ជាតិ
អន្តរជាតិ
ថ្លែងប្រាប់ CNBC លោក ស៊ុន ចាន់ថុល ថា កម្ពុជា មិនធ្លាក់ចូលអន្ទាក់បំណុល ដោយសារគម្រោងខ្សែក្រវាត់ និងផ្លូវឡើយ
29, Nov 2023 , 3:19 pm        
រូបភាព
លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធវីដេអូជាមួយសារព័ត៌មាន CNBC។ រូបភាព Facebook_Chanthol Sun DPM
លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធវីដេអូជាមួយសារព័ត៌មាន CNBC។ រូបភាព Facebook_Chanthol Sun DPM
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានធៀបបំណុលរបស់កម្ពុជា ជាមួយនឹងបំណុលរបស់ប្រទេសដទៃផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការនាំវិស័យឯកជន និងបណ្តាប្រទេសផ្សេងៗមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ 
 
ជាការឆ្លើយតប មន្រ្តីកម្ពុជារូបនេះ បានអះអាងថា ក្រៅពីយន្តកាកសាង-ប្រតិបត្តិការ-ផ្ទេរ (BOT) និងកម្ចីពីវិស័យឯកជន កម្ពុជាក៏ទទួលបានមូលនិធិពីដៃគូអភិវឌ្ឍផ្សេងទៀតផងដែរ ដូចជា ជប៉ុន ​កូរ៉េខាងត្បូង ចិន ថៃ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី​ជាដើម។​ លោក ស៊ុន ចាន់ថុល បានពន្យល់ថា កម្ពុជា មិនបានស្វះស្វែងរកប្រភពមូលនិធិ ត្រឹមតែចិននោះទេ ប៉ុន្តែកម្ពុជាស្វះស្វែងពីគ្រប់ទីកន្លែង។
 
បើតាមលោកស៊ុន ចាន់ថុល នៅពេលកម្ពុជាខ្ចីប្រាក់ ដោយបូករួមជាមួយនឹងការវិនិយោគលើវិស័យឯកជន​ វាមានក្តីបារម្ភជាច្រើនត្រូវបានលើកឡើងថា កម្ពុជាអាចខ្ចីប្រាក់ច្រើនពេក ហើយយល់ថា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រហែលជាអាចធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។ 
 
«ខ្ញុំយល់ឃើញផ្ទុយពីនោះ​ ព្រោះគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែជាការពិត (ខ្សែក្រវាត់ និងផ្លូវ) បានជួយផ្តល់មូលនិធិដ៏ច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង»។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ។
 
មិនតែប៉ុណ្ណោះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អត្រាបំណុលរបស់កម្ពុជា បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺមានតិចជាង ៤០ភាគរយប៉ុណ្ណោះ ខណៈប្រទេសខ្លះមានអត្រាបំណុលរហូតដល់ ១០០ភាគរយឯណោះ ហើយប្រទេសផ្សេងទៀតមានរហូតដល់ ២០០ភាគរយ។ ត្រង់ចំណុចនេះ លោក ស៊ុន ចាន់ថុល កត់សម្គាល់ថា ដោយសារកម្ពុជាមានអត្រាបំណុលស្ថិតនៅក្រោម ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប វាអាចអនុញ្ញាតឱ្យកម្ពុជា ខ្ចីបន្ថែមបាន។ 
 
ត្រង់ចំណុចនេះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនចាយលុយខ្ចះខ្ចាយលើគម្រោងណាមួយ ដែលមិនបានផ្តល់​ប្រយោជន៍សេដ្ឋកិច្ចត្រលប់មកវិញ ដែលយ៉ាងហោចណាស់មានចន្លោះពី១២ ទៅ ១៥ភាគរយនោះឡើយ។ 
 
តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា​ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលកន្លងមក  គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាបានជំពាក់ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកជាដើម៕ 

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com