម៌​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ទីក្រុង​កូឡុំបូ ស្រីលង្កា ។ រូបភាព ៖ Xinhua
ស្រីលង្កាបានប្រកាសពីការលើកលែងថ្លៃធ្វើទិដ្ឋាការសម្រាប់រយៈពេល៣០ថ្ងៃ សម្រាប់ភ្ញៀវទេសចរមកពីចិន ឥណ្ឌា ឥណ្ឌូណេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

 
ភ្ញៀវទេសចរមកពី ចិន ឥណ្ឌា ឥណ្ឌូណេស៊ី រុស្ស៊ី ថៃ ម៉ាឡេស៊ី និងជប៉ុន អាចទៅកម្សាន្តនៅស្រីលង្ការយៈពេល៣០ថ្ងៃ ដោយទទួលការលើកលែងថ្លៃទិដ្ឋាការសម្រាប់រយៈពេលនេះ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់នាយកដ្ឋានអន្តោប្រវេសន៍ស្រីលង្កា។ 
 
ការលើកលែងថ្លៃទិដ្ឋាការនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលនេះជាកម្មវិធីសាកល្បងរបស់រដ្ឋាភិបាលស្រីលង្កាដើម្បីកសាងវិស័យទេសចរណ៍ឡើងវិញ។
 
ប្រជាជននៃបណ្តាប្រទេសខាងលើដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ កិច្ចការសាធារណៈ សេវាកម្ម និងលិខិតឆ្លងដែនធម្មតា មានសិទ្ធិទទួលបានគម្រោងនេះ។ 
 
បើតាមនាយកដ្ឋានអន្តោប្រវេសន៍ស្រីលង្កា ដើម្បីទទួលបានគម្រោងនេះ ជាដំបូងភ្ញៀវទេសចរត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើដំណើរតាមអេឡិចត្រូនិកដោយឥតគិតថ្លៃ (ETA) មុនពេលមកដល់ស្រីលង្កា។ 
 
គម្រោងនេះ​ ជាផ្នែកមួយនៃការជំរុញវិស័យទេសចរឡើងវិញដើម្បីសម្រេចគោលដៅទទួលភ្ញៀវទេសចរឲ្យបាន ៥លាននាក់នៅឆ្នាំ ២០២៦។ ស្រីលង្ការំពឹងទទួលបានភ្ញៀវទេសចរ ១,៥លាននាក់នៅឆ្នាំនេះ។ 
 
ប្រទេសដែលមានប្រជាជនចំនួន ២២លាននាក់ ល្បីល្បាញដោយសារឆ្នេរខ្សាច់ ប្រាសាទបុរាណ និងតែក្រអូប ជួបបញ្ហាក្នុងវិស័យទេសចរណ៍របស់ខ្លួនបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរធ្វើឲ្យមានកង្វះឥន្ធនៈប្រើប្រាស់ក្នុងប្រទេស៕ 

Tag:
 ស្រីលង្កា
  ទេសចរ
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com